ប្រជាពលរដ្ឋរាប់សិបនាក់ ប្រដាប់ដោយកាំបិត និងពូថៅបានលើកគ្នាព័ទ្ធវាយទៅលើ ក្រុមមន្ត្រីរដ្ឋបាលព្រៃ ឈើ បង្ខំអោយសមត្ថកិច្ចផ្ទុះអាវុធជាច្រើនគ្រាប់ នៅតំបន់ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញ នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ជម្លោះដណ្តើមដីធ្លី រវាងប្រជាពលរដ្ឋ និងកម្លាំងរដ្ឋបាលព្រៃឈើខេត្ត និងកម្លាំងអធិការ ដ្ឋានខាងជើងបឹទន្លេសាប បានផ្ទុះឡើងនៅតំបន់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញ «អន្លុងថ្ម» នា គ្រានោះ បានធ្វើអោយមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ រងរបួសដោយសារមុតពូថៅ រថយន្ត១គ្រឿង រងការខូច ខាតយ៉ាងដំណំ ហើយបានបង្ខំចិត្តអោយសមត្ថកិច្ច ផ្ទុះអាវុធជាង២០គ្រាប់ និងឈានដល់ឃាត់ខ្លួន ប្រជាពលរដ្ឋ ២នាក់ កាលពីថ្ងៃទី១៦កក្កដាឆ្នាំ២០២០ ស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រជាពលរដ្ឋដែលផ្ទុះអំពើហឹង្សា ទៅលើក្រុមចម្រុះ នៃមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត និងកម្លាំងអធិការ ដ្ឋានខាងជើងបឹទន្លេសាប នៅក្នុងពេលនោះ ត្រូវសមត្ថកិច្ចនិយាយថា គឺមានគ្នាប្រមាណ ៥០នាក់ នៅក្នុងដៃ ប្រដាប់ដោយដំបង កាំបិត និងពូថៅ បានលើកគ្នាដេញកាប់ និងឡោមព័ទ្ធសមត្ថកិច្ច ហើយបានធ្វើអោយ មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់អោយររបួស និងរថយន្តស៊េរីទំនើប ១គ្រឿង បានរងការខូចខាតស្ទើរទាំងស្រុង ពីក្រុមប្រជាពលរដ្ឋ នៅក្នុងការរារាំងសមត្ថកិច្ច មិនអោយចូលទៅដាំកូនឈើ នៅដីដែលពួកគាត់ដាំដំណាំ ដែលស្ថិតនៅក្នុងដែលសមត្ថកិច្ចគ្រប់គ្រង របស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញ «អន្លុងថ្ម» នៅក្នុងស្រុកសន្ទុកនោះ។
ក្រុមប្រជាពលរដ្ឋដែលរងការវិវាទជាមួយក្រុមមន្ត្រីព្រៃឈើ បានប្រាប់អោយដឹង នៅថ្ងៃទី១៩ កក្កដា ម្សិលមិញថា ដើមចមដែលផ្តើមអោយមានការផ្ទុះអំពើហឹង្សា ទៅលើក្រុមមន្ត្រីព្រៃឈើនោះ ដោយសារនៅ ក្នុងពេលនោះ មានក្រុមចម្រុះរដ្ឋបាលព្រៃឈើខេត្ត និងអធិការដ្ឋានខាងជើងបឹងទន្លេសាប បានចុះទៅកាន់ ដីតំបន់ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើឡើងវិញ នៅចំណុច «អន្លុងថ្ម» ឃុំបឹងល្វា ស្រុកសន្ទុក ហើយ ក្រុមមន្ត្រីបានចោទពួកគាត់ថា បាននាំគ្នាចូលមកកាន់កាប់ដីរដ្ឋ ដោយខុសច្បាប់ ។ ប៉ុន្តែ ធាតុពិតពួកគាត់ បានកាន់កាប់ដីនេះ ជាយូរឆ្នាំមកហើយ រហូតដល់បានដាំដុះដំណំាផ្សេងៗ ថែមទៀតផង។

