ប្រជាពលរដ្ឋជាង៥០០នាក់ក្នុងខេត្តស្ទឹងត្រែង ទទួលបានការពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តកងទ័ពប្រជាជនវៀតណាម នៅមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឈានចូលមកដល់ 

ខេត្តស្ទឹងត្រែង៖ ប្រធានយោបាយយោធាខេត្តខាញ់ហ័រ នៃយោធភូមិភាគទី៥ របស់ប្រទេសវៀតណាម លោកវរ:សេនីយ៍ឯក ឡេ វ៉ាន់ជិញ បានដឹកនាំគណៈប្រតិភូ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកងទ័ពប្រជាជនវៀតណាម ចុះពិនិត្យ និងព្យាបាលជម្ងឺទូទៅ ជូនពលរដ្ឋកម្ពុជា ជាង៥០០នាក់ នៅថ្ងៃទី៥មេសាម្សិលមិញ ក្រោមកិច្ចស្វាគមន៍ពីអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន ដែលមានការចូលរួមពី មេបញ្ជាការរងយោធភូមិភាគទី១ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មន្ត្រីខេត្ត ក្រុង និងស្រុកនោះផងដែរ ស្ថិតនៅក្នុងភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

អភិបាលស្រុកថាឡាបរិវ៉ាត់ លោក សន សារឿន បានឲ្យដឹងថា ប្រជាពលរដ្ឋដែលទទួលបានការពិនិត្យ និងព្យាបាលជម្ងឺទូទៅដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តកងទ័ពប្រជាជនវៀតណាមនៅគ្រានោះ គឺមានចំនួន៥៣០នាក់ ហើយក្រៅពីការព្យាបាលជម្ងឺនោះ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានឧបត្ថម្ភគ្រឿងបរិភោគ និងបរិក្ខា ដល់ពលរដ្ឋ១៥០គ្រួសារ ក្នុងនោះមាន១៧នាក់ គឺជាគ្រួសារអតីតយុទ្ធជន ដោយក្នុងម្នាក់ៗទទួលបាន ឃីត១កញ្ចប់ អង្ករ១០គីឡូក្រាម និងពលរដ្ឋ១៧០នាក់ទៀត ទទួលបានក្រមាម្នាក់១ពីអាជ្ញាធរខេត្តស្ទឹងត្រែង សរុបទាំងអ្នកទទួលបានការពិនិត្យ និងព្យាបាលជម្ងឺ និងអ្នកទទួលបានការឧបត្ថម្ភគ្រឿងបរិភោគ និងគ្រឿងបរិក្ខា គឺមានចំនួនរហូតដល់ទៅ៨៥០នាក់។

ប្រធាននយោបាយយោធាខេត្តខាញ់ហ័រវៀតណាម លោកវរៈសេនីយ៍ឯក ឡេ វ៉ាន់ជិញ បានថ្លែងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលមានភូមិផងរបងជាមួយប្រទេសវៀតណាម ហើយប្រជាជន នៃប្រទេសយើងទាំងពីរ ធ្លាប់មានប្រពៃណីរឹតចំណងសាមគ្គីភាពជាមួយគ្នា តាំងពីយូរលុងណាស់មកហើយ និងតែងតែបានជួយគ្នាក្នុងគ្រាមានទុក្ខលំបាក។

លោកឡេ វ៉ាន់ជិញ ថ្លែងទៀតថា នៅថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត កងទ័ពប្រជាជនវៀតណាម បានមកជួយពិនិត្យ និងព្យាបាលជម្ងឺទូទៅ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដោយមិនតម្រូវឲ្យពួកគាត់ចំណាយថវិកាក្នុងការ ពិនិត្យ និងព្យាបាលជម្ងឺទាំងនេះឡើយ។ ហើយលោកក្នុងនាមកងទ័ពប្រជាជនវៀតណាមទាំងអស់ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសយើងទាំងពីរ នឹងនៅស្ថិតស្ថេរជាអមតៈ។

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង សូមសម្តែងនូវការអរគុណជាពន្លឹក ចំពោះការចុះមកជួយព្យាបាលជម្ងឺជូនពលរដ្ឋកម្ពុជា ក្នុងស្រុកថាឡាបរិវ៉ាត់ នៅមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឈានចូលមកដល់ នៅជិត២សប្តាហ៍ទៀតខាងមុខនេះ ដោយបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីជួយសង្គ្រោះដល់ពលរដ្ឋកម្ពុជា។

លោកថា ទង្វើមនុស្សធម៌របស់កងទ័ពប្រជាជនវៀតណាមនៅពេលនេះ និងនៅពេលកន្លងមក ធ្វើឲ្យប្រជាជនកម្ពុជា ចងចាំមិនភ្លេចទេ នូវគុណបំណាច់ដ៏ធំធេងនេះ មិនតែប៉ុណ្ណោះ កងទ័ពវៀតណាម ថែមទាំងបានជួយរំដោះប្រទេស និងប្រជាជនកម្ពុជា ឲ្យរួចចាកផុតពីរបបកាប់សម្លាប់ប៉ុល ពត នៅថ្ងៃ៧មករា១៩៧៩ ដែលរបបនេះគ្រប់គ្រងអំណាច បានត្រឹមតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ។

លោកអភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ប្រជាជនខេត្តស្ទឹងត្រែង កម្ពុជា និងប្រជាជនខេត្តខាញ់ហ័រ វៀតណាម នៅតែជាមិត្តដ៏ល្អនឹងគ្នា ហើយចំណងមិត្តភាពកម្ពុជា-វៀតណាម នឹងនៅស្ថិតស្ថេរជារៀងរហូតទៅ៕

 

Loading...