ប្រជាពលរដ្ឋថា ៖ អាជ្ញាធរខណ្ឌមានជ័យ បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​បឹងទំពន់​១ និង​សង្កាត់​ដទៃទៀត​ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ដូចជា កន្ទុយលេខ ល្បែង​បញ្ជល់មាន់ បៀ​អាប៉ោង និង​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​ជ្រក​ក្រោម​យីហោ​ហាង​អ៊ី​ន​ធឺ​ណេ​ត កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ និង​លោក ពេជ្រ កែវ​មុន្នី អភិបាលខណ្ឌ​មានជ័យ មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​រស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​នោះទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ពិនិត្យមើល​ភាព​អសកម្ម​របស់លោក ពេជ្រ កែវ​មុន្នី អភិបាលខណ្ឌ​មានជ័យ និង​លោក ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ ខ្លះ​ផង​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពន់​១ បាន​ឲ្យ​ដឹងថា ស​ង្ងៀ​ន​បញ្ជល់មាន់​បង្កប់​ដោយ​ល្បែង​អាប៉ោង​ក្នុង​មូលដ្ឋាន​ពួកគាត់​ដែល​ប្រឈម​នឹង​ការបង្ក្រាប​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ បច្ចុប្បន្ន​កំពុងដំណើរកា​រ​ឡើងវិញ​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​បឹងទំពន់​១ និង​ពី​សំណាក់​លោក ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ ទេនោះ​គឺ​គ្មាន​នរណា​ហ៊ាន​បើក​ល្បែង​បញ្ជល់មាន់​ក្នុងភូមិ​ចំរើន​ផល បានទេ​។ មានការ​រិះគន់​ចំៗ​ថា​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​មានជ័យ កំពុង​ឃុបឃិត​គ្នា​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំរើន​ផល បាន​ឲ្យ​ដឹងថា កាលពី​ប៉ុន្មាន​ខែ​មុន កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្លាប់​បង្ក្រាប​សង្វៀន​បញ្ជ​ល់​មាន់​ក្នុង​មូលដ្ឋាន​ពួកគាត់​រួចទៅហើយ​។ ក៏ប៉ុន្តែ​បច្ចុប្បន្ន​ស្រាប់តែ​ម្ចាស់​សង្វៀន​បញ្ជល់មាន់​បង្ក​ប់​ដោយ​ល្បែង​អាប៉ោង​ទ្រង់ទ្រាយ​ធំ​បើក​ដំណើរការ​ឡើងវិញ​យ៉ាង​រលូន ក្នុងខណៈដែល​លោក ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ និង​លោក ពេជ្រ កែវ​មុន្នី អភិបាលខណ្ឌ​មានជ័យ នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​បឹងទំពន់​១ បាន​ឲ្យ​ដឹងថា ស្រប​ពេលដែល​សង្វៀន​ប​ញ្ជ​ល់​មាន់​និង​ល្បែង​អាប៉ោង​ក្នុងភូមិ​ចំរើន​ផល ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ គឺ​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ ក៏ដូចជា​បទល្មើស​គ្រឿងញៀន​រាលដាល​យ៉ាង​ពេញបន្ទុក​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ដូច្នេះ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត ក៏ដូចជា​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខណ្ឌមានជ័យ នោះទេ​៕

Loading...