បែកធ្លាយព័ត៌មាន ឈ្មួញរកស៊ីឈើដ៏មានឥទ្ធិពលម្នាក់ ដឹកជញ្ជូនឈើពីខាងក្រៅចូលទីតាំងដីក្រុមហ៊ុន សៀ ម៉ុន បង្វែរជាឈើស្របច្បាប់

ខេត្តស្ទឹងត្រែង ៖ ថ្មីៗនេះ មានការលេចលឺថា ក្រុមហ៊ុន សៀ ម៉ុន ( SIEMON CAMBODIA AGRICULTURE COMPREHENSIV DEVELOPMENT CO., LTD) បានធ្វើសកម្មភាពផ្ទុយពីគោលការណ៍កិច្ចសន្យាជាមួយរាជរដ្ឋាភិបាល ដោយបាននឹងកំពុងដាក់កម្លាំងអារឈើនៅតំបន់ព្រៃនៅក្បែរៗក្រុមហ៊ុននោះ រួចដឹកចូលទីតាំងក្រុមហ៊ុនបង្វែរទៅជាឈើស្របច្បាប់។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មលេខ១២០ សជណ.កស ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមហ៊ុន សៀ ម៉ុន បានទទួលសិទ្ធិវិនយោគជាមួយរាជរដ្ឋាភិបាល លើទំហំដីចំនួន៣០១៩៣ហិកតា ស្ថិតនៅក្នុងឃុំស្រែសំបូរ ស្រុកសៀមប៉ាង បច្ចុប្បន្នត្រូវបានកាត់មកឲ្យ ស្រុកបុរីអូរស្វាយសែនជ័យ។ កន្លងមកនេះក្រុមហ៊ុនបានដាំដំណាំឪឡឹក និងក្រូចវល្លិ៍ ផ្ទុយពីកិច្ចសន្យា គោលការរបស់ក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាល ក្នុងការដាំឈើលើដីព្រៃឈើរិចរិល ដោយសហការដៃគូជាមួយវិស័យឯកជន។

ស្រាប់តែថ្មីៗនេះបានលេចលឺថាមានឈ្មួញដ៏មានឥទ្ធិពលម្នាក់ ដែលគេស្គាល់ថា ឈ្មោះ យីម ស្នា ជាមេការក្រុមហ៊ុន សៀ ម៉ុន បានកាប់ឈើពីខាងក្រៅ ហើយនាំចូលទៅស្តុកទុកក្នុងដីក្រុមហ៊ុន ជ្រកក្រោមស្លាកអាជ្ញាបណ្ណស្របច្បាប់ ដើម្បីដឹកចេញបន្តទៅកាន់ទីផ្សារ។

ជាក់ស្តែង ថ្មីៗនេះ គេឃើញមានរថយន្តយីឌុបធំៗ បានកំពុងដឹកឈើចេញពីក្រុមហ៊ុន សៀ ម៉ុន នេះជាច្រើនគ្រឿង ហើយឈើនៅលើរថយន្តទាំងនេះ សុទ្ធតែជាឈើដែលមានមុខកាត់ធំៗ ផ្ទុយខុសពីខ្នាតឈើដែលបានកាប់មកពីព្រៃឈើរិចរិលក្នុងដីក្រុមហ៊ុនទៅវិញ ហើយបើយោងតាមការអនុញ្ញាតិពីក្រសួងកសិកម្មឲ្យកាប់ស្តារ និងនាំឈើចេញ គឺមានខ្នាតត្រឹមតែ២៥សង់ទីម៉ែត្រ(២,៥តឹក) ចុះក្រោមប៉ុណ្ណោះ។

ជុំវិញរឿងរ៉ាវខាងលើសារព័ត៌មានមហាជននៅមិនទានបានសុំការបញ្ជាក់ពីលោកនាយកក្រុមហ៊ុន សៀ ម៉ុន និងលោក យីម ស្នាបានទេ ដោយពុំមានលេខទូរស័ព្ទទំនាក់ទំនង៕

Loading...