បែកធ្លាយលេចឮមន្ត្រីនគរបាលម្នាក់ ក្នុងខេត្តរតនគិរី លួងលោមក្មេងស្រីអាយុ១៣ឆ្នាំទៅផ្ទះសំណាក់រំលោភបានសម្រេច

ខេត្តរតនគិរី៖ ប្រភពបែកធ្លាយចេញពីមន្ត្រីស្រលាញ់យុត្តិធម៌មួយ បានឲ្យដឹងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា រឿងអាស្រូវមន្ត្រីនគរបាលមួយរូបល្បួងលួងលោមក្មេងស្រីជាអនិតិជនក្រោមអាយុ១៥ឆ្នាំ យកទៅផ្ទះសំណាក់រួមភេទបានសម្រេច តែត្រូវបានគេលាក់បិតបាំងបានយ៉ាងជិតឈឹងអស់រយៈពេលជិតមួយខែកន្លងមកហើយ។

បើតាមប្រភពបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ ម.ល អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានកំណើត កើតថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៧ នៅភូមិចងរា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី បច្ចុប្បន្នរស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានមន្ត្រីនគរបាលមួយរូបមានឈ្មោះ ទួន មេសា តួនាទីជានាយប៉ុស្តិ៍ ច្រករបៀងភូមិភិ បានលួងលោមចូលផ្ទះសំណាក់មួយកន្លែងក្នុងក្រុងបានលុង រួមភេទបានសម្រេច កាលពីវេលាម៉ោងប្រហែល១០និង០០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ។

ប្រភពដដែលបានបង្ហើបឲ្យដឹងទៀតថា ក្រោយពីកើតហេតុអាណាព្យាបាលក្មេងស្រីរងគ្រោះបានស្វះស្វែងរកជំនួយផ្នែកច្បាប់ ដើម្បីដាក់ពាក្យបណ្តឹងជនកំហូចរូបនោះ ប៉ុន្តែក្នុងរឿងនេះត្រូវបានលោកនាយប៉ុស្តិ៍ នគរបាល ភិតភ័យស្លន់ស្លោ សុំការសម្រួលជាមួយអាណាព្យាបាលក្មេងស្រីរងគ្រោះ ដោយសុំសងសំណងជាប្រាក់ដើម្បីបញ្ចប់រឿង។ ប្រភពបន្តថា ក្នុងរឿងហេតុខាងលើ ជនល្មោបកាម អាងខ្លួនជាមន្ត្រីនគរបាល ព្រមទាំងមានខ្សែធំនៅក្នុងស្នងការនគបាលខេត្តរតនគិរី ទៀតផងនោះ ការសន្យាគឺត្រូវគេមិនគោរពឲ្យសច្ចៈនោះឡើយ ទើបនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រួសារក្មេងរងគ្រោះមកដាក់ពាក្យបណ្តឹងសារជាថ្មី ទៅលើមន្ត្រីនគរបាលរូបនោះ ជាហេតុធ្វើអោយជនសង្ស័យ កាន់តែភ័យសាជាថ្មីម្តងទៀត ដោយលើកទីពីរនេះ ត្រូវបានប្រភពទម្លាយប្រាប់ឲ្យដឹងថា មានការចេញមុខជួយចរចាដោយសម្ងាត់ពីមន្ត្រីនគរបាលថ្នាក់ធំនៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី ព្រមសងសំណងជាលុយ ដោយមិនឲ្យអាណាព្យាបាលក្មេងរងគ្រោះទម្លាយរឿងចេញទៅខាងក្រៅឡើយ។

ប្រភពមួយទៀតដែលស្និទ្ធនឹងក្មេងស្រី បានបង្ហើបឲ្យដឹងថា ក្មេងស្រីរងគ្រោះទទួលបានលុយចំនួន៦លានរៀល។
ពាក់ព័ន្ធករណីរឿងនេះអ្នកសាព័ត៌មានយើង បានខលទូរស័ព្ទសុំការបំភ្លឺ ពីលោក ទួន មេសា ដោយលោកបញ្ជាក់យ៉ាងខ្លីថា នេះជារឿងចោទប្រកាន់ទេ ពីព្រោះគេស្រលាញ់លោក ហើយលោកមិនព្រមស្រលាញ់ ទើបគេប្ដឹងចោទប្រកាន់លោកតែម្ដងទៅ។

ចំណែកលោក ស្រី ឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលផែនជួញដូរ ការពារអនិត្តិជន និងយិនឌ័រ បានបញ្ជាក់ថា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងដែរ តែដាក់បានប៉ុន្មានម៉ោងអាណាព្យាបាលក៏ដកពាក្យប្តឹងទៅវិញ ហើយមិនពាក់ព័ន្ធនឹងការរំលោភអីនោះទេ ដោយគាត់ខឹងក៏ធ្វើអញ្ចឹងទៅដោយខាងម្តាយគេមកដកវិញ។

ដោយឡែកលោក ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ករណីនេះមានពិតមែន តែខាងជំនាញកំពង់អនុវត្តតាមនិតិវិធី។

ជុំវិញករណីនេះ លោកនាយប៉ុស្តិ៍នគរបាលប្រចាំច្រករបៀងភូមិភិ លួងលោមក្មេងស្រីអាយុ១៣ឆ្នាំ រួមភេទបានសម្រេចខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើងនឹងខិតខំស្រាវជ្រាវ បំភ្លឺបន្ថែមទៀតឲ្យកាន់តែច្បាស់នៅលេខក្រោយទៀត៕

Loading...