ប្រជាពលរដ្ឋនៅខេត្តតាកែវបានទទួលសេវាពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោជាលើកទី៤

ខេត្តតាកែវ៖ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចំនួន២៦៧នាក់ ចុះព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនៅឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ នាថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០១៧ ដោយមានការចូលរួមអជ្ញាធរ ក្រុមហ៊ុន យុវជន និស្សិត និងផ្នែកដែលពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋជាង៤ពាន់នាក់។

លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបតិ្តសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ តំណាងលោក ហ៊ុន ម៉ាណែតប្រធានក្រុមប្រឹក្សាភិបាលសមាគម បានមានលើកឡើងថា សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ២០១២ ក្រោមការផ្តួចផ្តើមគំនិតផ្ទាល់របស់សម្តេច តេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ហើយដឹកនាំផ្ទាល់ដោយ លោក ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងគោលបំណងដើម្បីចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃដោយមិនប្រកាន់និន្នាការនយោបាយ ដែលនេះគឺជាការគិតគូរយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ជាក់ស្តែងក្នុងរយៈពេល៥ឆ្នាំនេះសមាគមបានចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនៅទូទាំងប្រទេសបានប្រមាណជាង២០ម៉ឺននាក់ហើយ។ លោកវេជ្ជបណ្ឌិតក៍បានថ្លែងអំណរគុណអជ្ញាធរ ក្រុមការងារចុះជួយស្រុកមេមត់ ក្រុមហ៊ុនLG ក្រុមហ៊ុនមិត្តហ្វូន យុវជនសសយក និស្សិតអាហារូបករណ៍សម្តេចតេជោ និងផ្នែកដែលពាក់ព័ន្ធដែលបានចូលរួមជួយប្រជាពលរដ្ឋនៅសកម្មភាពមនុស្សធម៌នៅក្នុងស្រុកអង្គបុរី ខេត្តតាកែវ។

លោក ខាន់ សុខា អភិបាលរងនៃគណអភិបាលខេត្តតាកែវបានមានប្រសាសន៍ថាប្រមុខថ្នាក់ដឹកនាំបានលះបង់គ្រប់បែបយ៉ាងស្វែងរកសុខសន្តិភាពជូនប្រទេសជាតិនិងប្រជាជន។ ប្រទេសកម្ពុជាមានសុខសន្តិភាពធ្វើឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។ លោកជំទាវបានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោកជំទាវក៍បានថ្លែងអំណរគុណចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដែលបានចុះជួយព្យាបាលដោយឥតគិតថ្លៃនៅ ខេត្តត្បូងតាកែវនៅថ្ងៃនេះ។

ប្រជាពលរដ្ឋ ដែលបានមកទទួលការព្យាបាលដោយឥតគិតថ្លៃនៅក្នុងស្រុកអង្គបុរីនេះបានបង្ហាញអារម្មណ៍ត្រេកអរសប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកបាំ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដែលបានព្យាលបាលដោយឥតគិតថ្លៃប្រកបដោយទឹកចិត្តសប្បុរសធម៌ ។

នេះគឺជាលើកទី០៤ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋនៅខេត្តតាកែវដោយឥតគិតថ្លៃ។បើតាមរបាយការណ៍ ការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋនៅស្រុកអង្គរបុរី ខេត្តតាកែវ ថ្ងៃនេះមានចំនួនសរុប៤៤២២នាក់៕

Loading...