ប្រជាពលរដ្ឋទីទ័លក្រជិត ៥០០គ្រួសារ នៅក្នុងខេត្តរតនគិរី ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា !

ខេត្តរតនគិរី៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី លោក ថង សាវុន បានដឹកនាំមន្ត្រីក្រោមឱវាទគ្រប់លំដាប់ថ្នាក់ នាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ៤៨៤គ្រួសារ នៅក្នុងស្រុកពីរ គឺស្រុកអូរជុំ និងស្រុកលំផាត់ ខេត្តរតនគិរី។

ការចែកអំណោយនោះ បានធ្វើឡើងក្នុងរយៈពេល ២ថ្ងៃបន្តបន្ទាប់គ្នា គឺនៅក្នុងស្រុកលំផាត់ បានចែកជូនប្រជាពលរដ្ឋ ២៤៣គ្រួសារ មកពី ៦ឃុំ កាលពីថ្ងៃទី៣០ធ្នូ និងនៅក្នុងស្រុកអូរជុំ ចែកជូនប្រជាពលរដ្ឋ ២៤១គ្រួសារ មកពី ៧ឃុំ នាថ្ងៃទី៣១ធ្នូឆ្នាំ២០២០នេះ។ ប្រជាពលរដ្ឋទាំងពីរស្រុក ដែលសុទ្ធសឹងតែជាគ្រួសារចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងអ្នកផ្ទុកជំងឺអេដស៍ មានចំនួន ៤៨៤គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ មី ត្រីខកំប៉ុង ប៊ីចេង ទឹកស៊ីអ៊ីវ និងអំបិល ១កញ្ចប់ ផងដែរ។

អភិបាលខេត្តរតនគិរី លោក ថង សាវុន បានមានប្រសាសន៍ថា អំណោយដែលបាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងពេលនេះ គឺជាអំណោយមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាល សម្ដេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេស សម្តេចតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ដូចជា គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងគ្រោះទឹកជំនន់ ជាដើម។

លោក ថង សាវុន បានមានប្រសាសន៍ផ្តាំផ្ញើ ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កើនការអនាម័យឲ្យបានជាប់ជាប្រចាំ គឺត្រូវហូបស្អាត ផឹកទឹកស្អាត រស់នៅស្អាតជានិច្ច ដើម្បីជៀសវាងពីការឆ្លងជំងឺដង្កាត់ផ្សេងៗ និងដើម្បីការពារហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ សូមអនុវត្តឲ្យបានត្រឹមត្រូវ តាមសារអប់រំនានារបស់ ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ តាមរយៈការលាងដៃឲ្យបានញឹកញាប់ និងជាប្រចាំ ជាមួយសាប៊ូ អាល់កុល ឬទឹកអាល់កុលជែល និងត្រូវទម្លាប់ហូបទឹកក្តៅដាំពុះជារៀងរាល់ថ្ងៃ ត្រូវបរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ហើយត្រូវពាក់ម៉ាស់ ឬក្រមា ពេលចេញក្រៅផ្ទះ និងសូមជួយជួយអប់រំ ណែនាំ ដល់កូនចៅឲ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះត្បិតគ្រឿងញៀន នឹងបំផ្លាញអនាគតរបស់ក្មេងៗ និងក្រុមគ្រួសារបានគ្រប់ពេលវេលា។

គួរបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា កុមារកំព្រា ជនពិការ ស្ត្រីមេម៉ាយ និងអ្នកផ្ទុកមេរោគអេដស៍ ចាប់ពីថ្ងៃទី២៨ធ្នូ ដល់ថ្ងៃទី៣១ធ្នូ ឆ្នាំ២០២០នេះ បានចំនួន ៥ស្រុក គឺស្រុកវើនសៃ ៣៩៦គ្រួសារ ,ស្រុកអណ្តូងមាស ២២៣គ្រួសារ ,ស្រុកបរកែវ ២២៦គ្រួសារ ,ស្រុកលំផាត់ ២៤៣គ្រួសារ និងស្រុកអូរជុំ ២៤១គ្រួសារ សរុបទាំង ៥ស្រុក មានប្រជាពលរដ្ឋ ១ពាន់ ៣២៩គ្រួសារ ដែលទទួលបានអំណោយមនុស្សធម៌ពី កាកបាទក្រហមកម្ពុជា៕

Loading...