បើករថយន្ត​ជែង​គ្នា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បុក​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ស្លាប់​ ​

ខេត្តបន្ទាយមានជ័យ​៖​ អ្នក​ជិះ​ម៉ូតូ​ម្នាក់​បាន​ស្លាប់​មួយ​រំពេច​នៅ​កន្លែង​កើតហេតុ​ ខណៈ​ដែល​រថយន្ត​កាម​រី​១​គ្រឿង​បើក​ជែង​រថយន្ត​១​គ្រឿង​ទៀត​ទៅ​បុក​ជន​រង​គ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ​បញ្ច្រាស់ទិស​គ្នា​បង្ក​ឱ្យ​គ្រោះថ្នាក់​បែប​នេះ​។​ ហេតុការណ៍​កើតឡើង​នៅ​វេលា​ម៉ោង​ ៨​និង​៤០​ នាទី​យប់​ថ្ងៃ​ទី​ ៥​ខែកុម្ភៈ​ ឆ្នាំ​២០១៥​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុងភូមិ​អូរ​អំបិល​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោ​ ភ័​ណ​ ខេត្តបន្ទាយមានជ័យ​ ។​

​លោក​វរសេនីយ៍ត្រី​ សួន​ នី​ប៉ូ​ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​ បានឱ្យ​ដឹង​ថា​៖​ជន​រង​គ្រោះ​ ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ​រ៉េ​ន​ សម្បត្តិ​ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​គាប​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​។​ បើកបរ​ម៉ូតូ​ ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ ខ្មៅ​ ធុន​សេ​១២៥​ សេរី​ឆ្នាំ​២០១៣​ ពាក់​ស្លាក​លេខ​ ប​.​មាន​ជ័យ​ 1I.0934​ ។​ ចំណែក​រថយន្ត​បង្កហេតុ​ម៉ាក​កា​មា​រី​ឆ្លាម​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2E.0953​ ។​

​លោកនាយ​រង​ការិយាល័យ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖​តាម​សាក្សី​ឃើញ​ហេតុការណ៍​ ប្រាប់​សមត្ថកិច្ច​គឺ​មុន​ពេល​កើត​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។​លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រប​ពេល​នោះ​មាន​រថយន្ត​កា​មា​រី​ឆ្លាម​ បាន​បើក​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​។ ​នៅ​ពេល​នោះ​រថយន្ត​បង្ក​កាម​រី​ឆ្លាម​បើក​ប្រជែង​រថយន្ត​១​គ្រឿង​ទៀត​ស្រាប់តែ​ជ្រុល​ ទៅ​បុក​កិន​អ្នក​ជិះ​ម៉ូតូ​នៅ​ខាងស្តាំ​ដៃ​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​តែ​ម្តង​។​ក្រោយ​ពី​បង្កហេតុ​គេ​ឃើញ​អ្នក​បើករថយន្ត​បើកទ្វារ​រថយន្ត​រត់​គេ​ខ្លួន​បាត់​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​។​មូលហេតុ​បង្ក​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​សមត្ថកិច្ច​ ធ្វើការ​សន្និដ្ឋាន​បណ្តាល​មក​ពី​រថយន្ត​កាម​រី​ឆ្លាម​បើក​ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។​

ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ក្នុង​មាត្រា​៨៣​និង​៨៥​បាន​ចែង​ថាបើ​ជន​ណា​បើកបរ​ធ្វេសប្រហែស​ខ្ជីខ្ជា​មិន​ប្រុង​ប្រយ័ត្ន​រឺ​មិន​គោរព​កាតព្វកិច្ច​ស្តី​ពី​បទ​ប​ញ្ញាត្តិ​ចរាចរណ៍​ផ្លូវគោក​បង្ក​ឱ្យ​អ្នក​ដទៃ​ស្លាប់​និង​រង​របួស​ជា​អចិន្ត្រៃយ៍​ត្រូវ​ផ្តន្ទាទោស​ក្នុង​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​ ហើយ​ពិន័យ​ជា​ ប្រាក់​ពី​៤​លាន​រៀល​ទៅ​១៥​លាន​រៀល​។​

​លោកនាយ​រង​ការិយាល័យ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​៖​សាកសព​ជន​រង​គ្រោះ​បន្ទាប់​ពី​សមត្ថកិច្ច​វាស់វែង​តាម​ជំនាញ​រួច​មក​ បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ ប្រពៃណី​។​ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​អូស​យក​មក​រក្សា​ទុក​និង​ស្រាវជ្រាវ​ស្វែងរក​ឃាត់ខ្លួន​អ្នកបើកបរ​ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់​៕

IMG_9927
IMG_9929
IMG-20150205-WA0056

Loading...

Leave a Reply

Your email address will not be published. Required fields are marked *