ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិសភ័យ ទទួលបានអំណោយមនុស្សធម៌

ភ្នំពេញ៖ កាលពីវេលាម៉ោង ៥ និង០០នាទីព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋយ៉ាងសន្ធោរសន្ធៅ ដែលសុទ្ធសឹងជាលំនៅឋានសង់ឡើងពីឈើប្រក់សង្ក័សី នៅចំណុចផ្លូវប៉េតុង ក្នុងភូមិក្បាលទំនប់ទី៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។

ផ្ទះប្រជាពលរដ្ឋរងគ្រោះមានទាំងអស់៣៥គ្រូសារ ទទួលបានអំណោយមនុស្សធម៌ពីកាកបាតក្រហមកម្ពុជាដើម្បីដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ ។

សម្តេចកិត្តិព្រឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ជូនពលរដ្ឋរងគ្រោះទាំងនេះ តាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃថ្ងៃអាទិត្យទី២៤ ខែមិថុនា ឆ្នាំ២០១៨ ​​។ អំណោយមនុស្សធម៌ដែលប្រគល់ជូនពលរដ្ឋរងគ្រោះ ក្នុង១គ្រួសារទទួលបាន អង្ករចំនួន៣០គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ទឹកស៊ីអ៊ីវ១យូរ ទឹកត្រី១យូរ មុង១ ភួយ១ កំសៀវទឹក១ ចានបាយ៥ ចានសម្លរ២ ស្លាបព្រា៥ វែក១ ចានកាធុន១ ធុងទឹកចំណុះ៨០លីត្រ១ សំពត់តង់កៅស៊ូ១ និងថវិកាចំនួន១០ម៉ឺនរៀល ។

ក្នុងឱកាសនោះ លោកឃួង ស្រេង មានប្រសាសន៍ថា បើមានបងប្អូនណា ខ្វះខាតអង្ករ និងសម្ភារផ្សេងៗ សូមអញ្ជើញទៅទំនាក់នៅគណបក្សប្រជាជនកម្ពុជាខណ្ឌ ព្រមទាំងណែនាំឲ្យអាជ្ញាធរជួយធ្វើអត្តសញ្ញាណបណ្ណសញ្ញជាតិខ្មែរឡើងវិញ ជូនពលរដ្ឋដែលរងគ្រោះផងដែរ ។ លោក ឃួង ស្រេង ក៏បានសម្តែងការសោកស្តាយ ព្រោះការជួយសង្គ្រោះមានការលំបាកខ្លាំង ដោយយើងខំជួយខ្លាំងដែរ តែគ្មានផ្លូវចូល ផ្លូវតូចអង្អៀត មិនអាចចូលរថយន្តទឹកបាន ៕

 

Loading...