ប៉ូលិស បណ្តេញ​​ជនបរទេស ១២៩៩ នាក់ ចេញ​ពី​កម្ពុជា និង​ទទួល​ពិន័យ​បាន ៣៤ ម៉ឺន​ដុល្លារ នៅ​ឆ្នាំ​​២០១៤

ភ្នំពេញ: ប៉ូលិស​ក្រសួង​មហាផ្ទៃ បាន​បណ្តេញ​ជន​បរទេស ចំនួន ១២៩៩ នាក់ ចេញពី​កម្ពុជា និង​ទទួល​ពិន័យ​បាន ៣៤ ម៉ឺន​ដុល្លារ នៅ​ឆ្នាំ​២០១៤​។ នេះ​បើ​តាម​លោក​នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​របស់​ក្រសួង​មហាផ្ទៃ​។​

​បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី​១ នៃ​គណៈកម្មការ​ជំរឿន និង​គ្រប់គ្រង​ជន​បរទេស នៅ​តាម​គ្រប់​​ខេត្ត​រាជធានី នា​ព្រឹក​ថ្ងៃទី​២១​មករា នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ សុខ ផល បាន​មានប្រសាសន៍ថា គិត​ត្រឹម​ដាច់​ខែ​ធ្នូ ឆ្នាំ​២០១៤ ប៉ូលិសអន្តោប្រវេសន៍ បាន​បណ្តេញ​ចេញ​ជនបរទេស ដែល​មក​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា ចំនួន ១២៩៩ នាក់ ក្នុងនោះ មាន ៣១ សញ្ជាតិ រួមមាន អាមេរិក ចិន ហើយ​ភាគច្រើន គឺ ៩០% ជា​ជនជាតិ​វៀតណាម​។ អ្នក​ទាំង​នោះ មិន​មាន​ឯកសារ​លិខិតស្នាម​អ្វី​ទាំងអស់​។​

​លោកនាយ​ឧត្តមសេនីយ៍ សុខ ផល បាន​គូស​បញ្ជាក់ថា “​វា​ជា​ផែនការ​របស់​រាជរដ្ឋាភិបាល និង​របស់​ក្រសួង​មហាផ្ទៃ ដែល​លោក​បាន​ដាក់​មក​។ ប៉ុន្តែ​យើង​ត្រូវ​គិត​បញ្ហា​មួយ ទោះបី​ជាតិ​សាសន៍​ណាក៏ដោយ គឺថា ប្រទេស​កម្ពុជា អនុវត្ត​អនុសញ្ញា​ច្រើនណាស់​។ យើង​អនុវត្ត​ដោយ​មិន​ប្រកាន់​​សញ្ជាតិ និង​រើសអើង​ពូជសាសន៍​ទេ​។ នេះ​ជា​ចំណុច​​មួយ​ដែល​សង្គម​ជាតិ និង​អន្តរជាតិ គេ​ស្អប់ខ្ពើម​ណាស់ អ្នក​ប្រកាន់​​ពូជសាសន៍​។ យើង​មិន​ធ្លាក់​ចូល​ទៅ​​ក្នុង​បញ្ហា​នេះ ឬ​ក៏​យើង​មិន​ប្រកាន់​ជំហរ​នេះ​ទេ​។ យើង​គិត​ពី​រឿង​ច្បាប់ ហើយ​មិន​គិត​អំពី​ជាតិ​សាសន៍​ណា​ទេ​”​។​

​យ៉ាងណាក៏ដោយ លោកនាយ​​ឧត្តមសេនីយ៍ សុខ ផល មិនទាន់​មាន​តួលេខ​​ពី​ចំនួន​ជនបរទេស រស់នៅ​​ក្នុង​នាម​ជា​ជនអន្តោប្រវេសន៍​ស្របច្បាប់​នៅ​កម្ពុជា និង​ជនបរទេស​អន្តោប្រវេសន៍​ខុសច្បាប់ នៅ​កម្ពុជា មាន​ចំនួន​ប៉ុន្មាន​នោះ​នៅឡើយ​ទេ​។ លោក​អះអាង​ថា ប៉ូលិស ដែល​ទើប​​បង្កើត​ជា​គណៈកម្មកា​រ​ជំរឿន និង​គ្រប់គ្រង​​ជនបរទេស តាម​ខេត្ត​រាជធានី​ទាំង ២៥ កំពុងតែ​ធ្វើ​ស្រង់ ហើយ​នឹង​ពិនិត្យ​១​​ករណី​ម្តងៗ​។​

​ប៉ុន្តែ​លោក សុខ ផល លើក​ឡើងថា ជំរឿន​ចំនួន​​ជនបរទេស រស់នៅ​ស្រប​ច្បាប់​នៅ​កម្ពុជា កាលពី​ឆ្នាំ​​២០០២ មាន​ជាង ៧ ម៉ឺន​នាក់​។​​

​ជាមួយគ្នា​នោះ លោកនាយ​​ឧត្តមសេនីយ៍ សុខ ផល បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០១៤ ប៉ូលិសអន្តោ​ប្រវេសន៍ ទទួលបាន​ប្រាក់​ផាក​ពិន័យ​ពី​ជនបរទេស ដែល​មិន​មាន​​ប័ណ្ណ​ការងារ ដោយ​មិន​គោរព​​តាម​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​​ការងារ នៅ​កម្ពុជា ចំនួន ១៣៧១ លាន​រៀល ស្មើ​ប្រមាណ ៣៤ ម៉ឺន​ដុល្លារ​អាមេរិក​។ លុយ​នោះ ត្រូវ​បង់​​ចូល​ថវិការដ្ឋ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *