ប៉ូលិសអាមេរិក៖ បុរសជនជាតិអង់គ្លេសព្យាយាមសម្លាប់លោក ដូណាល់ ត្រាំ

បុរសម្នាក់អាយុ១៩ឆ្នាំ ជនជាតិអង់គ្លេស ត្រូវចោទប្រកាន់ពីបទកញ្ឆក់កាំភ្លើងពីប៉ូលិសម្នាក់ នៅឯពិធីជួបជុំគ្នាមួយរបស់ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ស្ថិតនៅក្នុងរដ្ឋ ឡាស វេហ្គាស ដើម្បីសម្លាប់បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋដ៏ល្បីល្បាញនោះ ។

ពាក្យបណ្តឹងដាក់ទៅកាន់តុលាការសហព័ន្ធ ក្នុងរដ្ឋ Nevada បានបញ្ជាក់ថា Michael Sandford បានកញ្ឆក់យកកាំភ្លើងពីមន្ត្រីប៉ូលីសនៅឯពិធីជួបជុំមួយកាលពីចុងសប្តាហ៍មុន ក្នុងសាលមហោស្រប Mystere ស្ថិតនៅក្នុង Treasure Island Casino មុនពេលមានការបង្ក្រាបកើតឡើង ។

ពាក្យបណ្តឹងនោះបន្តថា បុរសវ័យក្មេងរូបនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Secret Service ក្រោយការចាប់ខ្លួនថា រូបគេបានធ្វើដំណើរពីរដ្ឋកាលីហ្វ័រនីញ៉ា ទៅកាន់រដ្ឋ ឡាស វីហ្គាស់ ដើម្បី «សម្លាប់លោក ត្រាំ» ហើយរូបគេបានហ្វឹកហាត់បាញ់កាំភ្លើងមួយថ្ងៃមុន ដោយសាររូបគេកាលពីពេលកន្លងមក មិនធ្លាប់បាញ់កាំភ្លើងនោះទេ ។

ប្រភពដដែលបានបញ្ជាក់ថា បុរសវ័យក្មេង Sandford បានបញ្ជាក់ថា រូបគេពិតជាបានបាញ់១គ្រាប់ ទៅ២គ្រាប់ប៉ុណ្ណោះ ប្រាកដជាត្រូវកម្លាំងសន្តិសុខបាញ់សម្លាប់រូបគេ ខណៈដែលគេកំពុងប៉ុនប៉ងជីវិតលោក ត្រាំនោះ ។ តាមពាក្យបណ្តឹងដដែលបន្តថា Sandford បានប្រាប់រដ្ឋអាជ្ញាថា រូបគេបានទិញសំបុត្រដើម្បីចូលរួមការជួបជុំគ្នានៅក្នុងរដ្ឋ Phoenix ដែលទីនោះ រូបគេអាចមានឱកាសម្តងទៀតដើម្បីសម្លាប់លោកត្រាំ ក្នុងករណីដែលរូបគេបរាជ័យនៅរដ្ឋឡាស់ វីហ្គាសនោះ ។

វីដេអូនៅលើបណ្តាញព័ត៌មានអាមេរិកស្តីអំពីការចាប់ខ្លួន Sandford ត្រូវបានផ្សព្វផ្សាយឲ្យឃើញថា Sandford មានសក់ខ្លី ពណ៌ត្នោត ពាក់អាវយឺតពណ៌ប្រផេះ ត្រូវគ្រៀកដោយកម្លាំងសន្តិសុខ ជាមួយដៃទាំងសងខាងគ្រពាត់មកពីខាងក្រោយខ្នង ។

មន្ត្រីរដ្ឋអាជ្ញានិយាយថា Sandford ត្រូវបញ្ជាឲ្យឃុំខ្លួន ដោយមិនអនុញ្ញាតឲ្យមានការធានានៅក្រៅឃុំបានឡើយ គឺព្រោះគេជាមនុស្សគ្រោះថ្នាក់ ជាពិសេសគ្រោះថ្នាក់តាមជើងហោះហើរ ។

Sandford មកកាន់អាមេរិករយៈពេល១៨ខែកន្លងមកហើយ ដោយរស់នៅក្នុងទីក្រុង Hoboken រដ្ឋ New Jersey មុនពេលធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វ័រនីញ៉ា ។ Sandford សារភាពថា រូបគេមានគម្រោងសម្លាប់លោក ត្រាំ ក្នុងរយៈពេល១ឆ្នាំមកហើយ ហើយនៅទីបំផុត រូបគេបានសម្រេច
ធ្វើសកម្មភាព ពីព្រោះគេមានទំនុកចិត្តថា អាចសម្រេចបានតាមផែនការរបស់ខ្លួន ។

ការចាប់ខ្លួនបុរសខាងលើនេះ កើតឡើងចំពេលដែលយុទ្ធនាការឃោសនារបស់បេក្ខភាពប្រធានាធិបតីអាមេរិកក្នុងប្រវត្តិសាស្ត្រថ្មីៗនេះដែលនាំឲ្យមានជម្លោះហិង្សាខាងវោហាសាស្ត្រកើតឡើង រវាងលោកត្រាំ នឹងក្រុមមូស្លីម ព្រមទាំងក្រុមដទៃផ្សេងទៀត ។

មហាសេដ្ឋីអចលនទ្រព្យរូបនេះបានទទួលការការពារយ៉ាងម៉ត់ចត់ពីកងកម្លាំងសន្តិសុខ ប៉ុន្តែទន្ទឹមគ្នានេះដែរ មានការចោទប្រកាន់ថាកងកម្លាំងសន្តិសុខត្រូវបានប្រើប្រាស់ដោយពុំចាំបាច់ដើម្បីរារាំងប្រជាពលរដ្ឋ ។

បាតុករមួយចំនួនត្រូវបានចាប់ខ្លួន ខណៈការជួបជុំតវ៉ារបស់ពួកគេ ប្រឆាំងទៅលើយុទ្ធនាការលោកដូណាល់ ត្រាំ នាពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ ។

Sandford ត្រូវឡើងសវនាការនៅថ្ងៃទី៥ ខែកក្កដា ។ រូបគេប្រឈមមុខការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ និងពិន័យទឹកប្រាក់២៥០.០០០ដុល្លារ ប្រសិនបើរកឃើញទោសកំហុសពិតប្រាកដមែននោះ ៕

 

trump killer

Loading...

Leave a Reply

Your email address will not be published. Required fields are marked *