បើចាប់ឡានអត់ពន្ធបាន ២០០គ្រឿង គួរតែនាំមន្ត្រីគយពុករលួយ ដែលឃុបឃិតឲ្យមានអំពើរត់ពន្ធយ៉ាងតិច ២០នាក់ ទៅផ្តន្ទាទោស

ភ្នំពេញ ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានដាស់អោយ មន្ត្រីជំនាញ គយនិងរដ្ឋាករ ងើបពីដេក ព្រោះរដ្ឋត្រូវការលុយ សម្រាប់តម្លើងប្រាក់ខែ ជូនមន្ត្រីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ ស្រាប់តែមេគយចល័ត បានចេញបញ្ជាឲ្យ កូនចៅ បើកការចាប់ឡានអត់ពន្ធ ផ្អើលរាជធានីភ្នំពេញ ព្រោះជំនាញគយចល័ត បានប្រើបច្ចេកទេស យ៉ាងទាន់សម័យ ដើម្បីតាមប្រមាញ់ ឡានអត់ពន្ធ បានដោយជោគជ័យ ប៉ុន្តែលោក គុណ ញឹម ជាអគ្គនាយកគយ និងមេគយចល័ត ហាក់ដូចជាមើលរំលង លើការរត់ពន្ធទំនិញ របស់ក្រុមឧត្តមសេនីយ៍ ដែលកំពុងបំផ្លាញ ចំណូលជាតិ យ៉ាងគឃ្លើនបំផុត។
តាមពិតទៅឡានអត់ពន្ធ បើចាប់បានមួយគ្រឿង គឺត្រូវចាប់មេគយម្នាក់ យកទៅដាក់ពិន័យ ព្រោះឡានស៊េរីទំនើបៗ មិនអាចលាក់ក្នុងស្បែកជើង របស់អ្នករត់ពន្ធបានទេ។ បើគ្មានមន្ត្រីគយ នៅតាមព្រំដែន តាមច្រកនានា បើកភ្លើងខៀវ អោយឡានទាំងនោះចូលមក ដោយមិនបង់ពន្ធ តើវាមករួចដែរទេ ? អញ្ចឹងបើគយចល័ត អាចរកឃើញ ឡានអត់បង់ពន្ធ បានដោយជោគជ័យ តាមប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ហេតុអីក៏គយ មិនអាចរកអោយឃើញថា វាចូលមកតាមច្រកណា ពេលណា និងដោយលោកគយ រូបណាជាអ្នកជួយ សម្របសម្រួលផងទៅ ?
មជ្ឈដ្ឋានជាច្រើន បានលើកជាសំណួរថា តើអង្គភាពប្រឆាំងអំពើពុករលួយ អាចរកឃើញមន្ត្រីគយ ដែលស៊ីលុយឡាន រត់ពន្ធទាំងនោះ បានដែរទេ ? តើលោករដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ នឹកមិនឃើញ ពីកំហុសរបស់មន្ត្រីគយ នៅតាមច្រកដែលឃុបឃិត ឲ្យឡានរត់ពន្ធហូរចូល ឬបែបណា ? ដើម្បីអោយច្បាប់របស់យើង អាចមានតម្លាភាព លោក អូន ព័ន្ធមុនីរ័ត្ន ត្រូវតែវែកមុខ និងចាប់មន្ត្រីគយ ដែលឃុបឃិត ស៊ីលុយឈ្មួញរត់ពន្ធឡាន ទាំងនោះ ហើយបង្ហោះព័ត៌មាន ចេញមកផង ។
មានការវាយតម្លៃថា នៅពេលដែលគយចល័ត ចាប់បានឡានអត់ពន្ធ ១០០គ្រឿង យ៉ាងហោចណាស់ ក៏ត្រូវចាប់មន្ត្រីគយពុករលួយ ដែលឃុបឃិតឲ្យហូរចូល នូវរថយន្តអត់ពន្ធ យ៉ាងតិច ២០នាក់ យកមកដាក់ពិន័យ និងផ្តន្ទាទោសតាមច្បាប់ ដើម្បីកុំឲ្យគេសើចគេយំ ក្នុងរឿងនេះ។ យ៉ាងណាក៏ដោយ គេសង្កេតឃើញថា ការហូរចូលនូវទំនិញ ប្រភេទគ្រឿងសំណង់ ភេសជ្ជៈ ថ្នាំពេទ្យ គ្រឿងអេឡិចត្រូនិក គ្រឿងចាប់ហួយ របស់ឈ្មួញធំៗ មកពីតាមច្រកព្រំដែន កំពុងបំផ្លាញចំណូលថវិកាជាតិ គួរឲ្យព្រួយបារម្ភ ដែលអគ្គនាយកគយ គួររិះរកវិធីទប់ស្កាត់ ឲ្យមានប្រសិទ្ធភាព។ ពោលគឺប្រជាពលរដ្ឋចង់ឃើញ លុយក៏បានបង់ចូលរដ្ឋ មន្ត្រីគយពុករលួយ ក៏ត្រូវបានផ្តន្ទាទោស ហើយគ្រប់ៗគ្នា នឹងបន្តឃ្លាំមើលរឿងនេះ រហូតដល់ទីបញ្ចប់៕

Img0343

Loading...

Leave a Reply

Your email address will not be published. Required fields are marked *