ប្រជាពលរដ្ឋបានសំណូមពរ ឲ្យអាជ្ញាធរឃុំមេត្តាជួយដាស់តឿនរថយន្តដឹកដី បង្កឲ្យផ្លូវខូចខាត គ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ

ខេត្តសៀមរាប៖ ផ្លូវលំមួយខ្សែរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់អ្នកធ្វើដំណើរ ដែលបណ្តាលមកពី រថយន្តដឹកដី លើសទម្ងន់ តាមបណ្តោយផ្លូវគ្រួសក្រហម ស្ថិនៅភូមិត្រពាំងត្រាវឃុំគោកធ្លកក្រោម ស្រុកជីក្រែង សូមអាជ្ញាធរឃុំ និងអាជ្ញាធរស្រុកមេត្តាជួយ ដាស់តឿនដល់ម្ចាស់អាជីវកម្ម រថយន្តដឹកដីនេះផង ដោយសារកន្លងមក មានករណីគ្រោះថ្នាក់ជាបន្តបន្ទាប់។

ជាក់ស្តែង កាលពីរសៀលថ្ងៃសៅរ៍ទី០៣ខែមេសាឆ្នាំ២០២១ មានករណីប្រជាពលរដ្ឋ ជិះម៉ូតូដួលគ្រោះថ្នាក់ដោយសារផ្លូវផុង ធ្វើឲ្យអ្នកជិះម៉ូតូ៣នាក់ យាយនិងចៅទទួលគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានដួលដោយខ្លួនឯង បន្ទាប់ពីមានរថយន្តដឹកដីហុយត្រឡូម មើលផ្លូវមិនឃើញ និងសភាពផ្លូវខូចខាតឌ្រុធទ្រោម ក្រហេងក្រហូង ព្រោះតែអ្នកប្រកបអជីវកម្មការដឹកដី មិនខ្វល់ពីខូចខាត និងមិនចូលរួមថែទាំ បណ្តាលឲ្យផ្លូវមួយខ្សែនេះ ទទួលរងខូចខាតយ៉ាងដំណំ។

មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង យីហោហុងដាសេរី ២០០៥ បើកបរដោយក្មេងស្រីម្នាក់ ឌុបយាយចាស់ និងអ្នករួមដំណើរម្នាក់ទៀត ក្នុងទិសដៅពីកើតទៅលិច គោលបំណងទៅចូលរួមបុណ្យសពបងប្អូន លុះមកដល់ផ្លូវគ្រួសក្រហម ត្រង់ចំនុចផ្លូវខូច ក៏បណ្តាលឲ្យដួលរងរបួសយ៉ាងធ្ងន់ទៅ ។

សូមបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ទី១ ឈ្មោះម៉ិក វល័ក្ខរបួសធ្ងន់ និងលោកយាយហ៊ឹម ហួន អាយុ៨៤ឆ្នាំ បន្ទាប់ពីគ្រោះថ្នាក់ ជនរងគ្រោះទាំងពីនាក់ ត្រូវបានសាច់ញាតិ បងប្អូនដឹកបញ្ជូនទៅ ពេទ្យមណ្ឌលសុខភាពឃុំជីក្រែង តែដោយសារអាការៈធ្ងន់ធ្ងរ ក៏បានដឹកបន្តទៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម រីឯម្នាក់ទៀតឈ្មោះហ៊ាប សេងអ៊ន់របួសស្រាល។

ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរឃុំ អាជ្ញាធរស្រុក មេត្តាជួយចាត់វិធានការ ដាស់តឿនរថយន្តដឹកដីបង្ករឲ្យផ្លូវខូចខាតគ្រោះថ្នាក់ជាច្រើនករណី ដល់អ្នកធ្វើដំណើរ ដោយកន្លងមក ប្រជាពលរដ្ឋតែងតែទទូចដល់លោក យឹម ឃុនមេភូមិត្រពាំងត្រាវ ឲ្យជួយរកដំណោះស្រាយ បញ្ហាឡានដឹកដីបណ្តាលអោយខូចខាត ផ្លូវនឹងមានគ្រោះថ្នាក់ចរាចរណ៍ដែលប៉ុន្តែ មេភូមិហាក់ដូចជាគ្មានការព្រួយបារម្ភ និងមិនខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ៕

Loading...