ប៉ះទង្គិចគ្នារវាងពលរដ្ឋ និងក្រុមឧកញ៉ា ភឺន ផល្លា រឿងជម្លោះដីធ្លី រហូតដល់ផ្ទុះអាវុធច្រើនគ្រាប់

ព្រះសីហនុ៖ ព័ត៌មានបឋម ពីខេត្តព្រះសីហនុបានឱ្យដឹងថា មានករណីប៉ះទង្គិចគ្នារវាងក្រុមប្រជាពលរដ្ឋ និងក្រុមឧកញ៉ា ភឺន ផល្លា រឿងជម្លោះដីធ្លី រហូតដល់មានការផ្ទុះអាវុធច្រើនគ្រាប់បណ្តាលឱ្យខាងប្រជាពលរដ្ឋ មានអ្នករបួសជាច្រើននាក់។ ករណីនេះបានកើតឡើងនៅវេលារសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ភាគីខាងពលរដ្ឋ បានអះអាងថា ខ្មាន់កាំភ្លើងខាងក្រុមឧកញ៉ា ភឺន ផល្លា មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយប្រជាពលរដ្ឋកំពុងឡោមព័ទ្ទកាក់ទុករថយន្តមួយគ្រឿងរបស់ជនសង្ស័យមិនឱ្យទៅមុខ ហើយសមត្ថកិច្ចក៏កំពុងចុះទៅដល់ផងដែរ។ ក្នុងករណីនេះ ពលរដ្ឋបានអះអាងថា ក្រុមឧកញ៉ា បានទៅរំលោភយកដីធ្លីរបស់ពួកគេដែលបានរស់នៅច្រើនឆ្នាំមកហើយ បន្ទាប់មកប្រជាពលរដ្ឋច្រើននាក់បាននាំគ្នាតវ៉ារហូតដល់មានការផ្ទុះអាវុធនេះ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា ពិតជាមានករណីនេះកើតឡើងប្រាកដមែន ហើយអាជ្ញាធរ និងសមត្ថកិច្ចកំពុងធ្វើរបាយការណ៍អំពីករណីនេះ និងមិនទាន់អាចបញ្ជាក់លម្អិតអំពីករណីនេះបាននៅឡើយទេ៕

Loading...