ប្រកបរបររត់ម៉ូតូឌុបត្រឡប់ទៅផ្ទះ ត្រូវចោប្រដាប់អាវុធស្ទាក់ភ្ជង់វាយប្លន់យកបាត់តាមផ្លូវ

ភ្នំពេញ៖បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បន្ទាប់ពីឌុបម៉ូយដល់គោលដៅហើយវិលត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានជនសង្ស័យ ហៅស្ទាក់ដកកាំភ្លើងភ្ជង់ ហើយវាយទម្លាក់ទឹកប្រឡាយរងរបួសផុយសៀតថ្កាខាងឆ្វេង ហូរឈាមជោគខ្លួនវង្វេងបាត់ស្មារតី ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទី យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវបេតុង ក្បែររោងចក្រដែកគោល ភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ យក់ ធារ៉ា ហៅញ៉ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់មូ៉តូឌុប ស្នាក់នៅផ្ទះជួលក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ចំណែកមូ៉តូ ដែលជនសង្ស័យប្លន់យកទៅបាត់ ត្រូវបានជនរងគ្រោះ គ្រាន់តែប្រាប់ថា ម៉ាកហុងដា សេ១២៥ សេរី២០១១ បានបុ៉ណ្ណឹង ជនរងគ្រោះ និយាយលែងចេញ វង្វេងបាត់ស្មារតី ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ ឌុបម៉ូយម្នាក់ចូលទៅក្នុងភូមិកើតហេតុ ហើយបន្ទាប់ពីដាក់ម៉ូយចុះហើយជនរងគ្រោះជិះម៉ូតូវិលត្រឡប់ទៅវិញ លុះជិះដល់ចំណុចកើតហេតុខាងលើ ក៏មានហេតុការណ៍នេះកើតឡើងតែម្តង ។
តែបើតាមសម្តីជនរងគ្រោះ មុនពេលសន្លប់បានឲ្យដឹងថា មុនកើតហេតុគាត់បានឌុបម៉ូយម្នាក់ ពីសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មកដាក់នៅក្នុងភូមិកើតហេតុខាងលើ លុះពេលដែលគាត់ជិះម៉ូតូ វិលត្រឡប់ទៅផ្ទះវិញ មកដល់តាមផ្លូវ ត្រង់ចំណុចកើតហេតុ គាត់ឃើញបុរសម្នាក់ ដើរថ្មើរជើងមានស្ពាយកាបូបខ្មៅមួយផង ហើយបានហៅគាត់ឲ្យឌុបជូន តែមិនទាន់ប្រាប់ថាទៅដល់ណាផង គ្រាន់តែម៉ូតូទើបតែឈប់ ជនសង្ស័យនោះបានដកកាំភ្លើងខ្លីភ្ជង់ គម្រាមយកម៉ូតូតែគាត់មិព្រមឲ្យ ត្រូវបានជនល្មើសនោះ វាយរុញច្រានទម្លាក់ចូលទឹកប្រឡាយ អមផ្លូវ បណ្តាលឲ្យរងរបួសសៀតថ្កាខាងឆ្វេងហូរឈាមកក្លាក់ រួចជនសង្ស័យយកម៉ូតូជិះគេចទៅបាត់តែម្តង ។ ក្រោយកើតហេតុ បន្ទាប់ពីជនរងគ្រោះស្រវាឡើងលើផ្លូវវិញ ទើបផ្អើលដល់ប្រជាពលរដ្ឋ និងរាយការណ៍ទៅសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ និងហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមះ ៕

 

2015_10_23_07_41_41 2015_10_23_07_41_41_1 2015_10_23_07_41_41_2 2015_10_23_07_41_41_3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *