បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃត្រូវប៉ូលិសចាប់ខ្លួន

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីមានពាក្យបណ្តឹងដែលថា បានធ្វើសកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយមិនដឹងមូលហេតុ ។

ប្រភពបានឲ្យដឹងថា ករណីហិង្សាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ (វាយរថយន្ត) របស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គេី (ចំការអំពៅ) កើតឡើងកាលពីថ្ងៃទី៧ ខែកុម្ភ ឆ្នាំ២០១៧ ស្ថិតនៅភូមិពោះវែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យខូចបែកស្តុបរថយន្តដឹកអំពៅ៤គ្រឿង គឺរថយន្តពាក់ ស្លាកលខ 3A.1178 របស់ឈ្មោះរៀម ម៉ៅ, រថយន្តស្លាកលេខ 3B. 5183 របស់ឈ្មោះ ម៉ែន ឃៀង, រថយន្តស្លាកលេខ 3A.1505 របស់ឈ្មោះហេង សេង ហួ និងរថយន្ត ស្លាកលេខ3A.3895 របស់ឈ្មោះឃុន ខេន ។

បើតាមប្រភពដដែលបន្តថា ករណីហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនេះបង្កឡេីងដោយជន សង្ស័យមានគ្នា៤នាក់ ប្រេីមធ្យោបាយម៉ូតូ២គ្រឿង ។ ក្រោយបង្កហេតុ គឺនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង13និង40នាទី ម្ចាស់គ្រប់គ្រងក្រុមហ៊ុនឈ្មោះ ចាន់ បារាំង ភេទប្រុស អាយុ36ឆ្នាំ បានប្តឹងមកសមត្ថកិច្ចអាជ្ញាធរឲ្យជួយអន្តរាគមន៍ ។

ក្រោយពីទទួលបានបណ្តឹងរួចមក សមត្ថកិច្ចបានចុះអនុវត្តន៍ឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងដកហូតម៉ូតូ១គ្រឿងផងដែរ ។ ជនសង្ស័យឈ្មោះ អ៊ុក ឆាន ភេទប្រុស អាយុ22ឆ្នាំ នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ និងឈ្មោះ អ៊ុន ខា ភេទប្រុស អាយុ26ឆ្នាំ នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យត្រូវឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី រីឯជនសង្ស័យ២នាក់ទៀតដែលរត់គេចខ្លួនបាត់ ត្រូវបានស្គាល់ឈ្មោះ ពី ឈិញ ភេទប្រុស អាយុ 26ឆ្នាំ នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី និងឈ្មោះ រឿន ភេទប្រុស អាយុ18ឆ្នាំ នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សមត្ថកិច្ចនឹងបន្តស្វែងរកចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕ មណ្ឌលច្បារមន

Loading...