ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយធម្មជាតិ ៨០គ្រួសារ ទទួលបានអំណោយសប្បុរសធម៌នៅក្នុងខេត្តកំពង់ធំ !

 

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ ៨០គ្រួសារ មកពីឃុំចំនួន ២ នៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ ពីទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកកម្មដំណឹងល្អ លោកខាន់ ខុន រួមជាមួយក្រុមហ៊ុន ប៊ីម៉ារៀលអ៊ីស្ទេត(BemaReal Estateco.Ltd) កាលពីរសៀលថ្ងៃអាទិត្យ ទី១វិច្ឆិកាឆ្នាំ២០២០។ ពិធីចែកអំណោយនោះ ក៏មានការចូលរួម ពីអាជ្ញាធរនៅក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ផងដែរ។

លោក ខាន់ ខុន បានថ្លែងថា អំណោយដែលបាននាំយកមកចែកជូន ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ជនងាយរងគ្រោះ ជនពិការ ចាស់ជរា ស្ត្រីមេមាយ កុមារកំព្រា និងជនងាយរងគ្រោះផ្សេងៗទៀត ទាំងអស់នៅក្នុងពេលនេះ មានចំនួន ៨០គ្រួសារ មកពីឃុំចំនួន ២ គឺឃុំក្រវ៉ា និងឃុំចើងដើង ស្ថិតក្នុងស្រុកបារាយណ៍ ដែលត្រូវទទួលបានអង្ករ មី និងទឹកត្រី ។ លោកបានបន្តថា សមាគមន៍ដំណឹងល្អ តែងបានចែកអំណោយបែបនេះ ដល់ប្រជាពលរដ្ឋ មិនដែលបានគិតថា បងប្អូនទាំងអស់ស្ថិតនៅក្នុងគណបក្ស ឬបម្រើឲ្យនិន្នាការនយោបាយបក្សណាមួយនោះឡើយ គឺសមាគមន៍តែងធ្វើឡើងនៅក្នុងទឹកចិត្តសម្បុរសធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយរយៈពេលដែរ បើទោះបីជាអំណោយទាំងនេះ មានចំនួនតិចតួចក៏ពិតមែន តែនេះគឺជាការចែករំលែកក្តីស្រឡាញ់ ចំពោះប្រជាពលរដ្ឋទូទៅ តែប៉ុណ្ណោះ។

លោក ខាន់ ខុន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែទាំសុខភាពឲ្យបានល្អ ត្រូវពិសាទឹកស្អាត សម្រានក្នុងមុង និងការសម្អាតបរិស្ថាន ជុំវិញទីរស់នៅឲ្យបានស្អាតជានិច្ច ដើម្បីបង្ការការកើតឡើងជំងឺនានា ជាពិសេស ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺគ្រុនឈិៈជាដើម ។ម្យ៉ាងទៀត ក៏ត្រូវខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីដោះដូរ និងលើកស្ទួយជីវភាពរស់នៅ ឲ្យបានកាន់តែប្រសើរឡើងជាងនេះថែមទៀត។ ហើយក៏ត្រូវអប់រំកូនចៅ ត្រូវរស់នៅឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះការសេព ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន គឺជាទង្វើខុសពីច្បាប់ប្រទេស ៕

 

 

Loading...