ប្រកួតបាល់ទាត់មនុស្សធម៌ ប្រមូលថវិកាជួយជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងគ្រួសារយោធិនមានជីវភាពខ្វះខាត

(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងកម្មវិធីប្រកួតបាល់ទាត់មនុស្សធម៌ ប្រមូលថវិកាជួយជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងគ្រួសារយោធិនមានជីវភាពខ្វះខាត, កីទ្បដ្ឋាន Smart RSN Stadium, កាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅចម្បងនៃកម្មវិធីថ្ងៃនេះ គឺជាការសម្រេចជោគជ័យក្នុងចលនារួមគ្នាដើម្បីជួយដល់ប្រជាពលរដ្ឋ អតីតយុទ្ធជន និងយោធិនរបស់យើងដែលកំពុងប្រឈមនឹងកាលៈទេសៈដ៏លំបាកនៃគ្រោះទឹកជំនន់ ហើយពិតជាណាស់ដែលប្អូនៗនិសិ្សតអាហាររូបករណ៍សម្តេចអគ្គសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ទាំងអស់រួបរួមគ្នាធ្វើសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ។

ឯកឧត្តម បណ្ឌិត លើកឡើងថា ការប្រកួតនេះ គឺយើងប្រកួតនៅក្នុងស្មារតីមិត្តភាព និងសាមគ្គីភាព ដើម្បីចូលរួមចំណែកទាំងអស់គ្នាជួយទៅដល់ប្រជាពលរដ្ឋយើងដែលរងគ្រោះដោយសារទឹកជំនន់ក្នុងរយៈពេលប៉ុន្មានសប្តាហ៏ កន្លងមកដែលកំពុងតែត្រូវការជំនួយចាំបាច់ ជាពិសេសនៅក្នុងដំណាក់កាលនៃការស្តារទ្បើងវិញនាពេលនេះ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណក្រុមការងារគ្រប់គ្រងនិស្សិត អាហារូបករណ៍សម្តេចអគ្គសេនាបតីតេជោ និងសម្តេចគិតិ្តព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្រុម LP8 និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានថវិកា និងសម្ភារៈ តាមរយៈកម្មវិធីនេះ ក្នុងបុព្វហេតុមនុស្សធម៌ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលកំពុងជួបប្រទះការលំបាកក្នុងគ្រាអាសន្ន។ កាយវិការ នឹងទឹកចិត្តដ៏សប្បុរសនេះ គឺជាការចូលរួមដ៏ថ្លៃថ្លាបំផុតនៅក្នុងគ្រាដ៏លំបាកនេះ ហើយក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ ស្មារតីចែករំលែក រួមសុខរួមទុក្ខ ដែលកម្លាំងនេះនឹងជួយឱ្យប្រទេសជាតិ និងប្រជាជនយើងអាចឆ្លងកាត់, ជម្នះបាននូវរាល់ឧបសគ្គ និងគ្រោះមហន្តរាយនានា ដែលកំពុងកើតឡើងចំពោះមុខ ៕

 

 

Loading...