បុរស​ម្នាក់ លង់ទឹក​ស្រះ​ស្លាប់ នៅពេល​ស្រវឹងស្រា ចុះ​អូស​ត្រី​

ស្វាយរៀងៈ បុរស​ម្នាក់ ស្រវឹងស្រា បាន​ចុះ​អូស​ត្រី នៅ​ស្រះ​ទឹក​ទួល​អ្នកតា បណ្ដាលឱ្យ​លង់​ស្លាប់ បង្ក​ការភ្ញាក់ផ្អើល ដល់​អ្នកភូមិ កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី រសៀល ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ស្រះ​ទឹក​ទួល​អ្នកតា ស្ថិតក្នុង​ភូមិ​អង្គ​ស្វាយ ឃុំ​ប្រសូតិ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយទាប បានឱ្យដឹងថាៈ បុរស​ខាងលើ​មានឈ្មោះ ប៉ាង រិទ្ធី អាយុ ៣៨ ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​។​

​តាម​អ្នកភូមិ បានឱ្យដឹងថា បុរស​ខាងលើនេះ មុនពេល​កើតហេតុ គឺ​បាន​ផឹកស្រា ក្នុង​សភាព ស្រវឹង ហើយ​បាន​ដើរទៅ​ស្រះ​ទឹក ទួល​អ្នកតា ដើម្បី​អូស​ត្រី តែម្នាក់ឯង​។ លុះ​ក្រោយមក ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា បុរស​ខាងលើនេះ លង់ទឹក ទើប​បង្ក​ការភ្ញាក់ផ្អើល ដល់​អ្នកភូមិ នាំគ្នា​ប្រញាប់ប្រញាល់ ទៅ​ជួយ​ស្រង់​បុរស​រូបនេះ លើក​មកលើ​គោក ជួយសង្គ្រោះ តែ​អកុសល ហួសពេល​ទៅហើយ​។​

​តាម​ការពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ រួមជាមួយ​លោក​វេជ្ជ​ប​ណិ្ឌ​ត សន សុខុម ជា​គ្រូពេទ្យ បង្អែក ស្រុក​ស្វាយទាប បាន​ពិនិត្យឃើញថា ជនរងគ្រោះ ពិតជា​លង់ទឹក​ស្រះ​ស្លាប់​ប្រាកដ មែន ដោយ​មិនមាន​ស្លាកស្នាម​អ្វី ដែល​សម្គាល់ថា ជា​រឿង​ឃាតកម្ម​នោះទេ​៕

Loading...