ប្រជាកសិករក្នុងខេត្តបាត់ដំបងបង្កើនការដាំដុះបន្លែសុវត្ថិភាពខណៈដែលបន្លែមួយចំនួនមានតម្លៃខ្ពស់

(ខេត្តបាត់ដំបង)៖ ក្រោយជួបគ្រោះទឹកជំនន់ធ្វើអោយបន្លែមួយចំនួនរងការខូចខាត និងមួយចំនួនទៀតតម្លៃហក់ឡើងខ្ពស់មិនធ្លាប់មានពីមុនមក ខណៈដែលប្រជាកសិករកំពុងបន្តការដាំដុះឡើងវិញ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងអ្នកប្រើប្រាស់។ នេះបើតាមការបញ្ជាក់ពី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។

លោក អុិន សុវណ្ណមុនី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថា ការដាំបន្លែក្នុងខេត្តបាត់ដំបង មានទាំងការដាំនៅទីវាល និងនៅក្នុងរោងសំណាញ់ ពិសេសក្នុងអំឡុងនៃវិបត្តិកូវីដ-១៩ ក៏ដូចជាកាស្ដារឡើងវិញការដាំដុះ បន្ទាប់ពីទឹកជំនន់ដ៏ធំបានស្រកទៅវិញ ប្រជាពលរដ្ឋនាំគ្នា ដាំបន្លែកំពុងរីកដុះដាលខ្លាំង ក្នុងចំណោមកសិករដាំបន្លែនេះ ពួកគាត់មួយចំនួនក៏បានទទួលពូជបន្លែពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាផងដែរ ។

អនុប្រធានមន្ទីររូបនេះបានបន្តថា ជាមួយគ្នានេះដែរមន្ទីរកំពុងជំរុញនៅក្នុងការយកផលិតផលរបស់គាត់ទៅវិភាគថាតើកាកសំណល់គីមីឬមួយក៏ការងារដែលប្រតិបត្តិការមួយចំនួនដែលគាត់ធ្វើនៅក្នុងកសិដ្ឋានហ្នឹងសមស្រប តាមកំណត់ និងត្រូវជាមួយស្តង់ដាររបស់ក្រសួងកសិកម្មហ្គេមឬ ទេ ក្នុងនោះក្រសួងកសិកម្ម កំពុងរៀបចំពួកគាត់ឲ្យក្លាយ ទៅជាម្ចាស់កសិដ្ឋានហ្គេមតែម្ដង និងផ្ដល់វិញ្ញាបនបត្រហ្គេមទៅដល់កសិករគំរូផងដែរ។

កសិករក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ បានលើកឡើងថា តំបន់ពួកគាត់រស់នៅ ដែលជួបបញ្ហាទឹកជំនន់កាលពីចុងឆ្នាំ២០២០កន្លងទៅ បង្កឲ្យលិចលង់ផ្ទះ ដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗ បញ្ហានេះធ្វើឲ្យពួកគាត់ជួបនូវការលំបាកក្នុងគ្រួសារ តែយ៉ាងណាក្រោយទឹកជំនន់ទៅពួកគាត់ក៏បានទទួលនូវស្រូវពូជពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្ដារការធ្វើស្រែឡើងវិញ រួមទាំងការដាំបន្លែសុវត្ថិភាពដែលអាចរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ ៕

Loading...