ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៤៤៨គ្រួសារ នៅខេត្តកំពង់ស្ពឺ​ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា​

(កំពង់ស្ពឺ)​ ៖​ នៅថ្ងៃចន្ទ ទី​ ២៤ ខែមិថុនា​​ ឆ្នាំ២០១៩​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​​ ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន​ ៤៤៨គ្រួសារ​ រស់នៅឃុំចំនួន​ ៧​ នៃស្រុកថ្ពង​ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់​ ​លោកជំទាវ​អគ្គលេខាធិការរងទី​ ១​ បានពាំនាំនូវប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ អាណិតស្រឡាញ់​យ៉ាងជ្រាលជ្រៅ​ និងនាំយកអំណោយសម្រាលការលំបាកសម្រាប់ចែកជូនប្រជាពលរដ្ឋទាំងអស់​ ដែលអំណោយទាំងនេះទទួលបានពីសប្បុរសជនជាពិសេសក្នុងឱកាសទិវា​ពិភពលោកកាកបាទក្រហម​ ​និងអឌ្ឍចន្ទក្រហម ៨​ ឧសភា។ ជាមួយគ្នានេះ​ លោកជំទាវ​អគ្គលេខាធិការរងទី​ ១​ បានពាំនាំសារអំពាវនាវរបស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ថែទាំសុខភាព​ ជាពិសេស​ ស្ត្រី​ កុមារ​ ទារក​ និងមនុស្សវ័យចាស់​ ត្រូវពិសាទឹកឆ្អិន​ និងសម្រាន្តក្នុងមុង​ជានិច្ច​ដេីម្បីជៀសវាងជំងឺគ្រុនឈាមដែលកំពុងរាលដាលលេីមនុស្សគ្រប់វ័យ។ ត្រូវជៀសឆ្ងាយពីគ្រឿងញៀន​ គ្រឿងស្រវឹង​ និងល្បែងស៊ីសង​ ដែលជាប្រភពនៃអំពេីហិង្សា​ ចោរកម្ម​ សម្លាប់មនុស្ស​ -ល-​ ។ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍​ និងបេីកបរដោយប្រុងប្រយ័ត្ន​ ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ និងហាមដាច់ខាតការបេីកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ​ និងផ្សារភ្ជាប់ជានិច្ចជាមួយសុខទុក្ខ​របស់ប្រជាពលរដ្ឋដោយក្តីមេត្តា​ ករុណា​ និងគ្មានការរេីសអេីងអ្វីឡេីយ។

អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ មុង១​ ភួយ១​ សារុង​ ១​ ក្រមា១​ អាវយឺត​ ១​ និងថវិកា​ ១ម៉ឺនរៀល។ ដោយឡែក​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ បានឧបត្ថម្ភក្នុងម្នាក់​ៗ​ នំប៉័ង​ ១ដេីម​ និងទឹកសុទ្ធ​ ១ដប៕

Loading...