ប៉ូលិស​សេដ្ឋកិច្ច​ ម៉េង ភក្តី ​ត្រូវជា​ប្អូនថ្លៃ​ស្នងការ​ខេត្តព្រះវិហារ ​កំពុង​ជោគ​ជ័យ​លើ​ជំនួយ​យក​លុយ​ពី​រថយន្ដ​ដឹក​សិប្បកម្ម ​និង​ឈើប្រណិត

ខេត្តព្រះវិហារ ៖ ប៉ូលិស​សេដ្ឋកិច្ច​ប្រចាំការ​ព្រំប្រទល់​ខេត្តព្រះវិហារ​ និង​សៀមរាប​ម្នាក់ ​កំពុង​ជោគជ័យ​លើ​មុខ​ជំនួញ​រថយន្ដ​ដឹក​សិប្បកម្ម ​និង​រថយន្ដ​ដឹក​បទ​ល្មើស​ព្រៃឈើ​ឆ្លងកាត់​ខេត្ដ​ព្រះវិហារ ​និង​សៀមរាប ។

ប្រភព​ច្បាស់ការ បាន​ឲ្យ​ដឹងថា ​ ប៉ូលិស​សេដ្ឋកិច្ច ម៉េង ភក្តី​ ត្រូវជា​ប្អូនថ្លៃ​ស្នងការ​ខេត្តព្រះវិហារ ​មាន​ស្នាក់​ការ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៤ ​នៅ​ភូមិ​អូរ​ប្រាំ​ព្យាម ឃុំ​ស្រយ៉ង់ ស្រុក​គូលែន ​មាន​ព្រំប្រទល់​ជាប់​ជាមួយ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប បាន​ដាក់​ប្រជាពលរដ្ឋ​ម្នាក់ ជា​ជន​ស៊ីវិល​ឲ្យ​ពាក់​ឯកសណ្ឋាន​ប៉ូលិស​ ឲ្យ​នៅចាំ​មើលផ្លូវ​ពី​រថយន្ដ​ដឹក​សិប្បកម្ម​ និង​បទល្មើស​ព្រៃឈើ​ឆ្លងកាត់​ស្នាក់​ការ​របស់ខ្លួន​។​

បើតាម​ប្រភពពី​សមត្ថកិច្ច ​បាន​បញ្ជាក់ថា​ កន្លងមក កូនចៅ​របស់​លោក ម៉េង ភក្តី ធ្លាប់​ប្រដេញ​វាយ​បំបែក​កញ្ចក់​រថយន្ដ​ប្រជាពលរដ្ឋ ​ដោយ​យល់​ច្រឡំ​ថា ​ជា​រថយន្ដ​ដឹក​បទ​ល្មើស​ព្រៃឈើ​ ត្រូវ​ឃាត់ខ្លួន​ដោះ​ស្រាយ​ដោយ​ស្ងាត់ៗ ។

តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ បាន​បន្ថែមទៀតថា ពួកគាត់​ដឹកជញ្ជូន​ឈើ​ចេញពី ខេត្ត​ព្រះវិហារ យកទៅ​ចែកចាយ​តាម​ដេប៉ូ​ច្រើន​កន្លែង ក្នុង​ខេត្តសៀមរាប ​ ដោយ​រលូន ត្រូវ​បង់ប្រាក់​ប្រចាំខែ ​ឫ​ប្រចាំថ្ងៃ ទៅ​ឲ្យ​លោក ​ម៉េង ភក្តី ​ ដើម្បី​អាច​ចៀស​ផុតពី​ការ​ចាប់​បង្ក្រាប​។ លោក ម៉េង ភក្តី បាន​បង្គាប់​ឲ្យ​បង់​ ក្នុង​មួយ​រថយន្ដ​សាំ​យ៉ុង​ដឹក​សិប្បកម្ម​ក្នុង​មួយ​ជើង​ ត្រូវ​បង់​៥​ម៉ឺន​រៀល ​។ ចំណែក​រថយន្ដ​ដឹក​ទ្វារ​ដាក់​ពីលើ​ដំបូល ២​ទៅ​៣​សន្លឹក ​យក​មួយខែ​១៥​ម៉ឺន​រៀល​ ក្នុង​មួយ​គ្រឿង​មួយ​ជើង​។

