ប្រជាពលរដ្ឋស្នាក់នៅក្រោមស្ពានអាកាសស្ទឹងមានបណ្តោះអាសន្នចំនួន៦១គ្រួសារ បានប្ដូរទៅរស់នៅ លើដីកម្មសិទ្ធិស្របច្បាប់របស់ខ្លួន តាមប្រឡាយស្ទឹងមានជ័យវិញហើយ 

(ភ្នំពេញ)៖ប្រជាពលរដ្ឋដែលស្នាក់នៅបណ្តោះអាសន្នក្រោមស្ពានអាកាសស្ទឹងមានជ័យចំនួន៦១គ្រួសារ ពេលនេះពួកគាត់ បានវិញត្រឡប់ទៅរស់នៅលើដីកម្មសិទ្ធិស្របច្បាប់ ស្របតាមប្រឡាយស្ទឹងមានជ័យវិញហើយ ។នេះបើតាមការបញ្ជាក់ របស់លោក មាន ចាន់យ៉ាដាអភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២០នេះ ដោយមានការណែនាំពី លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។

លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា គិតមកដល់ពេលនេះ ក្នុងចំណោមប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានអាកាសស្ទឹងមានជ័យបណ្តោះអាសន្នទាំងអស់ចំនួន១៥៣គ្រួសារ គឺមានចំនួន៦១គ្រួសារហើយបានប្ដូរទៅរស់នៅលើដីកម្មសិទ្ធិស្របច្បាប់នៅតាមប្រឡាយស្ទឹងមានជ័យវិញ ។ លោកបន្តថា គម្រោងនាពេលឆាប់ៗខាងមុខនេះ ពួកគាត់នឹងចាកចេញពីក្រោមស្ពានអាកាសនេះ ទាំងអស់គ្នា ហើយវិលត្រឡប់ទៅរស់នៅលើដីដែលជាកម្មសិទ្ធិស្របច្បាប់ តាមប្រឡាយស្ទឹងមានជ័យ ខណៈដែលការដ្ឋានស្ថាបនា ដោយបុកស៊ីផាយនិងស្ថាបនាផ្លូវអមសងខាងប្រឡាយស្ទឹងមានជ័យបានបញ្ជាក់រួចរាល់ហើយដែរ ។

គួររំលឹកថា កាលពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០កន្លងទៅ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាទិន្នន័យមូលដ្ឋាននៃសហគមន៍ នៅតាមប្រឡាយស្ទឹងមានជ័យនិងការរៀបចំយុទ្ធសាស្ត្រស្វែងរកការគាំទ្រមតិ លើវិស័យរៀបចំផែនការ នគររូបបនីយកម្មនឹងការគ្រប់គ្រងដីធ្លី លោកបានថ្លែងជំរុញឲ្យក្រុមការងារពន្លឿន ការស្ថាបនាប្រឡាយស្ទឹងមានជ័យនេះឲ្យបានឆាប់រួចរាល់ ដើម្បីឲ្យប្រជាពលរដ្ឋ ដែលរស់នៅបណ្តោះអាសន្ន ក្រោមស្ពានអាកាសនេះឆាប់បានទៅរស់នៅលើដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់វិញ។ ក្រោមការប្រទានកម្មពីប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

Loading...