ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យជាង ១ម៉ឺនគ្រួសារ ទទួលអំណោយ ពូជស្រូវ ពីសម្ដេចតេជោ ហ៊ុន សែន

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកពូជស្រូវទៅចែកជូនប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ។

អញ្ជើញចូលរួមអមដំណើរមានឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ មេបញ្ជាការរង នាយទាហាន យោធភូមិភាគទី៥កងកម្លាំងប្រដាប់អាវុធ ព្រមទាំងអាជ្ញាធរដែនដី ។

អំណោយដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំយកមកចែកជូនប្រជាពលរដ្ឋ ធ្វើឡើងនៅផ្សារចំការតាដោក ស្រុកមង្គលបុរី ដែលមានប្រជាពលរដ្ឋចំនួន ១១០០០គ្រួសារ។

ក្នុងមួយគ្រួសារទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម, មី ចំនួន០១កេស, ត្រីខ ចំនួន០១យួរ, ទឹកត្រី ចំនួន០១យួរ, ទឹកស៉ីអ៉ីវ ចំនួន០១យួរ, ទឹកសុទ្ធ ចំនួន០១កេស, ឃីត ចំនួន០១កញ្ចប់, ស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា ចំនួន៥០,០០០រៀល។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យបានទទួលរងគ្រោះនូវជំនន់ទឹកភ្លៀង ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ១ចំនួនក្នុងក្រុង-ស្រុក ខេត្តបន្ទាយមានជ័យ។

អំណោយដែលយកមកចែកជូនក្នុងថ្ងៃនេះមានចំនួន៣ ក្រុង-ស្រុក មានស្រុកមង្គលបុរី ស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

 

 

Loading...