ប្រភព​ដដែល បាន​បន្ដថា ប៉ូលិស​សេដ្ឋកិច្ច ម៉េង ភក្តី ​បាន​សហការ​ជាមួយ​ជា​មេ​ឈ្មួញ​ដុះ​ស្លែ លោក ធឹ​ម លាង​ស្រេង ​ ប្រចាំខេត្ត​ព្រះវិហារ ​និង​ជា​ឈ្មួញ​ឆ្លងដែន​ជំនួញ​ឈើ​ប្រណិត ​ប្រចាំខេត្ត​សៀមរាប​ បាន​ចូល​ភាគហ៊ុន​គ្នា ដើម្បី​ផ្តល់​ប្រយោជន៍ ​បុគ្គល​គ្នា​ទៅវិញ​ទៅមក នឹងផ្ដល់ផលប្រយោជន៍​​ទៅអោយ​ស្ថាប័ន​ពាក់ព័ន្ធ ​នៅ​ខេត្ត​ទាំងពីរ គឺ​ខេត្តព្រះវិហារ ​និង​ខេត្តសៀមរាប​។

ប្រភព បាន​បន្ថែមទៀតថា ជា​រៀងរាល់​យប់ គេ​បានឃើញ​រថយន្ត​សាំ​យ៉ុង ​និង​រថយន្ដ​ដឹក​សិប្បកម្ម ​ជាច្រើន​គ្រឿង ដឹក​ចេញពី​ខេត្តព្រះវិហារ​ ទៅ​ស្រុក​ស្វាយ​លើ ​នៃ​ខេត្ត​សៀ​បរាប ក្នុង​មួយ​យប់ៗ ​មិន​ក្រោម​ពី ៣០​ រថយន្ត​នោះទេ ​នេះ​មិន​រាប់​ចូល​រថយន្ដ​សាំ​យ៉ុង​លោក ​ធឹ​ម លាង​ស្រេង​ ៣​ទៅ​៤​គ្រឿង​ទៀតផង ។

ប្រភព​ច្បាស់ការ​ដដែល បាន​លើកឡើងថា ​ការបំផ្លិចបំផ្លាញ​ព្រៃឈើ​ ពុំមែន​តែមាន​លោក ធឹ​ម លាង​ស្រេង ម្នាក់​នោះទេ ​លុះត្រាតែ​មានការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច ​ដែល​ពាក់ព័ន្ធ​នៅក្នុង​ខេត្តព្រះវិហារ ​ទើប​ការ​ធ្វើ​ជំនួញ​ឈើ​បាន​ដោយ​រលូន មកដល់​ទឹកដី​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ​ដោយមាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ ​តើ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ខេត្ត​ទាំងពីរ មាន​ចំណាត់​ការ​បង្ក្រាប នៅ​បទល្មើស​ព្រៃឈើ​ខាងលើ បាន​ឫ​អត់​? ​ ពាក់ព័ន្ធព័ត៌នេះ ​ទូរទស្សន៍​បាយ័ន​ ទូរស័ព្ទ​សុំ​ការ​បំភ្លឺពី​ ប៉ូលិស​​សេដ្ឋកិច្ច ម៉េង ភក្តី ​​​និង​​មេ​ឈ្មួញ​ដុះ​ស្លែ ​លោក ធឹ​ម ​លាង​ស្រេង ​ចូល​ផងដែរ​តែ​គ្មាន​អ្នក​ទទួល​។

គួរ​បញ្ជាក់ថា សម្តេច​ក្រឡា ហោម ស ខេង ​រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ឲ្យ​សមត្ថកិច្ច​ប្រដាប់​អាវុធ​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ​ដែល​កន្លងមក ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ច្រើនតែ​អសកម្ម​ក្នុង​ការ​ងារ​បង្ក្រាប​បទ​ល្មើស​នេះ ។ ​ទោះបី មាន​បញ្ហា​យ៉ាងណា ​ក៏​សកម្មភាព​បទល្មើស​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ​ ពុំ​ថយចុះ​ទេ​ រឹត​តែ​កើន​ឡើង​ប្រឆាំង​បទបញ្ជា​សម្តេច​ក្រឡា ហោម​៕

Loading...