ប្រគល់ផែនទីឋានលេខាព្រំដែនខ្នាត១/២៥០០០ជូនស្ថាប័នពាក់ពន្ធ័យកទៅប្រើប្រាស់ 

ភ្នំពេញ៖ព្រឹកថ្ងៃទី២៧ខែសីហាឆ្នាំ២០២០នៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីប្រគល់ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់។ ពិធីប្រគល់ទទួលផែនទីឋានលេខាព្រំដែនគោកកម្ពុជា វៀតណាម ខ្នាត ១/២៥ ០០០ ស្ថិតក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន រួមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន។

ផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម មាត្រដ្ឋាន ១/២៥ ០០០ នេះ បានបង្ហាញពេញលេញលទ្ធផល ខណ្ឌសីមា និងបោះបង្គោលព្រំដែន ប្រមាណជា៨៤% ដែល ប្រទេសទាំងពីសម្រេចបាន។ ផែនទីនេះ ជាផែនទីទំនើបសម័យឌីជីថល ៤.0 ដែលបង្ហាញយ៉ាងច្បាស់លាស់ខ្សែព្រំដែន បង្គោលព្រំដែន រួមនិងស្ថានភាពភូមិសាស្រ្តនៅលើដីជាក់ស្តែងបានយ៉ាងជាក់លាក់ ងាយស្រួលក្នុងការប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១០០ ០០០ ដែលមានតែខ្សែព្រំដែន មិនមានអ្វីច្រើនជាងនេះ។
លោកទេសរដ្ឋមន្ត្រីវ៉ា គឹមហុង ទេស រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈ កម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា មានប្រសាសន៍ថា ក្រសួង ស្ថាប័ន និងអង្គភាព ចំនួន៣៥ នឹងទទួលបានផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ ដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ។ លោកបន្តថា ផែនទីនេះ ជាការបង្ហាញនូវសមិទ្ធផលនៃការបោះបង្គោលព្រំដែន រវាងកម្ពុជា-វៀតណាម ដែលសម្រេចបាន៨៤ភាគរយ។

ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ ត្រូវបានកម្ពុជា- វៀតណាម រៀបចំពិធីពិធីប្រគល់និងទទួល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ វៀតណាម ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាមដឹកនាំដោយលោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម។

សូមបញ្ជាក់ថា ការរៀបចំប្រគល់ទទួលផែនទីនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន ៨៤ភាគរយ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ៕

 

Loading...