បើកដំណើរការលេងយ៉ាងរលូន មិនខ្វល់ពីការឆ្លងជំងឺ កូវីដ-១៩ និងមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន ទីតាំងសង្វៀនបញ្ជល់មាន់ និងអាប៉ោង ជិតវត្តតាគុជ ស្រុកស្រីសន្ធរ

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភជាខ្លាំង ខណៈមានទីតាំងសង្វៀនបញ្ជល់មាន់ និងអាប៉ោងមួយកន្លែងជិតវត្តតាគុជ ស្ថិតក្នុងភូមិបឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ បានបើកដំណើរការលេងយ៉ាងរលូនជារៀងរាល់ថ្ងៃ មិនខ្វល់ពីការឆ្លងជំងឺ កូវីដ-១៩ និងមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ។

ប្រជាពលរដ្ឋបានរាយការណ៍មកថា ទីតាំងសង្វៀនបញ្ជល់មាន់ខាងលើនេះ មានម្ចាស់ភាគហ៊ុនចំនួន៣នាក់គឺ ឈ្មោះ រ័ត្ន , ឈ្មោះ វិត និងឈ្មោះ ហុក និងបានបើកដំណើរការលេងជារៀងរាល់ថ្ងៃ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៦ល្ងាច ស៊ីសងចាញ់ឈ្នះលក្ខណៈទ្រង់ទ្រាយធំ ក្នុង១គូ ចាប់ពីដើមផាន់ (ម៉ូអ្នកជល់មាន់) ១លានរៀល ទៅ៥លានរៀល តែបើសម្រាប់គូប្រកួតប្រចាំថ្ងៃវិញ ក្នុង១គូ ៥០០ដុល្លារសហរដ្ឋអាមេរិក។

ប្រជាពលរដ្ឋបានរាយការណ៍បន្តឲ្យដឹងទៀតថា ក្រៅពីការប្រកួតកីឡាបក្សីស៊ីសងដាក់លុយ ក៏មានបង្កប់ល្បែងអាប៉ោងផងដែរ ហើយក្នុង១ថ្ងៃមេអាប៉ោងត្រូវដកតុងបង់ឲ្យម្ចាស់សង្វៀនខាងលើចំនួន ៨០០ដុល្លារសហរដ្ឋអាមេរិក។

ពាក់ព័ន្ធទីតាំងសង្វៀនបញ្ជល់មាន់ខាងលើនេះដែរ មជ្ឈដ្ឋានប្រជាពលរដ្ឋនាំគ្នាឆ្ងល់ថា ចុះហេតុអ្វីបានជាសមត្ថកិច្ចមិនបង្ក្រាបបណ្តោយឲ្យដំណើរការបើកលេងយ៉ាងរំភើយ មានមនុស្សចេញចូលច្រើនកុះករ មិនខ្លាចពីការឆ្លងជំងឺកូវីដ-១៩ អីចឹង ឬមួយទទួលសំណែន ពីម្ចាស់ ង្វៀនទេដឹង ទើបមិនហ៊ានបង្ក្រាបខ្លាចបែកឆ្នាំងបាយ ?

នាយប៉ុស្តិ៍នគរបាលឃុំឫស្សីស្រុក និងអធិការនគរបាលស្រុកស្រីសន្ធរ មិនទាន់អាចស្វែងរកសុំការអត្ថាធិបាយបាននៅឡើយទេនៅរសៀលថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១នេះ ពាក់ព័ន្ធទីតាំងសង្វៀនបញ្ជល់មាន់ខាងលើ ព្រោះមិនមានការឆ្លើយតប។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅថ្ងៃអង្គារនេះមានក្រុមអ្នកញៀនល្បែងកីឡាបក្សីបានធ្វើការប្រផ្តុំគ្នាប្រមាណជាង១០០នាក់ ប៉ុន្តែនៅរសៀលថ្ងៃដដែលនេះ ក៏ត្រូវបានកំលាំងនគរបាល នៃអធិការនគរបាលស្រុកស្រីសន្ធរ ទំនងទទួលបញ្ជាពីលោកស្នងការ បានធ្វើការឆ្មក់ចុះបង្ក្រាប ធ្វើឲ្យក្រុមអ្នកញៀនភ្នាក់កីឡាបក្សីរត់ជាន់ជើងគ្នាព្រោងព្រាតតែម្តង៕

Loading...