ប្រជាពលរដ្ឋស្រុកស្អាង រង់ចាំមើលចំណាត់ការ របស់គណកម្មការចំរុះដោះស្រាយទំនាស់ដីឃ្លី

ខេត្តកណ្តាល ៖ បន្ទាប់ពីផ្ទុះរឿងទំនាស់ដីធ្លីដោយប្រជាពលរដ្ឋចំនួន៣ឃុំគឹឃុំរកាខ្ពស់ ឃុំស្អាងភ្នំ និងឃុំព្រែកគយ ដោយពួកគាត់បានចោទប្រកាន់ថា លោក វ៉ិត សុធារិទ្ធ ដែលនាយរងខណ្ឌជលផលខេត្តកណ្តាល បានទន្ទ្រានចូលដីបឹងក្អួកជាដីបឹងរដ្ឋដែលពួកគាត់ធ្លាប់អាស្រ័យផលតាំងពីជីដូនជីតាគាត់មកម្ល៉េះ ទើបអាជ្ញាធរបានបង្កើតគណកម្មការចំរុះមួយចុះទៅពិនិត្យមើលនិងដោះស្រាយជូនប្រជាពល រដ្ឋផងដែរ ដោយគណកម្មការបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថាលោកនិងពិនិត្យមើលប្លង់សិន បើប្លង់ដីបឹងត្រឹមណាគឺត្រូវប្រគល់ទៅឲ្យប្រជាពលរដ្ឋប្រើប្រាស់វិញ រីឯដីលោក វ៉ិត សុធារិទ្ធ បានទិញពីប្រជាពលរដ្ឋត្រឹមណាស្ថិតនៅក្នុងប្លង់កំណត់គឺត្រូវប្រគល់ទៅឲ្យលោកទៅតាមប្លង់កំណត់ ប៉ុន្តែប្រជាពលរដ្ឋបានបញ្ជាក់ថា បឹងក្អួកនេះកាលពីដើមឡើយមានចំនួន១៨ហិចតា ប៉ុន្តែលោក ញ៉ែម វន្ថា ជាអភិបាលរងស្រុកស្អាងទទួលបន្ទុកបង្ក្រាបបទល្មើសនិងជាប្រធានគណកម្មការចំរុះចុះទៅពិនិត្យដីបឹងទំនាស់នោះបាននិយាយថា ចំពោះទំហំដីបឹងគឺលោកមិនអាចនិយាយថាប៉ុន្មានបានទេ ដោយលោកបញ្ជាក់ថារង់ចាំមើលផ្ទៀងផ្ទាត់ប្លង់ដោយបឹងនេះមានប្លង់ត្រឹមត្រូវនោះទេ ។ ការអញ្ជើញទៅនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១ខែតុលា ឆ្នាំ២០១៥ស្ថិតនៅក្នុងបឹងក្អួក ភូមិត្រពាំងឈូក ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

ប្រជាពលរដ្ឋទាំងជាង៥០០គ្រួសារនោះបាននិយាយនៅមុខគណកម្មការចំរុះថា ពួកគាត់ទាំងអស់គ្នាទាមទារយកតែដីបឹងមកវិញនោះទេ ដែលជាសម្បត្តិសាធារណះដើម្បីពួកគាត់ បានអាស្រ័យផលពីបឹងនេះជាបន្តទៀត ដោយនេសាទត្រី និងទាញយកទឹកទៅស្រោចស្រពដំណាំកសិកម្មនារដូវប្រាំងនិងវស្សារ ចំណែកឯដីដែលលោក វ៉ិត សុធារិទ្ធ បានទិញពីប្រជាពលរដ្ឋត្រឹមត្រូវនោះគឺសូមឲ្យគាត់យកតែចំណែកនោះទៅ។ ជាមួយគ្នានោះដែរលោក វ៉ិត សុធារិទ្ធ បានឆ្លើយតបទៅនិងប្រជាពលរដ្ឋថា លោកប្រគល់ដីបឹងទៅឲ្យរដ្ឋវិញបើពិនិត្យឃើញថា ដីបឹងត្រឹមណា ហើយលោកក៏សុំថ្លែងអំណរគុណដែលប្រជាពលរដ្ឋក្លាហាននិងតស៊ូមតិដើម្បីរក្សារសម្បត្តិរដ្ឋឲ្យគង់វង្ស ។

ចំណែកលោក ញ៉ែម វន្ថា អភិបាលរងទទួលបន្ទុកបង្ក្រាបបទល្មើសនោះបាននិយាយថា លោកដឹកនាំកម្លាំងចុះមកនេះ គឺមិនមានកាន់ភាគីខាងណានោះទេ គឺលោកមកដំណោះស្រាយជូនភាគីទាំងសង្ខាង ដោយមិនថាភាគីណាខុសភាគីណាត្រូវនោះទេ ហើយចំពោះដីទំនាស់នេះទាល់តែគណកម្មការចំរុះផ្ទៀងផ្ទាត់ប្លង់សិន តើវាប៉ះពាល់ត្រឹមណា បើពិនិត្យទៅឃើញនោះគឺយើងនិងកាត់មកចូលដីបឹងរដ្ឋវិញ ។

ដោយឡែកលោក វ៉ិត សុធារិទ្ធ បានផ្តល់បទសម្ភាសជាមួយអ្នកយកព័ត៌មានថា ចំពោះដីលោកបានទិញពីប្រជាពលរដ្ឋនាពេលកន្លងមកគឺលោកបានទិញពីប្រជាពលរដ្ឋចំនួនពីរម្ចាស់គឺមានទំហំដីតែជាង១ហិចតានោះទេ។

ជាមួយគ្នានោះដែរប្រជាពលរដ្ឋបានបញ្ជាក់ថា ដីបឹងទំនាស់នេះពីមុនមានចំនួន១៨ហិចតា ប៉ុន្តែបន្ទាប់ពីលោក វ៉ិត សុធារិទ្ធ ចូលមកទន្ទ្រាននោះគឺនៅរួមកាន់តែតូចៗទៅបើតាមការស្មាននៅប្រហែលជា៤ទៅ៥ហិចតាតែប៉ុណ្ណោះ ដូច្នេះពួកគាត់រង់ចាំមើលចំណាត់ការរបស់គណកម្មការចំរុះដោះស្រាយជូនពួកគាត់បានសមរម្យឬយ៉ាងណា៕

01-10-2015d59421 d59422 d59423

Loading...

Leave a Reply

Your email address will not be published. Required fields are marked *