ប្រជាពលរដ្ឋស្នើរដល់អាជ្ញាធរនិងមន្ត្រីជំនាញជួយពន្លឿនជួសជុលផ្លូវដែលកំពុងរងការខូតខាត

(បាត់ដំបង) ៖ ផ្លូវអ៊ុតកៅស៊ូមួយខ្សែស្របតាមបណ្តោយស្ទឹងសង្កែចំណុចគល់ស្ពានវត្តគរត្រើយខាងកើត ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ បាននិងកំពុងរងការបាក់ស្រុតខូតខាតធ្ងន់ធ្ងរខ្លាំង ប្រវែងជិត ២០០ម៉ែត្រ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកនិងបណ្តាលអោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ផងដែរ ។ ប៉ុន្តែខាងអាជ្ញាធរនិងមន្ត្រីជំនាញហាក់ទុកចោលមិនមានការជួសជុលកែលម្អឡើងវិញសោះ ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ នៃខេត្តបាត់ដំបង បានស្នើរទៅដល់អាជ្ញាធរនិងមន្ត្រីជំនាញ សូមជួយពន្លឿន ការជួសជុលផ្លូវដែលបានបាក់ស្រុតរងការខូតខាតជាច្រើនឆ្នាំដោយពិបាកក្នុងការធ្វើដំណើរទៅមក។ ការសំណូមពររបស់ប្រជាពលរដ្ ខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។

ប្រជាពលរដ្ឋលើកឡើងថា ផ្លូវមួយខ្សែនេះ មានសារសំខាន់ខ្លាំងណាស់ប្រៀបដូចជាសសៃឈាម ដែលប្រជាពលរដ្ឋមកពីគ្រប់ទិសទី ពិសេសអ្នកភូមិវត្តតាមិមនេះតែម្តង ត្រូវធ្វើដំណើឆ្លងកាត់និងដឹកកសិផលយកទៅលក់ ប៉ុន្តែផ្លូវបាន រងការខូតខ្លាំងរយៈពេល០៥ឆ្នាំមកហើយ ពោលចាប់តាំង ពីថ្ងៃផ្តើមសាងសង់ធ្វើស្ពានវត្តគរមកម្លេះ។ រយ:ពេលកន្លងមកសង្គេតឃើញថា មានការយកចិត្តទុកដាក់ពីខាងមន្ត្រីជំនាញនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តដែរ ប៉ុន្តែហាក់ទប់មិនជាប់សោះ គឺផ្លូវនីតែបន្តបាក់ស្រុត ជាហូរហែដដែល ។

ពលរដ្ឋ បានសំណូមពរទៅដល់ អភិបាលខេត្តបាត់ដំបង និង មន្ទីរជំនាញ នៃក្រសួង សាធារណៈការនិងដឹកជញ្ជូនជួយពន្លឿន ការជួសជុលកែលម្អផ្លូវនេះឡើងវិញ ព្រោះពួកគាត់កំពុងជួបការលំបាកខ្លាំងក្នុងការបើកបរ ចេញចូលផ្ទះដោយសារផ្លូវបាក់រួមតូច។

ជាការឆ្លើយតប របស់ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបង លោក ចាន់ សំបូរ បានបញ្ជាក់ថា “អាហ្នឹងបើផ្លូវវាអញ្ចឹងឲ្យយើងធ្វើម៉េច ហើយយើងមិនចង់ឲ្យអញ្ចឹងទេ ការងាររាល់ថ្ងៃយើងធ្វើតែអាទឹកជំនន់ដែលបំផ្លាញឱ្យចប់ឡើងវិញស្ទើរធ្លាក់ខោហើយ ” ។
លោកបន្តថា រឿងហ្នឹងលោកបានដាក់ចូលក្នុងផែនការហើយ ដោយយើងមិនអាចយកលុយទៅធ្វើដូចមុនបានទេទាល់តែយើងឡើងផែនការបីឆ្នាំរំកិល ហើយបើក្រសួងមិនឱ្យលុយក៏យើងមិនដឹងបានលុយពីណាយកមកធ្វើដែរ ៕

Loading...