ប្រជាពលរដ្ឋចោទមន្ត្រីជលផលខេត្តបាត់ដំបងថាឃុបឃិតប្រព្រឹត្តបទល្មើសនេសាទ

ខេត្តបាត់ដំបង ៖ប្រជាពលរដ្ឋនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង លើកឡើងថា បទល្មើសនេសាទប្រើឧបករណ៍មងក្រឡាញឹកទ្រង់ទ្រាយធំជាច្រើនកន្លែង កំពុងធ្វើសកម្មភាពដោយសេរីនៅតំបន់បឹងទន្លេសាប ស្រុកឯកភ្នំ ពុំមានសមត្ថកិច្ចណាបង្ក្រាបនៅឡើយទេ។ ប្រជាពលរដ្ឋព្រួយបារម្ភខ្លាចការធ្វើនេសាទក្នុងរដូវហាមឃាត់នេះ ធ្វើឲ្យហិនហោចអស់ត្រីគ្មានសល់នៅថ្ងៃអនាគត។

អ្នកភូមិនៅស្រុកឯកភ្នំ សម្ដែងការមិនពេញចិត្តនឹងសមត្ថកិច្ចសង្កាត់ជលផល និងអាជ្ញាធរពាក់ព័ន្ធ ដែលបណ្ដោយឲ្យប្រជាពលរដ្ឋធ្វើនេសាទខុសច្បាប់យ៉ាងអនាធិបតេយ្យ នៅតំបន់គ្រប់គ្រងរបស់ខ្លួន។

ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី១០ សីហា ថា សកម្មភាពធ្វើនេសាទត្រីដោយប្រើឧបករណ៍មងក្រឡាញឹកទ្រង់ទ្រាយធំ ប្រមាណពី ២០០ម៉ែត្រ ទៅ ១ពាន់ម៉ែត្រ កំពុងមមាញឹកខ្លាំង នៅចំណុចភូមិក្បាលតោល ច្បាប់ញាំ វាលត្រសក់ ឡូលេខ១ និងឡូលេខ២ ជាដើម នៃឃុំកោះជីវាំង ស្រុកឯកភ្នំ ពុំមានសមត្ថកិច្ចណាទប់ស្កាត់នោះទេ។

អ្នកភូមិអះអាងទៀតថា សកម្មភាពធ្វើនេសាទចាប់ត្រីទាំងតូចទាំងធំនេះ ភាគច្រើនជាប្រជាពលរដ្ឋអ្នកមានលុយ ឃុបឃិតគ្នាជាមួយមន្ត្រីជលផល និងអាជ្ញាធរមូលដ្ឋាន បានដំណើរការប្រមាណ ២សប្ដាហ៍មកហើយ។ ប្រជាពលរដ្ឋព្រួយបារម្ភក្រែងលោការធ្វើនេសាទនោះ ពុំមានការទប់ស្កាត់ យូរទៅនឹងហិនហោចអស់មច្ឆជាតិគ្មានសល់ក្នុងពេលឆាប់ៗ៖ «បទល្មើសនេសាទខ្លះគេដាក់ចម្ងាយប្រហែល ២០០ម៉ែត្រពីស្នាក់ការសង្កាត់រដ្ឋបាលជលផលភូមិព្រែកទាល់ តែមន្ត្រីជលផលគាត់អត់ទប់ស្កាត់ទេ។ នៅតំបន់អភិរក្សនោះ ប្រជាពលរដ្ឋក្រីក្រដែលទៅរកឧសដុត ឬធ្វើនេសាទបន្តិចបន្តួចក៏ចូលមិនបានដែរ»។

ឆ្លើយតបនឹងការចោទប្រកាន់នេះ នាយសង្កាត់ជលផលប្រចាំភូមិព្រែកទាល់ ទទួលស្គាល់ថា ពិតជាមានប្រជាពលរដ្ឋធ្វើនេសាទប្រើឧបករណ៍ខុសច្បាប់ នៅតំបន់ឃុំកោះជីវាំង ខ្លះមែន តែការធ្វើនេសាទនោះ ធ្វើឡើងដោយលួចលាក់ទេ។ លោកអះអាងថា មន្ត្រីជលផលពុំមានពាក់ព័ន្ធនឹងការធ្វើនេសាទនោះឡើយ ហើយថា លោកកំពុងធ្វើការទប់ស្កាត់បញ្ហានេះដូចភ្លៀងរលឹម៖ «ខ្ញុំមិនបានយកលុយកាក់ពីប្រជាពលរដ្ឋណាម្នាក់ ដើម្បីជាថ្នូរបានធ្វើនេសាទខុសច្បាប់នោះទេ។ ហើយបើសិនជាប្រជាពលរដ្ឋថាមានបទល្មើសនេសាទនោះ ឲ្យគាត់ចង្អុលប្រាប់ខ្ញុំមក ខ្ញុំនឹងទៅបង្ក្រាបភ្លាម»។

ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលសហគមន៍សម្ពន្ធភាព ដើម្បីអភិរក្សធនធានជលផលជុំវិញតំបន់បឹងទន្លេសាប អ្នកស្រី នូ សារឹម មានប្រសាសន៍ថា រដូវត្រីពងកូនចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ជារដូវហាមឃាត់ធ្វើនេសាទជាដាច់ខាត លើកលែងតែការធ្វើនេសាទដោយប្រើឧបករណ៍ស្ទូចត្រី បង់សំណាញ់ និងដាក់មងបន្តិចបន្តួចជាលក្ខណៈគ្រួសារប៉ុណ្ណោះ។ អ្នកស្រីពន្យល់ថា ការធ្វើនេសាទក្នុងរដូវហាមឃាត់នេះ ធ្វើឲ្យបាត់បង់មច្ឆជាតិ ពិសេសនៅរដូវត្រីពង៖ «កាលណាត្រីកំពុងពងកូន យើងទៅធ្វើនេសាទ ធ្វើឲ្យបាត់បង់ត្រី ទី១ ធ្វើឲ្យប៉ះពាល់ដល់ពូជត្រី ព្រោះត្រីកំពុងបង្កកំណើតកូន ធ្វើឲ្យធនធានជលផលវាកាន់តែធ្លាក់ចុះ បាត់បង់ពូជត្រី។ សព្វថ្ងៃ វាកំពុងតែប្រឈមមុខបាត់បង់ពូជត្រីជាច្រើននៅក្នុងបឹងទន្លេសាប»។

អ្នកស្រីអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធដែលអនុវត្តច្បាប់ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងទន្លេសាប ធ្វើយ៉ាងណាទប់ស្កាត់ការធ្វើនេសាទត្រីដោយខុសច្បាប់ក្នុងរដូវហាមឃាត់នេះឲ្យបាន ដើម្បីរក្សាសម្បត្តិធនធានមច្ឆជាតិរបស់រដ្ឋ ទុកជាសម្បត្តិរួមរបស់សង្គមជាតិទៅថ្ងៃអនាគត៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *