ប៉ូលីសចាប់ជនសង្ស័យជាខ្មែរឥស្លាម៤នាក់និងទូក៣គ្រឿង ដែលសង្ស័យបានលួចកាត់ដែកស្ពាន បេឡេប្ញស្សីកែវ ប៉ុន្តែមន្ត្រីជំនាញអះអាងថា គឺជាក្រុមស្រមុចទឹកលួចយកកំណតដែកនៅក្រោមស្ពាន

ភ្នំពេញ៖ ប្រភពព័ត៌មាន ចុងក្រោយ របស់មន្ត្រីជំនាញនៃមន្ទីរសាធារណៈការនិងដឹកជញ្ជួន លោក សាំ ពិសិដ្ឋ បានអះអាងថា ក្រុមជនសង្ស័យ ដែលប៉ូលីសឃាតខ្លួនកាលពីយប់មិញនេះ ពុំមានជាក្រុមចោលួចកាត់ដែលស្ពានបេឡេប្ញស្សីកែវ ប៉ុន្តែពួកគេគឺជាក្រុមដែលជំនាញមុចទឹក លួចយកកំណាត់ដែក ធ្លាក់ចូលក្នុងទឹក នៅក្រោមស្ពាន ។

លោកប្រធានមន្ទីរ បានលើកឡើងថា ចំពោះស្ថាភាពស្ពាន និងគុណភាពស្ពាននៅល្អដដែល មិនប៉ះពាល់អ្វីឡើយ ការចរាចរណ៍អាចដំណើរការទៅបានជាធម្មតា។ លោកសាំ ពិសិដ្ឋបញ្ជាក់ថា តាមការពិតវាជារឿងមិនធំទេ ប៉ុន្តែមានព័ត៌មានបំប៉ោង ធាតុពិតក្រុមនេះមិនមែនមកកាត់ដែកស្ពានឡើយ គឺពួកគេលើកគ្នាមកដណ្តើមយកបំណែកដែលសេសសល់នៅច្រាំងទន្លេនិងនៅក្នុងទឹកតែប៉ុណ្ណោះ ។

ដោយឡែក លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វា លើកឡើងប្រហាកប្រហែល ជាមួយប្រធានមន្ទិរសាធារណៈការខាងលើដែរ គឺ ក្រុមចោរមួយក្រុមមានគ្នាប្រមាណ៣០នាក់ ជិះទូកប្រមាណ ២០ទូក ប្រដាប់ដោយម៉ាស៊ីនកាត់ដែក និងជណ្ដើរឡើងផងដែរ បានធ្វើដកម្មភាព លួចកាត់ដែកស្ពានបេឡេឬស្សីកែវ ដែលទើបសម្ភោធដាក់ឲ្យប្រើមិនបានប៉ុន្មានម៉ោងផងនោះ ។ តែសកម្មភាពនេះត្រូវសន្តិសុខដែលយាមជិតនោះឃើញទាន់ ក៏រាយការណ៍ឲ្យសមត្ថកិច្ចចុះអន្តរាគមន៍ចេញកាណូត ម៉ារីន តាមឃាត់បាន៣ទូក និងឃាត់ខ្លួនមនុស្ស៤នាក់ រកឃើញវត្ថុតាងមួយចំនួន បញ្ជូនទៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ ។

មន្ត្រីប៉ូលីស បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលឃាត់ខ្លួនបានគឺ ទី១ឈ្មោះ មោះ ម៉ូត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទត្រី ស្នាក់នៅលើទូក, ទី២ឈ្មោះ ម៉ាត់ គ្រីយ៉ា ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ៥៦ឆ្នាំ មុខរបរនេសាទត្រី ស្នាក់នៅលើទូក មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ទី៣ឈ្មោះ ទី ស្មាន់កោះ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទត្រី ស្នាក់នៅលើទូក និងជនសង្ស័យទី៤ មានឈ្មោះ ទៀត អាតុ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរនេសាទត្រី ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ចំពោះមនុស្ស និង ឧបករណ៍ រួមជាមួយវត្ថុតាង ទាំងនោះនាំយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

 






Loading...