ប្រជាពលរដ្ឋដែលកើតមានអការរាគក្អួតក្នុងស្រុកអូរជុំ កើនឡើងដល់ចំនួន ២០៣ នាក់

ខេត្តរតនគិរី÷ ប្រជាពលរដ្ឋជាច្រើននាក់ដែលរស់នៅក្នុងភូមិល្អើនក្រើន និងភូមិល្អើនជន ស្ថិតក្នុងឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ដែលកើតមានអាការ:រាគក្អួត និងធីងធោងចាប់តាំងពីថ្ងៃទី១ ដើមខែវិច្ឆិកានេះ បានបន្តកើនឡើងកាន់តែច្រើនដល់ចំនួន២០៣ នាក់ ដែលបានបង្កការព្រួយបារម្ភកាន់តែខ្លាំងដល់ប្រជាពលរដ្ឋទាំងចាស់ និងក្មេង ក្នុងភូមិទាំងនេះ ជាពិសេសគឺភូមិល្អើនក្រើន ដែលមានចំនួនអ្នកកើតមានអាការ:ដូចនេះរហូតដល់ ១៧៩ នាក់ ។

នេះបើតាមការបញ្ជាក់ពីលោក យន ជាង មានអាយុ៣០ឆ្នាំ ជាបងប្អូនជនជាតិដើមភាគតិចទំពួន មានតួនាទីជាអនុប្រធានភូមិល្អើនក្រើន ដែលបានរៀបរាប់ប្រាប់សារព័ត៌មានយើងដឹងនាថ្ងៃទី៩ ខែវិច្ឆកានេះ ។

អនុប្រធានភូមិល្អើនក្រើនរូបនេះ បានរៀបរាប់ទៀតថា កាលពីដើមខែវិច្ឆិកានេះ ដំបូងឡើយអ្នកដែលកើតមានអាការ:ដូចនេះមានចំនួនតិចតួចនោះទេ ប៉ុន្តែរហូតដល់ថ្ងៃទី៨ម្សិលមិញនេះ ក្នុងពិធីបុណ្យសព អាការ:ដូចនេះបានបង្កកើតឡើងដល់អ្នកភូមិរហូតដល់ចំនួន ១៧៣ នាក់ ហើយនៅព្រឹកថ្ងៃទី៩នេះដែរ ក៏បន្តកើនឡើងដល់ចំនួន ២០៣ នាក់ ។

អនុភូមិដែលជាជនជាតិទំពួនរូបនេះ បានឲ្យដឹងទៀតថា បន្ទាប់ពីមានករណីបែបនេះកើតឡើងហើយនោះ អាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្រ្តីសុខាភិបាលខេត្ត ក៏បានជួយអន្តរាគមន៍ ជួយដឹកបញ្ជូនជនរងគ្រោះទាំងនោះ ទៅកាន់មណ្ឌលសុខភាព ដើម្បីជួយសង្រ្គោះបានទាន់ពេលវេលាផងដែរ ដោយពុំមាននរណាម្នាក់រងគ្រោះដល់បាត់បង់ជីវិតនោះទេ ។

ទន្ទឹមហ្នឹងកើតមានករណីនេះកើតឡើងហើយនោះ អនុប្រធានភូមិល្អើនក្រើនរូបនេះ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងមន្ទីរសុខាភិបាលខេត្ត ឲ្យជួយធ្វើសិក្សាសា្រវជ្រាវ និងកោសល្យវិច័យ ថាតើមកពីបញ្ហាឲ្យពិតប្រាកដ ។ទន្ទឹមហ្នឹងការអំពាវនាវនេះ រូបលោក ក៏បានទទួលស្គាល់ថាប្រជាពលរដ្ឋក្នុងភូមិរបស់គាត់ ការយល់ដឹងអំពីសុវត្ថិភាពចំណី និងអនាម័យ នៅមានកម្រិត ។

លោក ប៉ាវ ប៉េងហ៊ួត មានអាយុ៣៧ឆ្នាំ ជាបងប្អូនជនជាតិទំពួន រស់នៅក្នុងភូមិល្អើនក្រើន បានលើកឡើងឲ្យដឹងដែរថា កន្លងមក ក្នុងភូមិរបស់ពួកគាត់ពុំដែលកើតមានបញ្ហាដូចនេះកើតឡើងនោះទេ នេះគឺជាលើកទី១ហើយ ។

ទាក់ទងទៅហ្នឹងករណីខាងលើនេះ លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងតាមការសន្និដ្ឋានជាបឋមថា ជាករណីកង្វះអនាម័យម្ហូបអាហារ ខណ:ដែលអ្នកភូមិទាំងពីរខាងលើ បាននាំគ្នាចូលរួមពិធីបុណ្យសព ដោយបានរៀបចំពិធីសែនព្រេងតាមបែបប្រពៃណីរបស់បងប្អូនជាតិដើមភាគតិច ដោយមានការចម្អិនអាហារដោយការកាប់ក្របី និងម្ហូបចំណីផ្សេងទៀត ដើម្បីស្រស់ស្រូបអាហារជុំគ្នានាពិធីបុណ្យសពនោះ ។

ទន្ទឹមហ្នឹងនោះ ប្រធានមន្ទីរសុខាភិបាលខេត្តរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពចំណីអាហារ ដោយចាំបាច់ត្រូវតែអនុវត្តន៍ឲ្យបានជាប្រចាំនូវការ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ៕ តាជួង

Loading...