ប្រជាពលរដ្ឋជាង៣០០នាក់លើកគ្នាឡោមព័ទ្ធវាយមន្ត្រីដែនជម្រកសត្វព្រៃម្នាក់បណ្តាលឲ្យរងរបួសជាទម្ងន់គ្រាចុះបង្ក្រាបបទល្មើសព្រៃឈើនៅដែនព្រៃការពារក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖មន្ត្រីការពារដែនជម្រសត្វព្រៃ និងព្រៃឈើម្នាក់ក្នុងចំណោមច្រើននាក់ បានរងការលើគ្នាមកវាយដំ ពីប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ បានបណ្តាលឲ្យរងរបួសជាទម្ងន់ គ្រាចុះទៅបង្ក្រាបបទល្មើសព្រៃឈើ ដោយស្ទាក់ចាប់បានគោយន្តកន្ត្រៃ ដឹកឈើប្រណិត៨គ្រឿង នៅក្នុងដែនជម្រកសត្វព្រៃព្រះរកា កាលពីយប់ថ្ងៃ២៨កក្កដា ចុងសប្តាហ៍កន្លងទៅនេះ ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ។ ជនរងគ្រោះជាមន្ត្រីការពារព្រៃឈើនោះ ខណៈនេះកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យមួយ ក្នុងរាជធានីភ្នំពេញ។

ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ លោក អ៊ា សុខា បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃ៣១កក្កដានេះថា ជនរងគ្រោះនៅក្នុងការផ្ទុះអំពើហឹង្សា ពេលចុះបង្ក្រាបបទល្មើសព្រៃឈើនោះ មានឈ្មោះ យ៉ាន់ ប៊ុនសឿង ជានាយកដែនជម្រកសត្វព្រៃព្រះរកា បានរងរបួសក្បែរគុម្ពត្រចៀកខាងស្តាំ។ ហើយមូលហេតុដែលនាំឲ្យរងរបួសនេះ គឺនៅក្រោយពីក្រុមមន្រ្តីបរិស្ថាន និងឧទ្យានុរក្ស បានចុះទៅបង្ក្រាបបទល្មើសព្រៃឈើ និងចាប់គោយន្តកន្ត្រៃដឹកឈើប្រណិតចំនួន៨គ្រឿង ជារបស់ប្រជាពលរដ្ឋមួយចំនួន រស់នៅតំបន់ក្បែរព្រៃការពារនោះ បាននាំគ្នាចូលទៅកាប់ និងអារជ្រៀកឈើ នៅក្នុងដែនព្រៃការពាររបស់រដ្ឋនោះ។

លោកអ៊ា សុខា បានបន្តឲ្យដឹងទៀតថា កម្លាំងមន្ត្រីបរិស្ថាន និងឧទ្យានុរក្សនៅគ្រានោះ មានចំនួនតិច គឺ៥ទៅ៦នាក់ប៉ុណ្ណោះ ហើយបានជួបក្រុមអ្នកកាប់ និងដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃ ក្រុមមន្ត្រីបរិស្ថានក៏បានឃាត់ និងដោយសារពួកគេមានគ្នាច្រើន ក៏បាននាំគ្នាកាប់ផ្តាច់ខ្សែទម្លាក់ឈើចោលអស់ រួចបើកគោយន្តចូលភូមិ ឯក្រុមការពារព្រៃឈើមិនបានបោះបង់ចោលការបង្ក្រាបនោះទេ នៅតែបន្តតាមស្ទាក់ចាប់ ប៉ុន្តែ ត្រូវបានក្រុមប្រជាពលរដ្ឋប្រមូលគ្នាមករហូតជាង៣០០នាក់ ព័ទ្ធវាយក្រុមមន្ត្រីបរិស្ថាន និងឧទ្យានុរក្ស នៅម៉ោង៨ និង៣០នាទីយប់ថ្ងៃ២៨កក្កដា២០១៧ ធ្វើឲ្យមន្ត្រីទាំងនោះរងរបួសធ្ងន់ម្នាក់ និងស្រាលច្រើននាក់ ប៉ុន្តែ អ្នកអ្នករងរបួសធ្ងន់នោះ គឺជានាយកដែនជម្រកសត្វព្រៃព្រះរកា ដោយសារក្រុមអ្នកប្រើហឹង្សាដកបង្គោលរបងគប់ត្រូវ។

លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានបញ្ជាក់ថា ការកើតឡើងនៃអំពើហឹង្សារវាងប្រជាពលរដ្ឋអ្នករកស៊ីប្រព្រឹត្តបទល្មើសព្រៃឈើ មកលើមន្ត្រីអនុវត្តច្បាប់នោះ គឺបានកើតឡើង៣លើករួចមកហើយ។ លោកថា បើតាមលោកចាំ គឺនៅចុងឆ្នាំ២០១៥ ដើមឆ្នាំ២០១៦ មានកើតអំពើឃាតកម្ម បាញ់សម្លាប់មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ នៅឆ្នាំ២០១៧នេះទៀត មានមន្ត្រីឧទ្យានុរក្សម្នាក់ និងអ្នកយកព័ត៌មានម្នាក់ រងការបង្កឲ្យមានរបួសស្នាម ដោយក្រុមពលរដ្ឋទាំងនោះ បានចាប់វាយដំ និងចាប់យកទូរស័ព្ទបោកកំទេចចោលនោះថែមទៀត ការប្រព្រឹត្តបែបនេះ លោកសង្ស័យថា មានមេក្លោងនៅពីក្រោយ ដើម្បីរៀបចំឲ្យមានការតបតជាមួយមន្ត្រីការពារព្រៃឈើ។

លោកបានបញ្ជាក់ទៀតថា មន្ត្រីបរិស្ថាន និងឧទ្យានុរក្ស បើទោះបីជាមានឧបសគ្គយ៉ាងណាក្តី ក៏មិនបោះបង់ចោលតួនាទី និងភារកិច្ចរបស់ខ្លួននោះទេ ដើម្បីការពារធនធានធម្មជាតិ និងជីវៈចម្រុះ នៅក្នុងព្រៃអភិរក្ស គឺ «ដែនជម្រកសត្វព្រៃព្រះរកា»នេះឲ្យបានគង់វង្ស។ ចំណែក ក្រុមជនប្រព្រឹត្តបទល្មើសព្រៃឈើ និងអ្នកបង្ករបួសស្នាម ដល់មន្ត្រីការពារព្រៃឈើទាំងនោះ សមត្ថកិច្ចកំណត់បានមុខសញ្ញាជនសង្ស័យនោះហើយ លោកនឹងរៀបចំឯកសារឆ្លងទៅថ្នាក់ខេត្ត ព្រះរាជអាជ្ញាខេត្ត និងថ្នាក់ដឹកនាំអង្គភាព ស្ថាប័នពាក់ព័ន្ធ ប្តឹងចូលទៅតុលាការខេត្ត ដើម្បីចាត់ការទៅតាមវិធាន នៃច្បាប់។

សូមជម្រាបថា ព្រៃព្រះរកា គឺជាព្រៃមួយក្នុងចំណោមព្រៃអភិរក្សធំៗទាំង៥ ក្នុងប្រទេសកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាល ដាក់បញ្ចូលជាព្រៃការពារធនធានធម្មជាតិ និងជីវៈចម្រុះរបស់រដ្ឋ ព្រៃនេះបានគ្របដណ្តប់លើផ្ទៃដីព្រៃក្នុងទំហំប្រមាណ៩ម៉ឺន ៦ពាន់ហិចតា លាតសន្ធឹងជាប់ព្រំប្រទល់ស្រុកចំនួន៣ ក្នុងខេត្តព្រះវិហារ គឺស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជាំក្សាន្ត មានអូរធំៗចំនួន៣ គឺអូរតាមាក់ អូរស្កាច និងអូរអ្សែក្រោម។ ព្រៃព្រះរការបើទោះបីជារាជរដ្ឋាភិបាល បានដាក់បញ្ចូលជាព្រៃការពារ ហើយអាជ្ញាធរ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំអនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើយ៉ាងណាក្តី គេនៅតែកត់សម្គាល់ឃើញថា ព្រៃការពារមួយនេះនៅតែមានការលបលួច បរបាញ់សត្វព្រៃ ការកាប់ឈើធ្វើជំនួញ និងការកាប់រុករានទន្ទ្រានយកដីរដ្ឋជាកម្មសិទ្ធិ ពីជនខិលខូចមួយចំនួននោះជាដដែល៕

Loading...