ប្រជាពលរដ្ឋប្រមាណ ៣៧គ្រួសារ រស់នៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ផ្ទុះការតវ៉ាជាថ្មីក្រោយបែកធ្លាយឯកសារ មិនប្រក្រតីលើដី១៩២ហិចតា

ខេត្តព្រះសីហនុ៖ ក្រុមប្រជាពលរដ្ឋប្រមាណ ៣៧គ្រួសារ រស់នៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ បានប្រតិកម្មតវ៉ាទៅលើសកម្មភាព របស់លោក ភឿន ផល្លា និង លោក លឹម សុជាតិ ក្រោយពីបានបែកធ្លាយឯកសារថា ដីប្រមាណ១៩២ហិចតា ដែល ឈ្មោះ ភឿន ផល្លា និង លោក លឹម សុជាតិ បានមកសុំមេដៃ របស់ពួកគាត់ដោយអះអាងថា ដើម្បីស្នើសុំសិទ្ឋិកាន់កាប់ដីស្របច្បាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនពួកគាត់ ប៉ុន្តែជាក់ស្ដែងមានតែឈ្មោះមនុស្សចំនួន២នាក់តែប៉ុណ្ណោះ ទទួលបានសិទ្ធិក្នុងការគ្រប់គ្រងដីប្រមាណ១៩២ហិចតាខាងលើ។

តំណាងប្រជាពលរដ្ឋចំនួន ៣៧គ្រួសារ បានបង្ហាញការសោកស្តាយ ព្រោះ ពួកគាត់មិនស្មានថា អ្វី គឺជាឆាកល្ខោន សោះ ព្រោះកន្លងមកឈ្មោះ ភឿន ផល្លា និង លោក លឹម សុជាតិ បានមកប្រាប់ពួកគាត់ និងស្នើសុំឲ្យពួកគាត់ផ្តិតមេដៃ ដើម្បីដាក់ជូន សម្តេចប្រមុខរាជរដ្ឋាភិបាល ក្នុងការកាត់ង្វៀលដីជូនពួកគាត់ ប៉ុន្តែការរំពឹងទុក បានផ្ទុយពីការពិតទាំងអស់។ តំណាងពលរដ្ឋ បន្តថាស្រាប់តែថ្មីៗនេះពួកគាត់ បានទទួលឯកសារមួយច្បាប់ ដែលមន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ឋប្រគល់ដីជូនតែ ឈ្មោះភឿន ផល្លា និង លោក លឹម សុជាតិ ទៅវិញ ដែលផ្ទុយពី សេចក្តីជូនដំណឹងឬ ស. ជ. ណ របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ស. ជ. ណ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកាត់ឆ្វៀលដីចំនួន ១៩២ហិចតាខាងលើនេះ ជូនឈ្មោះភឿន ផល្លា – លោក លឹម សុជាតិ រួមជាមួយប្រជាពលរដ្ឋចំនួន២៩ គ្រួសារផ្សេងទៀត។

ផ្តើមពីបញ្ហានេះ តំណាងនាមប្រជាពលរដ្ឋទាំង៣៧គ្រួសារ បានសំណូមពរដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធថ្នាក់លើជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមជួយរកយុត្តិធម៌ជូនពួកគាត់ ដោយអនុគ្រោះផង ព្រោះហេពលរដ្ឋពួកគាត់ បានមករស់នៅ និងអាស្រ័យផលជាក់ស្តែងជាបន្តបន្ទាប់នៅលើដីនោះ បែរជាពុំមានឈ្មោះទទួលបានដីកម្មសិទ្ធិ ហើយបែរជាទៅមានឈ្មោះបុគ្គល ដែលពុំមានទីលំនៅដ្ឋានរស់នៅ និងអាស្រ័យផលនៅមូលដ្ឋានខាងលើនេះទៅវិញ។

ជុំវិញការបែកធ្លាយឯកសារនេះ លោក សាមុត សុធារិទ្ឋ ប្រធានមន្ទីបរិស្ថាន បានអះអាងថា ចំពោះបញ្ហានេះ លោកពុំបានដឹងទេ ហើយថា រាល់ការអនុវត្តន៍នីតិវិធី គឺជាការសម្រេច របស់សាលាខេត្ត ព្រះសីហនុ និងមន្ទីរសុរិយោដី ព្រមទាំង ថ្នាក់ដឹកនាំក្រសួង។ លោកបន្តថា មន្ទីររបស់លោកពុំមានសិទ្ឋិនោះទេ។

ករណីនេះ លោក សុធារិទ្ធ បានស្នើឲ្យពលរដ្ឋទៅសួរនាំលើឯកសារកម្មសិទ្ឋិ មានឈ្មោះតែឈ្មោះបុគ្គលពីរនាក់នោះ គឺអាចទៅសួរមន្ត្រីរដ្ឋបាល ខេត្តព្រះសីហនុ និងមន្ទីរជំនាញច្បាស់ជាង ព្រោះគេអាចមានឯកសារពាក់ព័ន្ឋផ្សេងទៀត។

ដោយឡែក លោក លិន សារិន មេឃុំរាម ស្រុក ព្រៃនប់ បានឲ្យដឹងថា ជុំវិញការសម្រេឆ្វៀលដីចំនួន១៩២ហិចតា ទៅឲ្យ បុគ្គលឈ្មោះ ភឿន ផល្លា និង ឈ្មោះ លឹម សុជាតិ តែពីរនាក់នេះ លោកពុំដឹងច្បាស់ដែរ ព្រោះកន្លងមក មុនបែកធ្លាយឯកសារនេះ ក៏មានប្រជាពលរដ្ឋប្រមាណ៦០គ្រួសារ បានចេញមកធ្វើការតវ៉ា ទាមទាទប់ស្កាត់ម្តងដែរ ហើយក៏បានស្ងាត់ទៅវិញ។

លោកបន្តថា ទើបតែនៅពេលថ្មីនេះ មានព័ត៌មានមកថា ដីខាងលើត្រូវបានស្ថាប័នថ្នាក់លើ សម្រេចកាត់ឆ្វៀលដីចំនួន១៩២ហិចតា ទៅឲ្យ ឈ្មោះ ភឿន ផល្លា និង ឈ្មោះ លឹម សុជាតិ ទៅវិញ គឺមិនបានដឹងសោះតែម្តង៕

 

Loading...