បើ​កឡំ​ប្រឺ​តា​បុក​បា​រ៉ា​ស់​បណ្តាល​ឲ្យ​ប្រជា​ការពារ​ម្នាក់​រងរបួស​

​ភ្នំពេញ​: បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់ពី​បើក​ឡាំប្រឺតា​បុក​បា​រ៉ា​ស់ ដែល​ដាក់​គោលដៅ​ត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​រដ្ឋបាល​លើ​អ្នក​ល្មើស​បម្រាម​គោចរ​បណ្តាល​ឲ្យ​រងរបួស​ប្រជា​ការពារ​ម្នាក់ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​វត្ត​ពោធិ៍​យា​រាម ជួរ​មាត់ទន្លេ​ត្រើយ​ខាងកើត ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ពេល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​កំពុងតែ​អនុវត្ត​បម្រាម​គោចរ​ផ្អាក​ចរាចរណ៍ និង សកម្មភាព​អាជីវកម្ម​តាម​ដងផ្លូវ បុរស​ខាងលើ បើ​កឡំ​ប្រឺ​តា​ក្នុងស្ថានភាព​ស្រវឹង​ហួស​គោលដៅ​សមត្ថកិច្ច​ម្តង​ទៅហើយ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច​បានជា​បុរស​ខាងលើ​បាន​បើ​ត្រឡប់មកវិញ ទើប​ភ្លាមនោះ​កម្លាំង​បាន​ឃាត់​ឲ្យ​ឈប់ តែ​គាត់​នៅតែ​បន្តដំណើរ​ទៅមុខទៀត ហើយ​បុក​កម្លាំង​ប្រជា​ការពារ​ម្នាក់​បណ្តាលឱ្យ​រងរបួស​ដៃ​ធ្ងន់​។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​បុរស​ខាងលើ​បាន​សារភាពថា​ខ្លួន​ទើបតែ​ចេញពី​ផឹក​ទឹកត្នោតជូរ​ជាមួយ​មិត្តភក្តិ បំណង​ចូលក្នុង​វត្ត​ពោធិ៍​យា​រាម តែដោយសារ​តែ​ខ្លួន​ស្រវឹង​ផង​នោះ​ក៏​ជ្រុល​ទៅបុក​សមត្ថកិច្ច​បែបនេះ​តែម្តង​។ ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ដើម្បី​សួរនាំ​បន្ត​៕​

Loading...