បើ​អ្នក​កំពុង​តែ​ពិបាក​ចិត្ត​​ អ្នក​គួរ​តែ​អនុវត្ត​​​វិធី​សាស្ត្រ​ទាំង​នេះ​ទៅ​

មនុស្ស​មិន​អាច​ចេះ​តែ​រីករាយ​គ្រប់​ពេល​នោះ​ទេ ប្រាកដ​ជា​មាន​ពេល​​ពិបាក​ចិត្ត​ខ្លះ​ហើយ​ តែ​អ្នក​គួរ​តែ​ចេះ​ដោះ​ស្រាយ​វា​ពេល​ដែល​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ។ ពេល​ដែល​មិន​សប្បាយ​ចិត្ត​អ្នក​អាច​ ៖​
១. ដើរ​ ៖​ ពេល​ដែល​អ្នក​មិន​សប្បាយ​ចិត្ត​អ្នក​គួរ​តែ​ចំណាយ​ពេល​ដើរ​​មួយ​ៗ​តាម​តែ​អាច​ទៅ​រួច ព្រោះ​វា​អាច​ធ្វើ​ឲ្យ​​បេះដូង​អ្នក​មាន​ចង្វាក់​ល្អ ហើយ​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​របស់​អ្នក​ទៅ​តាម​ជំហាន​ដែល​អ្នក​បោះ។

២. អង្គុយ​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​ហើយ​បិទ​ភ្នែក ៖​ ពន្លឺ​នៅ​ពេល​ព្រឹក​គឺ​ល្អ​បំផុត​សម្រាប់​អ្នក ព្រោះ​វីតាមីន​ D ដែល​ជ្រាប​ចូល​ស្បែក​របស់​អ្នក​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ថ្លា​។

៣. សរសេរ​ ៖ អ្នក​គួរ​តែ​​មាន​សៀវភៅ​មួយ​ក្បាល​ដែល​អាច​កត់​ត្រា​ពី​អារម្មណ៍​អ្នក​ សរសេរ​ពី​រឿង​ដែល​អ្នក​មិន​សប្បាយ​ចិត្ត​ចេញ​មក​ ព្រោះ​វា​អាច​សម្រាល​ការ​ឈឺចាប់​របស់​អ្នក​បាន។

៤. យំ​ទៅ​បើ​សិន​ជា​អ្នក​ចង់​ ៖ ការ​យំ​មិន​មែន​បញ្ជាក់​ថា​អ្នក​ទន់ជ្រាយ​នោះ​ទេ​ តែ​វា​អាច​បន្ធូរ​ភាព​តឹងតែង​ក្នុង​អារម្មណ៍​អ្នក​បាន​​ទៅ​តាម​ទឹក​ភ្នែក​ដែល​ហូរ។

៥. ឆ្លុះ​កញ្ចក់​ហើយ​សួរ​ខ្លួន​ឯង​ថា​កើត​អី​ ៖​ មើល​មុខ​ខ្លួន​ឯង​ហើយ​សួរ​ថា​មាន​រឿង​អី​បាន​អ្នក​ដុនដាប​ដល់​ថ្នាក់​នេះ​ ម្នាក់​នៅ​ក្នុង​កញ្ចក់​នោះ​ជា​អ្នក​មែន​ទេ?​ ហេតុអ្វី​មុខ​​អាក្រក់​យ៉ាង​នេះ?

៦. រក​មនុស្ស​ម្នាក់​ដែល​អាច​ស្ដាប់​អ្នក​​បាន​ ៖​​ គ្មាន​អ្នក​ណា​ដឹង​ពី​ការ​ឈឺចាប់​ជាង​ខ្លួន​ឯង​ទេ​ តែ​បើ​មាន​មនុស្ស​ម្នាក់​អាច​ស្ដាប់​អ្នក​ ហើយ​លើក​ទឹកចិត្ត​ និង​លួងលោម​អ្នក​នោះ វា​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ធូរស្រាល​ជាង​មុន​។

៧. ឲ្យ​តម្លៃ​លើ​ខ្លួន​ឯង​​ ៖​ អ្នក​គួរ​តែ​គិត​ថា​ជីវិត​នេះ​ខ្លី​ណាស់​ បើ​អ្នក​គិត​តែ​ពិបាក​ចិត្ត​តើ​មាន​ពេល​ឯ​ណា​រក​ឃើញ​ពី​ភាព​រីករាយ​នោះ​ អ្នក​គួរ​តែ​ចំណាយ​ពេល​ធ្វើ​អ្វី​ដែល​ល្អ​សម្រាប់​ខ្លួន​​ឯង​ទើប​ជា​ការ​ប្រសើរ។
ពេល​ដែល​អ្នក​មិន​សប្បាយ​ចិត្ត អ្នក​រឹត​តែ​មិន​គួរ​ឃុំ​ខ្លួន​ឯង​ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​​មាន​សភាព​ធ្ងន់​ធ្ងន់ធ្ងរ​ទៅ​ៗ។

Loading...