ប្រជាពលរដ្ឋអះអាងទៀតថា ការប្រកែកតវ៉ាគ្នាបានផ្ទុះឡើងធំទៅៗ រហូតដល់ធ្វើអោយប្រជាពលរដ្ឋ មានគ្នាប្រមាណជា ៥០នាក់ បានកើតក្តីក្តៅក្រហាយ ហើយបានប្រដេញក្រុមមន្ត្រីព្រៃឈើរត់ចែកជើងគ្នា ធ្វើអោយមន្ត្រីព្រៃឈើម្នាក់រងរបួស និងរថយន្ត ១គ្រឿងរងការខូចខាត ដោយសារការផ្ទុះកំហ៊ឹង បណ្តាល អោយមានការផ្ទុះអាវុធ២២គ្រាប់ ហើយកម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងកម្លាំងអធិការដ្ឋានខាង ជើងបឹងទន្លេសាប បានចាប់ប្រជាពលរដ្ឋ ២នាក់វាយខ្នោះ រុញចូលរថយន្ត ដោយចោទថា ការតវ៉ារបស់ ពួកគាត់ គឺជាការរារាំងដល់កិច្ចការរបស់សមត្ថកិច្ច។ ប្រជាពលរដ្ឋ បានចោទមន្ត្រីព្រៃឈើម្នាក់ ឈ្មោះ ហេង ទ្រី ដែលជាមន្ត្រីជាប់កិច្ចសន្យា ថាបានប្រើអំពើហឹង្សាមកលើពលរដ្ឋ ដែលត្រូវឃាត់ខ្លួននោះ នៅមុនពេល រុញបញ្ចូលក្នុងរថយន្ត នាំយកមកកាន់ខណ្ឌរដ្ឋបាល ព្រៃឈើខេត្តកំពង់ធំ។

ជុំវិញការកើតជម្លោះ រវាងមន្ត្រីព្រៃឈើខេត្ត និងអធិការដ្ឋានខាងជើងបឹងទន្លេសាប ជាមួយក្រុម ប្រជាពលរដ្ឋនោះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ លោក ប៊ុន សុធី ប្រាប់អ្នកសារព័ត៌មានថា នៅថ្ងៃនេះ ក្នុងហេតុការណ៍នោះ មានមន្រ្តីរបស់លោកម្នាក់ បានរងរបួស ដោយសារក្រុមប្រជាពលរដ្ឋ គប់ត្រូវនឹងពូថៅ ខណៈដែលមន្រ្តីរបស់លោក កំពុងស្ថិតនៅក្នុងរថយន្ត។ លោកនាយខណ្ឌ បានបន្តថា ចំពោះករណីផ្ទុះអាវុធនេះ គឺមន្រ្តីរបស់លោកបាញ់ការពារខ្លួន ដើម្បីបំបែកក្រុមប្រជាពលរដ្ឋ ព្រោះប្រជាពល រដ្ឋ ចេញមកពីចំការស្វាយចន្ទី ប្រដាប់ដោយកាំបិទ ពូថៅ និងដំបង បានដេញ និងឡោមព័ទ្ធសមត្ថកិច្ច ប៉ុន្តែ ហេតុការណ៍នោះ មិនបណ្តាល់អោយប្រជាពលរដ្ឋណាម្នាក់ រងបួសនោះឡើយ។ លោក ប៊ុន សុធី បានសំណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ អោយចូលរួមអនុវត្តច្បាប់ និងធ្វើការតវ៉ាដោយសន្តិវិធី ប្រសិន បើមានករណីណាដែលមិនឯកភាព។ ចំពោះប្រជាពលរដ្ឋ ២នាក់ ដែលបានឃាត់ខ្លួនក្នុងការផ្ទុះអំពើហឹង្សា មកលើសមត្ថកិច្ចនោះ ត្រូវបានដោះលែងទៅវិញហើយដែរ៕

 

Loading...