ប្រជាពលរដ្ឋជិត៧០០នាក់ បានចូលរួមក្នុងមិទ្ទីញរំលឹកខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជយ័ជំនះថ្ងៃ៧មករា នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ 

ខេត្តព្រះវិហារ៖ បើទោះបីជារបបប្រល័យពូជសាសន៍ប៉ុល ពត បានដួលរំលំ និងកន្លងផុតទៅជាច្រើនទសវត្សន៍នោះហើយក្តី ក៏ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស នៅតែចងចាំមិនភ្លេចនោះទេ ពីការធ្វើទុក្ខបុកម្នេញ សម្លាប់រង្គាលផ្តាច់ពូជយ៉ាងព្រៃផ្សៃបំផុត នៅក្នុងការកាន់កាប់អំណាចជិត៤ឆ្នាំ របស់របបក្អែកខ្មៅប៉ុល ពតនោះ។

ដោយសារការឈឺចាប់ និងដើម្បីតបស្នងសងគុណ ចំពោះឥស្សរជនស្នេហាជាតិ របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេស និងប្រជាជន ឲ្យរួចចាកផុតពីរបបដ៏យង់ ឃ្នងនេះ គឺនៅថ្ងៃ៧មករា១៩៧៩។

ប្រជាជនកម្ពុជានៅទូទាំងប្រទេស បានចារ្យថ្ងៃ៧មករា ជាថ្ងៃប្រវត្តិសាស្ត្រ ហើយចាត់ទុកថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ផងខ្លួន។ ចំណែក ខេត្តព្រះវិហារនោះវិញ គឺជាខេត្តដែលត្រូវបានរំដោះចុងក្រោយគេបង្អស់ គឺនៅថ្ងៃ១៦មករា១៩៧៩ ហើយនៅថ្ងៃ១៦មករា២០១៨ម្សិលមិញ ថ្នាក់ដឹកនាំគណបក្សប្រជាជនខេត្តព្រះវិហារ បានប្រារព្ធទិវាជ័យជំនះ៧មករានេះ នៅស្រុកសង្គមថ្មី ដែលមានប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ៦៥០នាក់ ចូលរួមក្នុងមិទ្ទីញនេះ ក្រោមវត្តមាន ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ឡុង សុវណ្ណ និងលោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មីនោះផងដែរ។

ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ឡុង សុវណ្ណ បានមានប្រសាសន៍ថា ប្រសិនបើគ្មានថ្ងៃ៧មករានេះទេ យើងទាំងអស់គ្នាក៏គ្មានអ្វីៗគ្រប់បែបយ៉ាងដូចថ្ងៃនេះដែរ ទាំងអស់នេះបានស្តែងចេញឲ្យឃើញ ពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ពិសេស ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោសែន ជាប្រមុខបក្ស ដោយបានធ្វើពលីកម្មគ្រប់បែបយ៉ាង ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានដឹកនាំនាវាកម្ពុជា ទទួលបានសុខសន្ដិភាពយ៉ាងពេញបរិបូរណ៍ និងមានការអភិវឌ្ឍលើគ្រប់វិស័យ រហូតមកដល់គ្រាបច្ចុប្បន្ននេះ។

ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មី លោក សំ លាងទ្រី លោកបានថ្លែងថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ហើយប្រជាជនកម្ពុជា នៅតែចងចាំមិនភ្លេចនោះទេ និងបានចាត់ទុកថ្ងៃ៧មករា ជាថ្ងៃផ្តល់នូវសច្ចៈធម៌ជាប្រវត្តិសាស្ត្រ ហើយប្រជាជនកម្ពុជា ពិសេស ស្រទាប់យុវវ័យ ជាវ័យយុវជន គាប្បីយល់ដឹងឲ្យបានច្បាស់ និងត្រូវតែចងចាំជារៀងរហូត។

លោក សំ លាងទ្រី បានថ្លែងទៀតថា យើងទាំងអស់គ្នា មិនត្រូវរស់ក្នុងស្រមោលអឌិតកាលដ៏ឈឺចាប់នោះទៀតឡើយ យើងត្រូវតែបោះជំហានឆ្ពោះទៅមុខ ដើម្បីទទួលយកអនាគតដ៏រុងរឿង ហើយមិនត្រូវឲ្យរបបដ៏យង់ឃ្នងនេះ វិលត្រឡប់មកសារជាថ្មី លើទឹកដីកម្ពុជាបានជាដាច់ខាត ព្រោះត្បិតរបបគ្រប់គ្រងដោយប៉ុល ពតនេះ បានបង្កើតឡើងនូវសោកនាដកម្ម និងគ្រោះមហន្តរាយ ដូចដែលពុកម៉ែ បងប្អូន បានឆ្លងកាត់រួចមកហើយ។ លោកបញ្ជាក់ថា កម្ពុជា មានសម្តេចតេជោ ជាប្រមុខ គឺប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ៕

Loading...