ប្តីយកចបកាប់ប្រពន្ធ និងកូនប្រុសអាយុ២ឆ្នាំស្លាប់នៅខេត្តកំពត ចាប់បាននៅខេត្តព្រះសីហនុ

ខេត្តកំពត៖ អំពើហិង្សាមួយបានកើតឡើងធ្វើឲ្យស្ត្រីជាម្តាយ និងកូនប្រុសអាយុ២ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែជនសង្ស័យជាប្តីបានយកចបកាប់ប្រហារ ។ គេនៅមិនទាន់ដឹងហេតុការណ៍ឃាតកម្មនេះកើតឡើងដោយមូលហេតុអ្វីពិតប្រាកដឡើយនោះ​សមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនសង្ស័យ ហើយសង្ស័យថា ជាមនុស្សសរសៃប្រសាទផងនោះ ។

សេចក្ដីរាយការណ៍ឲ្យដឹងថា អំពើឃាតកម្មដ៏សាហាវមួយបានបង្កឲ្យមានការតក់ស្លុតនិងភ្ញាក់ផ្អើល កាលពីវេលាព្រឹកទៀបភ្លឺថ្ងៃទី១៩ ធ្នូ ២០១៦ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។ ជនសង្ស័យបានប្រើចបវាយសម្លាប់ ប្រពន្ធនិងកូនប្រុសអាយុទើប២ឆ្នាំរបស់ខ្លួន បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

មន្រ្តីនគរបាលមូលដ្ឋានក្រុងកំពត បានឲ្យដឹងថា ជនបង្កមាន ឈ្មោះ អ៊ុំ រស្មី ហៅ ហ្សូ អាយុ៣៥ឆ្នាំ នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានសម្លាប់ប្រពន្ធ ឈ្មោះម៉ក់ សារ៉ាយ អាយុ២៤ឆ្នាំ និងកូនប្រុសឈ្មោះថា រដ្ឋពិសិដ្ឋ អាយុ២ឆ្នាំ ។

មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ជនសង្ស័យប្រើចបវាយសម្លាប់តែម្តង ហើយមូលហេតុដោយសារជនសង្ស័យមានជំងឺសរសៃប្រសាទ ហើយករណីនេះសមត្ថកិច្ចបានទទួលដំណឹង នៅពេលក្រុមគ្រួសារយកថ្នាំមកផ្ទះជនសង្ស័យ ទើបឃើញករណីនេះហើយក៏រាយការណ៍តែម្ដង។

នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងតាមចាប់ជនបង្កជាប្តី ពីព្រោះក្រោយសម្លាប់ប្រពន្ធ និងកូនហើយ ជននេះបានរត់គេចខ្លួនបាត់ស្រមោលឈឹង ។

ប្រភពព័ត៌មានពីសមត្ថកិច្ចខេត្តព្រះសីហនុឲ្យដឹងថា នៅវេលាម៉ោង​១១​ និង​១៧នាទីព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថបានស្ទាក់ចាប់ជនសង្ស័យបានហើយ​ ខណៈដែលជននេះកំពុង​បើក​រថយន្ត​រត់គេចខ្លួន ។ កម្លាំងកងរាជអាវុធហត្ថបានផ្ទុះអាវុធហត្ថបានបាញ់២-៣គ្រាប់បំបែកកង់រថយន្ត ទើបចាប់ខ្លួនបាន ស្ថិតនៅ​ចំណុចរង្វង់មូលតោពីរ ក្រុមទី១៧ ភូមិ​៤ សង្កាត់​៤ ខេត្តព្រះសីហនុ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងសាកសួរ និងចាត់ការតាមនីតិវិធី ៕

Loading...