ប្រជាពលរដ្ឋរស់នៅភូមិធម្មជាតិសម្តេចតេជោ ស្នើដល់ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តព្រះវិហារ ជួយផ្តល់ដីកសិកម្មសម្រាប់បង្កបង្កើនផល គ្រាដែលពួកគាត់កំពុងប្រឈម នឹងកង្វះខាតក្នុងជីវភាព !

ខេត្តព្រះវិហារ៖ ការស្នើសុំរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តព្រះវិហារ និងប្រមុខរាជរដ្ឋាភិបាល ពីសំណាក់ប្រជាពលរដ្ឋប្រមាណជាង ៦០គ្រួសារ ដែលកំពុងប្រឈមនឹងខ្វះដីបង្កបង្កើនផលនោះ បានធ្វើឡើងកាលពីថ្ងៃ៨កុម្ភះឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិធម្មជាតិ សម្តេចតេជោ ឃុំស្រឯម ស្រុកជាំក្សាន្ត។

តំណាងប្រជាពលរដ្ឋទាំងជាង ៦០គ្រួសារ លោកព្រឹទ្ធាចារ្យ សំ ណុំ មានវ័យ៨០ឆ្នាំ បានថ្លែង ពីកង្វល់ដែលរូបលោកព្រឹទ្ធាចារ្យ ក៏ដូចប្រជាពលរដ្ឋរាប់សិបគ្រួសារទៀត កំពុងរស់នៅក្នុងភូមិធម្មជាតិ សម្តេចតេជោ នេះ កំពុងប្រឈមនឹងខ្វះដីសម្រាប់បង្កបង្កើនផល ធ្វើស្រែចំការ ឬដាំដំណាំកសិកម្មផ្សេងៗទៀត ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ នៅក្នុងដំណាក់កាល នៃជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលនេះផងនោះដែរ។

លោកព្រឹទ្ធាចារ្យបានបន្តទៀតថា ប្រជាពលរដ្ឋប្រមាណ ៦៣គ្រួសារ នៅរយៈកាលកន្លងមក បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ គឺដីលំនៅដ្ឋាន មានទំហំទទឹង ២០ម៉ែត្រ និងបណ្តោយ ៥០ម៉ែត្រ ពីអាជ្ញាធរខេត្តព្រះវិហារ ក្រោមការគិតគូ និងយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាល មានសម្តេចតេជោ ជាប្រមុខដឹកនាំ រួចមកហើយ។ ប៉ុន្តែ ពេលនេះពួកគាត់មានតែដីលំនៅដ្ឋាន និងមិនទាន់ទទួលបានដីកសិកម្មនោះទេ ដូច្នេះ ពួកគាត់ស្នើសុំរកកិច្ចអន្តរាគមន៍ពី អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ជាពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាម៉ែជាឪ ដឹងសុខដឹងទុក្ខរបស់កូនចៅ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យជួយផ្តល់ដីសម្រាប់ធ្វើស្រែដល់ពួកគាត់ ព្រោះត្បិតរដូវវស្សា ក៏ជិតឈានចូលមកដល់ហើយដែរ។ លោកព្រឹទ្ធាចារ្យ បានបន្តថា ក្រោយទទួលបានដីលំនៅដ្ឋានរួចមក ពួកគាត់បានដាក់លិខិស្នើសុំដីកសិកម្មទំហំ ២ហិចតា ក្នុង១គ្រួសារ សម្រាប់បង្កើបង្កើនផល ទៅដល់រដ្ឋបាលឃុំស្រអែម ស្រុកជាំក្សាន្ត ដោយការស្នើសុំដីស្រែនោះ តាំងពីឆ្នាំ២០១៥នោះមក រហូតមកដល់ពេលនេះ មានរយៈពេល ៦ឆ្នាំហើយ នៅតែមិនទាន់ទទួលបានទៀត។ ហេតុដូច្នេះហើយ ទើបពួកគាត់ស្នើសុំរកិច្ចអន្តរាគមន៍ ពីអាជ្ញាធរខេត្ត ជាពិសេស សម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាជួយដល់ពួកគាត់ ដែលជាអឌិតគ្រួសារកងទ័ព ឈរជើងនៅសមរភូមិមុខ ដែលកាលនោះ ពួកគាត់ជាអតីតអ្នករស់នៅក្នុង ភូមិគ១ ក្បែរជើងភ្នំប្រាសាទព្រះវិហារ។

មេឃុំស្រអែម លោក ប្រាក់ ភី បានថ្លែង ដោយទទួលស្គាល់ថា ប្រជាពលរដ្ឋទាំងជាង ៦០គ្រួសារនោះ ពិតជាបានដាក់ពាក្យស្នើសុំដីស្រែ សម្រាប់បង្កបង្កើនផលពិតមែន គឺចាប់តាំងពីឆ្នាំ២០១៥នោះមក ហើយមកទល់ពេលនេះ អាជ្ញាធរស្រុក និងអាជ្ញាធរខេត្ត កំពុងគិតគូរកដីផ្តល់ជូនពួកគាត់ ត្រង់ថា រកបានឬមិនបាន លោកជាមន្ត្រីថ្នាក់ឃុំ មិនហ៊ានអះអាងនោះទេ។

លោក ប្រាក់ ភី បានបញ្ជាក់ថា នៅរយៈកាលកន្លងមកថ្មីៗនេះ អាជ្ញាធរខេត្ត រួមទាំងមន្ត្រីជំនាញដីធ្លី បានរួមគ្នាដោះស្រាយ និងផ្តល់ដីកសិកម្មសម្រាប់បង្កបង្កើនផល ជូនប្រជាពលរដ្ឋ ១ពាន់ ៤៥គ្រួសារ បានពីរដំណាក់កាលរួចមកហើយ និងនៅពេលនេះ កំពុងដោះស្រាយជាបន្តទៀត។ ដោយឡែក ប្រជាពលរដ្ឋទាំងជាង ៦០គ្រួសារ អាជ្ញាធរឃុំ ស្រុក និងអាជ្ញាធរខេត្ត កំពុងរកវិធានការដោះស្រាយជូនពួកគាត់ ទៅតាមជំហានៗ និងជាបន្តបន្ទាប់ ផងដែរ៕

Loading...