ប្រជាពលរដ្ឋមានការភ្ញាក់រឮបាននាំយកអាវុធកែច្នៃជាង២០ដើមមកប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ អាវុធប្រភេទកែច្នៃជាង២០ដើម ដែលគេដឹងថា ប្រជាពលរដ្ឋបានទិញយកមកលាក់ទុកបរបាញ់សត្វព្រៃ យកមកធ្វើជំនួញខុសច្បាប់នោះ នៅព្រឹកថ្ងៃ១៣កក្កដានេះ អាវុធទាំងនោះ ត្រូវបាននាំយកមកប្រគល់ឲ្យអាជ្ញាធរភូមិ និងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំយាង ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីនគរបាលរដ្ឋបាលឃុំយាងបានឲ្យដឹងថា ចាប់តាំងពីខែមករា រហូតមកទល់នឹងថ្ងៃ១៣កក្កដា២០១៧នេះ អាវុធកែច្នៃជាង២០ដើមហើយ ដែលបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានភ្ញាក់រលឹក ហើយបាននាំយកមកប្រគល់ជូនអាជ្ញាធរ និងសមត្ថកិច្ចប្រចាំដែនដីជាបន្តបន្ទាប់ ដោយពួកគាត់បានបោះបង់ការរក្សាទុក អាវុធប្រើប្រាស់ដោយខុសច្បាប់ បន្ទាប់ពីទទួលបានការផ្សព្វផ្សាយ ឲ្យមានការយល់ដឹងពីសំណាក់អាជ្ញាធរ និងក្រុមមន្ត្រីនគរបាលជំនាញនោះរួចមក។ លោកថា អាជ្ញាធរ និងមន្ត្រីនគរបាលជំនាញមូលដ្ឋាន តែងបានចុះផ្សព្វផ្សាយពីភាពគ្រោះថ្នាក់ និងការរក្សាអាវុធទុកប្រើប្រាស់ដោយខុសច្បាប់ និងអ្វីដែលសំខាន់នោះ គឺអ្នកដែលលួចលាក់ទុកអាវុធទាំងនោះ នឹងត្រូវតែប្រឈមមានទោសទៅតាមផ្លូវច្បាប់ជាធរមាន។

ប្រជាពលរដ្ឋដែលមានការភ្ញាក់រលឹក ហើយនាំយកអាវុធមកប្រគល់ជូនសមត្ថកិច្ច បាននិយាយថា អាវុធទាំងនេះ គឺពួកគាត់បានទិញយកមកលាក់ទុក សំរាប់បរបាញ់សត្វព្រៃយកមកលក់ដោះស្រាយជីវភាពប្រចាំគ្រួសារ។ ប៉ុន្តែ ក្រោយពីទទួលបានផ្សព្វផ្សាយឲ្យមានការយល់ដឹងពីភាពគ្រោះថ្នាក់ ការប្រឈមនឹងជាប់ទោសទណ្ឌនោះមក ពួកគាត់បានសំរេចចិត្តឈប់ប្រើប្រាស់អាវុធ និងឈប់បរបាញ់សត្វព្រៃដោយខុសច្បាប់នោះទៀតហើយ និងបាននាំយកអាវុធមកប្រគល់ជូនសមត្ថកិច្ចគ្រប់គ្រង។ លោកបានសន្យាចូលរួមសហការណ៍ផ្តល់ព័ត៌ មានដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ពេលវេលា គ្រាដែលឃើញនៅតែមានអ្នកប្រើប្រាស់អាវុធនោះទៀត។

អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា លោកធ្លាប់មានប្រសាសន៍ កាលពីពេលកន្លងទៅថ្មីៗនេះ ដោយដាក់បញ្ជាដល់សមត្ថកិច្ចជំនាញគ្រប់ប្រភេទ បន្តចុះផ្សព្វផ្សាយពីផលប៉ះពាល់ និងភាពគ្រោះថ្នាក់ ហើយប្រឈមផ្លូវច្បាប់ ពីការរក្សាទុកអាវុធប្រើប្រាស់ដោយខុសច្បាប់នេះ ដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានរស់នៅ តាំងពីទីក្រុងរហូតដល់ទីជនបទដាច់ស្រយាល បានដឹង និងបានយល់។

លោកអភិបាលខេត្តមានប្រសាសន៍ទៀតថា នៅរយះកាលកន្លងមក មានប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាលជាច្រើន តែងតែលាក់អាវុធកែច្នៃ ទុកសំរាប់បរបាញ់សត្វព្រៃដោយខុសច្បាប់ ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺនៅពេលមានជម្លោះរវាងគ្នាម្តងៗ ពួកគាត់មានសំអាង ហើយទាញយកអាវុធដែលលាក់ទុកនោះ មកបាញ់សម្លាប់គ្នាយ៉ាងសាហាវបំផុត។ ដូច្នេះ អាជ្ញាធរខេត្តតែងបានជម្រុញ ដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដែល រាជរដ្ឋាភិបាល បានដាក់ចុះនាពេលកន្លងមកនោះ អនុវត្តឲ្យមានប្រសិទ្ធិភាព។ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវតែបន្តចុះផ្សព្វផ្សាយ ដល់ពលរដ្ឋឲ្យបានយល់ដឹងគ្រប់ៗគ្នា ពីការប្រើប្រាស់អាវុធខុសច្បាប់នេះ ជាបន្តទៀត៕

Loading...