ប៉ូលិសអន្តោប្រវេសន៍និងប៉ូលិសក្រុងប៉ោយប៉ែតឈ្លោះគ្នាបែកផ្សែង

ប៉ោយប៉ែត ៖មានប្រជាពលរដ្ឋប្រមាណជិតមួយរយនាក់ បាននាំគ្នាចោមរោមមើលករណីជម្លោះមួយរវាងសមត្ថកិច្ចដូចគ្នាដែលដណ្តើមស្នាដៃ។ ជម្លោះនោះបានកើតឡើង កាលពីរសៀលថ្ងៃទី ១៩ ខែ សីហា ខណៈមានការបង្ក្រាប និងចាប់ខ្លួនចោរឆក់ទូរស័ព្ទដៃពីស្ត្រីជនជាតិថៃម្នាក់មិនបានសម្រេច។

ប្រជាពលរដ្ឋជាអ្នកឃើញហេតុការណ៍បាននិយាយថា ពួកគាត់បានសាទរចំពោះចំណាត់ការបានទាន់ពេលវេលារបស់កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដែលបានចាប់ខ្លួនចោរឆក់ទូរស័ព្ទដៃពីជនបរទេសហើយប្រគល់ឲ្យទៅម្ចាស់ដើមវិញ។ ការបង្ក្រាបទាន់ពេលវេលានេះវាពិតជាស្តែងចេញនូវចំណុចខ្លាំងរបស់ប៉ូលិសកម្ពុជាឲ្យជនបរទេសឃើញ ហើយធ្វើឲ្យគេជឿជាក់ពីសន្តិសុខ និងសណ្តាប់ធ្នាប់នៃប្រទេសកម្ពុជាពិសេសគឺមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតតែម្តង ស្រាប់តែមានមន្ត្រីនគរបាលម្នាក់ទៀតនោះដែលពាក់សក្តិបួនលើស្មាបានមកស្តីបន្ទោសជេរប្រមាថឈ្លោះប្រកែក ថារំលោភដែនរដ្ឋបាលរបស់ខ្លួនទៅវិញ។

ក្នុងក្រុមជម្លោះនោះប្រជាពលរដ្ឋបាននិយាយថាបច្ចុប្បន្នករណីចោរឆក់ជនបរទេសកើតមានច្រើននៅតំបន់មាត់ច្រកទ្វារនេះហើយកម្រចាប់បានណាស់។ ការដែលចាប់មិនសូវបាននេះទំនងមកពីមានការបើកដៃឲ្យចោរពីសំណាក់នគរបាលអន្តោប្រវេសន៍ និងនគរបាលទេសចរណ៍។ ពួកគាត់និយាយបែបនេះបន្ទាប់ពីឃើញលោកសក្តិបួនម្នាក់បានជេរប្រមាថលើមន្ត្រីនគរបាលក្រុងយ៉ាងចាស់ដៃថាចូលចាប់ចោរក្នុងដែនគ្រប់គ្រងរបស់ខ្លួនមិនព្រមប្រាប់។ បើរវល់ចាំសុំការអនុញ្ញាតមិនដឹងជាចោររត់ដល់ណានោះទេ ហើយអ្វីដែលនាំឲ្យលោកសក្តិបួនខឹងយ៉ាងនេះមានមតិប្រជាពលរដ្ឋបានដាក់ការសង្ស័យថាអាចចាប់ចំមនុស្សរបស់លោកសក្តិបួននោះ។
សូមបញ្ជាក់ថា នៅថ្ងៃកើតហេតុនោះគឺមានស្ត្រីជនជាតិថៃម្នាក់ឈ្មោះ និត ចាផា អាយុ ៣៣ រស់នៅសាមុតបាកាន បានឆ្លងដែនមកកម្ពុជាតាមច្រករបៀងដោយខុសច្បាប់ ហើយត្រូវចោរម្នាក់ឈ្មោះ ជួន សាវឿន អាយុ ៣០ ឆ្នាំឆក់យកទូរស័ព្ទដៃម៉ាក អាយហ្វូនហ្វាយអេស រត់គេចខ្លួនតែត្រូវចាប់ខ្លួនជាប់ដោយប៉ូលិសក្រុងរួចបានប្រគល់វត្ថុតាងនោះឲ្យទៅស្ត្រីនោះវិញ តែអ្វីដែលប៉ូលិសអន្តោប្រវេសន៍ត្រូវធ្វើនោះគឺត្រូវចាប់ខ្លួនស្ត្រីជនជាតិថៃនោះដែលឆ្លងដែនខុសច្បាប់។ តែបែរជាឲ្យគេត្រលប់ទៅវិញដោយរលូនហើយមកឈ្លោះប្រកែកគ្នាឯងដែលចាប់ចោរបានទៅវិញ។

ប្រការនេះបានធ្វើឲ្យប្រជាពលរដ្ឋបាក់ទឹកចិត្ត និងអស់ជំនឿចំពោះសមត្ថកិច្ចដែលមិនខំរួមគ្នាធ្វើការភ័យខ្លាចតែគេដណ្តើមមុខមាត់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *