ប៉ូលិសថៃចាប់ឃុំខ្លួនភ្ញៀវទេសចរ២៥នាក់ បន្ទាប់ពីឆ្មក់បង្ក្រាបពិធីជប់លៀងអាសអាភាស

កាសែតបាងកកប៉ុស្តិ៍បានផ្សាយថា មនុស្ស២៥ នាក់ត្រូវបានឃុំខ្លួន បន្ទាប់ពីពិធីជប់លៀងមួយដែលរៀបចំនៅក្នុងសណ្ឋាគារមួយក្នុងក្រុងប៉ាតាយ៉ា ដែលត្រូវបានប៉ូលិសឆ្មក់ចូលបង្ក្រាបកាលពីយប់ថ្ងៃសៅរ៍ (២១ មេសា ) ។

កាសែតដដែលបានរាយការណ៍ថា ភ្ញៀវទេសចរណ៍ជាបុរស១១នាក់ និងស្ត្រី១៤ នាក់ត្រូវបានប៉ូលិសឃុំខ្លួន បន្ទាប់ពីការឆ្មក់បង្ក្រាបទៅលើសណ្ឋាគារ Ban Tulip ស្ថិតនៅភាគខាងត្បូង ខេត្តប៉ាតាយ៉ា ។ អ្នកទេសចរណ៍ដែលត្រូវចាប់ឃុំខ្លួនទាំងនោះរួមមានជនជាតិចិន, សិង្ហបុរី, អាមេរិក, កាណាដា, ចិន, ម៉ាឡេស៊ី, អាល្លឺម៉ង់, ថៃ, កម្ពុជា, ឥណ្ឌា និងអ៊ុយក្រែន ។

ម្ចាស់សណ្ឋាគារគឺ លោក Yang Xeng Chai ក៏ត្រូវប៉ូលិសចាប់ខ្លួនផងដែរពីបទរំលោភច្បាប់សណ្ឋាគារ និងការសម្របសម្រួលសកម្មភាពផ្លូវភេទដោយខុសច្បាប់នៅក្នុងសណ្ឋាគារមួយនេះ ។

យោងតាម ​​News.com.au បានផ្សាយថា ពេស្យាចារគឺជាអំពើខុសច្បាប់នៅក្នុងប្រទេសថៃ ហើយក៏ជាការខុសច្បាប់ផងដែរដែលរៀបចំឲ្យមានកន្លែងពេស្យាចារនោះ ។

ពិធីជប់លៀងរបស់ក្រុមភ្ញៀវទេសចរណ៍ទាំងនេះត្រូវបានគេប្រារព្ធឡើងនៅក្នុងបន្ទប់មួយនៅជាន់ផ្ទាល់ដីនៃសណ្ឋាគារ ។

ការឆ្មក់របស់ប៉ូលិសបានកើតឡើងបន្ទាប់ពីអ្នកស្រុកបានត្អូញត្អែរថា សណ្ឋាគារមួយនេះជាញឹកញាប់រៀបចំពិធីជប់លៀង ដែលអ្នកចូលរួមពិធីជប់លៀងនោះអាចធ្វើជាដៃគូររួមភេទគ្នា ។

ប្រធានការិយាល័យនគរបាល លោក Naris Niramaiwong បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា អ្នកដែលប្រាថ្នាចង់ចូលរួមពិធីបែបនេះត្រូវតែចុះហត្ថលេខាតាមគេហទំព័រ និងបង់ថ្លៃចូលរួមចំនួន ១៥០០ បាត (ស្មើរ៤៨ដុល្លារ) ក្នុងមួយនាក់ ៕ សុមេធ

Loading...