ប៉ូលិសកូរ៉េខាងត្បូងចាប់ខ្លួនអ្នករត់ចោលជួរ ដែលព្យាយាមឆ្លងទៅកូរ៉េខាងជើងវិញ

សេអ៊ូល៖ ប៉ូលិសកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃអាទិត្យ (២០ កញ្ញា) ថា ពួកគេបានចាប់ខ្លួនអ្នករត់ចោលជួរម្នាក់ ដែលបានព្យាយាមរត់វិលត្រឡប់ទៅកាន់កូរ៉េខាងជើងវិញ ក្រោយពីការរត់ចោលជួរស្រដៀងគ្នានេះបានជោគជ័យកាលពីខែកក្កដា ហើយបង្កើតឲ្យមានភាពតានតឹងនៅលើឧបទ្វីបកូរ៉េនោះ។

អ្នករត់ចោលជួរដែលបានភៀសខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៨ នេះត្រូវគេសង្ស័យថាបានលួចចូលកន្លែងហ្វឹកហាត់យោធាមួយនៅទីក្រុង ឆ័រវ៉ុន (Cheorwon) ជាប់ព្រំដែនកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើដំណើរត្រឡប់ទៅកូរ៉េខាងជើងវិញ ។

ស្ត្រីជាប៉ូលិសម្នាក់ថ្លែងតាមទូរស័ព្ទជាមួយភ្នាក់ងាររ៉យទ័រ​ផ្សាយថា“បុរសនេះស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលិស ។ យើងកំពុងស្វែងរកព័ត៌មានលំអិត ដូចជាមូលហេតុដែលគាត់បានព្យាយាមឆ្លងកាត់ព្រំដែន” ។ ប្រភពបានថ្លែងថា នាងមិនអាចបញ្ជាក់ពីកាលបរិច្ឆេទនៃការចាប់ខ្លួននោះទេ។

កាលខែកក្កដា កន្លងមកថ្មីៗនេះ អ្នករត់ចោលជួរម្នាក់អាយុ ២៤ ឆ្នាំបានរត់ពីកូរ៉េខាងត្បូង ត្រឡប់ទៅកូរ៉េខាងជើងវិញ តាមផ្លូវដែលគាត់ធ្លាប់បានរត់ចេញពីកូរ៉េខាងជើងកាលពីឆ្នាំ ២០១៧ ដោយឆ្លងកាត់តាមប្រឡាយបង្ហូរទឹក និងហែលទឹកឆ្លងកាត់ទន្លេ ហាន (Han) ឆ្ពោះទៅខាងជើង។

នៅពេលដែលអ្នករត់ចោលជួរអាយុ ២៤ ឆ្នាំបានរត់ត្រឡប់ទៅប្រទេសកូរ៉េខាងជើងវិញដោយខុសច្បាប់កាលពីខែកក្កដានោះ “ការរត់គេចខ្លួន”នេះ បានជំរុញរដ្ឋាភិបាលកូរ៉េខាងត្បូងឱ្យបើកការស៊ើបអង្កេតទៅលើអង្គភាពយោធាដែលទទួលខុសត្រូវចំពោះការឆ្លងកាត់នេះ ៕ ថាច់ យ៉ាត

 

Loading...