បែកធ្លាយ៖ ក្រុមមេបន និង អ្នកកាងបនល្បែងក្នុងរាជធានីភ្នំពេញ ២ នាក់ កំពុងជ្រួលជ្រើមរត់ការទប់ជើងគ្រែឲ្យមេៗបនល្បែងកន្ទុយលេខជាច្រើនក្នុងរាជធានី ដើម្បីបានលេងតាមសម្រួលជាថ្នូរនឹងលុយរាប់ម៉ឺនដុល្លារ

ភ្នំពេញ : ខណៈដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មានវិធានការបង្ក្រាបបនល្បែងស៊ីសងគ្រប់ប្រភេទឲ្យខាងតែបាន ហើយក្នុងនោះគ្រោងបង្កើតឲ្យមាននាយកដ្ឋានបង្ការបង្រ្កាបល្បែងស៊ីសងទៀតផង។ ប៉ុន្តែ ស្រាប់តែថ្មីៗនេះ ក្រុមមេបន និង អ្នកកាងបនល្បែងក្នុងរាជធានីភ្នំពេញ ២ នាក់ កំពុងជ្រួលជ្រើមរត់ការទប់ជើងគ្រែឲ្យមេៗបនល្បែងកន្ទុយលេខជាច្រើនក្នុងរាជធានី ដើម្បីបានលេងតាមសម្រួលជាថ្នូរនឹងលុយរាប់ម៉ឺនដុល្លារ ដោយពួកគេអះអាងថា គេយកលុយនេះទៅរត់ការជាមួយសមត្ថកិច្ចថ្នាក់លើ ជាពិសេសសមត្ថកិច្ចរាជធានីភ្នំពេញតែម្តង ព្រោះក្រុមខ្លួនជាមនុស្សស្និទ្ធនឹងថ្នាក់លើទាំងនោះ ។

ប្រភពព័ត៌មានសម្ងាត់មួយបានឲ្យដឹងថា មេបនល្បែងកន្ទុយលេខទាំងនោះ អ្នកខ្លះក្លាយជាឧកញ៉ាដោយសារតែបើកទីតាំងកត់កន្ទុយលេខពេញរាជធានីភ្នំពេញ ហើយឥឡូវនេះមេកាងប៉ាវល្បែងស៊ីសង២ នាក់ទៀត គឺឈ្មោះ ខឹល ហៅ ផេង និង កូនជឹងជំនិតម្នាក់ទៀតឈ្មោះ គីម ហ័ង កំពុងយកខ្លួនពាំងដោយអះអាងថា ពួកខ្លួនជាអ្នករត់ការជាមួយថ្នាក់លើ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ប៉ុន្មានថ្ងៃមុននេះឈ្មោះ គីម ហ័ង ជាអ្នក កាង និង រត់ការជាមួយថ្នាក់លើបានរាយការណ៍ប្រាប់មេល្បែងកន្ទុយលេខធំៗនៅភ្នំពេញថា ខ្លួនគេធានារត់ការជាមួយសមត្ថកិច្ចដោយនិយាយថា «ឲ្យតែមានលុយខ្ញុំ ធានាឲ្យទាំងអស់អង្គុយចាំតែកត់ទៅប៊ិច និង ក្រដាសខ្ញុំជាអ្នកចេញ។ ចំពោះអ្នកកាសែត ៥ពាន់ ១ ម៉ឺនរៀលយើងចេញឲ្យគេទៅ។ ដោយឡែកសមត្ថកិច្ចក្រុងខ្លួនគេ (គីម ហ័ង) ជាអ្នកធានាទាំងអស់ កុំភ័យ!» ។

នេះជាល្បិចរកស៊ីរបស់អ្នកប៉ាវល្បែងស៊ីសងទាំង ២ នាក់នេះបន្ទាប់ពីពួកគេចាត់ទុកថា ខ្លួនគេជាអ្នកប៉ាវបនល្បែងចំណាត់ថ្នាក់កំពូល និង ជាប្អូនធម៌មេៗសមត្ថកិច្ច និង ជាកូនធម៌មេៗអាជ្ញាធរនៅក្នុងរាជធានីមួយចំនួនដើម្បីកើបលុយពីល្បែងស៊ីសង ជាពិសេសល្បែងកន្ទុយលេខក្នុងមួយខែៗរាប់សឹបម៉ឺនដុល្លារនោះ ។

ពេលបានដឹងពីចំណាត់ការរបស់មេកាងល្បែងយ៉ាងនេះ ទើបគេចាត់ទុកថាបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង អាចនឹងគ្មានប្រសិទ្ធភាព ប្រសិនបើអាជ្ញាធរ និង សមត្ថកិច្ចថ្នាក់មូលដ្ឋានទាំងនោះកំពុងប្រឹងប្រមូលប្រយោជន៍ពីមេប៉ាវបនល្បែងទាំងនេះ និង អាចបង្កើតឲ្យមានបទល្មើសនៅក្នុងមូលដ្ឋានដូចជាករណីឆក់ ប្លន់ បាញ់សម្លាប់ អំពើហិង្សា លួច កាប់សម្លាប់ដោយសារសកម្មភាពបទល្មើសទាំងនេះ ផ្តើមចេញពីប្រភពនៃបនល្បែងស៊ីសង ក៏ដូចជាប៉ះពាល់ដល់គោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាពនិង បទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ដែលទើបនឹងដាក់ចេញថ្មីៗនេះ ៕

fes

Loading...