ប៉ូលិសហុងកុងប៉ះទង្គិចជាមួយក្រុមបាតុករប្រឆាំងចិន

ប៉ូលិសហុងកុងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុកររាប់ពាន់នាក់ដែលកំពុងធ្វើបាតុកម្មតាមវិថីនានាក្នុងក្រុងហុងកុងកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅពេលដែលក្រុមបាតុករព្យាយាមឡោមព័ទ្ធការិយាល័យតំណាងរបស់ចិន ដើម្បីជាការប្រឆាំងចំពោះក្រុងប៉េកាំងប៉ុនប៉ងបញ្ឈប់សកម្មភាពទាមទារឯករាជ្យរបស់ពលរដ្ឋហុងកុងនោះ ។

តាមដងផ្លូវនានាពោរពេញដោយយុវជនវ័យក្មេង ភាគច្រើនស្លៀកពាក់ពណ៌ខ្មៅដើម្បីជាការរំលឹកដល់បាតុកម្មរបស់ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យពេញរយៈពេល១សប្តាហ៍ក្នុងឆ្នាំ២០១៤ ។

បាតុកម្មនេះកើតឡើងនៅមុនមួយថ្ងៃ គឺថ្ងៃទី៧ ខែវិច្ឆិកា ដែលតុលាការបើកសវនាការជំនុំជម្រះសេចក្តី ហើយដែលគេដឹងច្បាស់រួចហើយថា នឹងរារាំងតំណាងរាស្ត្រហុងកុង២រូប មិនឲ្យចូលកាន់កៅអីសភានោះឡើយ ។

តំណាងរាស្ត្រហុងកុង២រូប ឈ្មោះ Yau Wai-ching និង Baggio Leung បានបង្ហាញពីភក្តីភាពចំពោះ«ប្រទេសហុងកុង» និងបានបង្ហាញបដាសរសេរថា «ហុងកុងមិនមែនចិនឡើយ» អំឡុងពេលតំណាងរាស្ត្រទាំងពីររូបនេះចូលរួមពិធីស្បថចូលកាន់តំណែងក្នុងក្រុមប្រឹក្សាច្បាប់របស់ក្រុងហុងកុងកាលពីខែតុលាកន្លងមក ។ ការស្បថរបស់តំណាងរាស្ត្រ២រូបនេះ មិនត្រូវបានទទួលស្គាល់ក្នុងអំឡុងពេលនោះឡើយ ហើយមានការជំនុំជម្រះទោសចំពោះទង្វើរបស់ពួកគេនៅឯតុលាការមួយក្នុងតំបន់នៃរដ្ឋាភិបាលហុងកុងស្វយ័ត ។

ប៉ូលិសរាប់ពាន់នាក់ ប្រដាប់ដោយដំបងឆក់ និងខែល ព្រមជាមួយរបាំងដែក ត្រូវដាក់ពង្រាយបណ្តោះអាសន្នការពារមិនឲ្យក្រុមបាតុករចូលទៅកាន់ការិយាល័យទំនាក់ទំនងរដ្ឋាភិបាលកណ្តាលបានឡើយ ហើយធ្វើឲ្យក្រុមបាតុករមើលឃើញថា ក្រុងប៉េកាំងកាន់តែបង្កើនឥទ្ធិពលខ្លាំងឡើងទៅលើរដ្ឋធានីដ៏សេរីភាពរបស់ពួកគេ ។

ក្រុមបាតុករបានស្រែកពាក្យស្លោកផ្សេងៗ ក្នុងនោះមានដូចជា«ហុងកុងឯករាជ្យ» ជាដើម ។ ក្រុមបាតុករខ្លះបាន ព្យាយាមរុលទៅមុខឆ្លងរបាំងរបស់ប៉ូលិស ប៉ុន្តែត្រូវបានរុញច្រានឲ្យត្រឡប់ក្រោយវិញ ។
បាតុករច្រើននាក់ត្រូវចាប់ខ្លួនផងដែរ ។

គេនៅចាំបានថា បាតុកម្មរយៈពេល៧៩ថ្ងៃនៅហុងកុងកាលពី២ឆ្នាំកន្លងទៅនោះ បាតុករជាច្រើនបានបើកឆត្រ ការពារខ្លួនពីស្ពៃ្បបង្ហៀរទឹកភ្នែក និងបានបិទផ្លូវសំខាន់ៗឆ្ពោះទៅកាន់ការិយាល័យទំនាក់ទំនងកណ្តាលរបស់ចិន ។

បាតុករអាយុ៦០ឆ្នាំម្នាក់ឈ្មោះ Alexandra Wong បានថ្លែងនៅពាក់កណ្តាលផ្លូវដែលសុទ្ធតែមានកាន់ឆត្រពណ៌លឿងនោះថា «យើងមិនអាចរង់ចាំរហូតដល់ស្លាប់នោះទេ ។ យើងត្រូវតែចេញមក និងតស៊ូ ក្រោកឈរឡើង មនុស្សកាន់តែច្រើន ប្រឆាំងចំពោះគ្រោះថ្នាក់របស់ចិនដែលយារយីការរស់នៅរបស់យើង» ។

ក្រោយបាតុកម្មបានរយៈពេលប្រមាណ៦ម៉ោងប៉ុណ្ណោះ ប៉ូលិសបានចូលទៅបំបែកហ្វូងក្រុមបាតុករផងដែរ ៕ សុរ្ម័ន

hk-pepper-spray1-data hk-pepper-spray2-data hk-pepper-spray3-data hk-pepper-spray4-data yau-and-leung-data

Loading...