ប៉ូលិសប្រឆាំងគ្រឿងញៀន ចាប់ជនជាតិចិន៤នាក់ដកហូតថ្នាំញៀន និងសារធាតុផ្សំជាង១០០គីឡូក្រាម​ ចាប់ឃាត់ខ្លួន​ជនជាតិចិន៤នាក់

ភ្នំពេញ៖ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ឃាត់ខ្លួនជនជាតិចិន៤នាក់ ក្នុងប្រតិបត្តិបង្ក្រាបករណីរក្សាទុក ជួញដូរ និងចែកចាយគ្រឿងញៀនទ្រង់ទ្រាយធំ ដោយរឹបអូសថ្នាំញៀន និងសារធាតុញៀនជាង១០៩គីឡូក្រាម កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ដោយកម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅបង្រ្កាបករណីគ្រឿងញៀន ២គោលដៅផ្សេងគ្នា។

គោលដៅទី១៖ នៅចំណុចក្បែស្ថានទូតអូស្រ្តាលី ផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ និងគោលដៅទី២៖ នៅចំណុច អាផាតធឺម៉ិន សុភា ផ្ទះលេខ១៥ ផ្លូវ ៣៥២ ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

ជាលទ្ធផលនៃការប្រតិបត្តិការនេះរួមមាន៖ ឃាត់ខ្លួនជនសង្ស័យ៤នាក់៖១៖ ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់)។
២៖ ឈ្មោះ HE YI RI ភេទប្រុស កើតថ្ងៃទី 16.06.1964 ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G45794394 ។ ៣៖ ឈ្មោះ ZHANG JUN ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន។ ៤៖ ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ ចិន។

វត្ថុតាងដែលចាប់យករួមមាន៖
១៖ សារធាតុញៀនសរុបទម្ងន់ជាង៧គីឡូក្រាម គឺ៖
– កេតាមីន(Ketamine) ជាង៥គីឡូក្រាម
– ម៉េតំហ្វេតាមីន(ICE) ជាង២គីឡូក្រាម
– ហេរ៉ូអ៊ីន(Heroin) ០.៣១ក្រាម
– អ៊ិចស្តាស៊ី(MDMA) ២៥.៧៥ក្រាម

២៖ សារធាតុគីមីផ្សំ សរុបទម្ងន់ជាង១០៩គីឡូក្រាម គឺ៖
– សារធាតុគីមីផ្សំ ៤ ប្រភេទ (ស្ថិតក្នុងតារាង៤) ជាង១៦ គីឡូក្រាម
– សារធាតុគីមីផ្សំ ៩ ប្រភេទ (គ្មានក្នុងតារាង) ជាង៩៣ គីឡូក្រាម៕

Loading...