ប្រជាពលរដ្ឋ៣៦៣គ្រួសារនៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងទទួលនូវការឧបត្ថម្ភអំណោយពីប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានសង្កាត់បឹងទំពុនទី១

ភ្នំពេញ៖ ​ប្រជាពលរដ្ឋចំនួន៣៦៣គ្រួសារនៅក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងកន្លងមកបង្កឱ្យរងផលប៉ះពាល់លំនៅឋាន និងទ្រព្យសម្បត្តិទទួលបាននូវការសាកសួរសុខទុក្ខដោយឧបត្ថម្ភជាអំណោយនិងថវិកាមួយចំនួនពីសំណាក់ឯកឧត្តម ស ថេតប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានសង្កាត់បឹងទំពុនទី១ សម្រាប់ចូលរួមដោះស្រាយការលំបាកក្នុងជីវភាព។ពិធីសំណេះសំណាលសាកសួរសុខទុក្ខបានធ្វើឡើងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានវត្តក្រុមការងារចុះពង្រឹងតាមភូមិទាំង១១ក្នុងសង្កាត់បឹងទំពុនទី១ និង អាជ្ញាធរមូលដ្ឋាននោះផងដែរ។

​ក្នុងឱកាសនោះឯកឧត្តម ស ថេត បានមានប្រសាសន៍ចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់បង្កឱ្យរងផលលំបាកនិងបង្កប៉ះពាល់ជីវភាពប្រចាំថ្ងៃ។នេះជាគ្រោះធម្មជាតិដែលមិនអាចទប់ស្កាត់បាននោះឡើយ។ប៉ុន្តែអ្វីដែលជាការឆ្លើយតបនៅពេលនោះគឺអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចចម្រុះ បានខិតខំប្រឹងប្រែងជួយសង្រ្គោះប្រជាពលរដ្ឋ ដោយបញ្ចៀសបានគ្មានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយទឹកជំនន់នេះទេ ។ជាងនេះថែមទៀតក៏បានយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធររាជធានីភ្នំពេញ កាកបាទក្រហមកម្ពុជា ក៏ដូចជាក្រុមការងារចុះពង្រឹងមូលដ្ឋានខិតខំជួយដោះស្រាយរកកន្លែងទីទួលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្ននិងក៏បានឧបត្ថម្ភអំណោយសង្រ្គោះជាបន្តបន្ទាប់ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅពេលនោះ។

​ឯកឧត្តមប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានសង្កាត់បឹងទំពុនទី១​ ក៏បាលើកទឹកចិត្តប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីបង្កើនជីវភាព។ក្រុមការងារចុះពង្រឹងមូលដ្ឋានសង្កាត់បឹងទំពុនទី១ ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅតែបន្តជួយឧបត្ថម្ភគាំទ្រប្រជាពលរដ្ឋដែលជួបបញ្ហាលំបាកក្នុងជីភាពជាបន្តបន្ទាប់ទៀតដោយមិនបោះបង់បងប្អូនចោលនោះទេ។ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជាដើម្បីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែរីកចម្រើននិងក៏បានរំលឹកប្រជាពលរដ្ឋបន្តចូលរួមអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឱ្យខ្ជាប់ខ្ជួនដើម្បីចូលរួមបង្ការទប់ស្កាត់កុំឱ្យជំងឺឆ្លងកូវីដ១៩រីករាលដាលដល់សហគមន៍។

​នៅក្នុងពិធីនេះប្រជាពលរដ្ឋក៏បានលើកឡើងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះពង្រឹងមូលដ្ឋានសង្កាត់បឹងទំពុនទី១ ដែលក្នុងអំឡុងប្រជាពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់ បានមកជួយសង្រ្គោះក៏ដូចជាឧបត្ថម្ភនូវអំណោយដើម្បីដោះស្រាយបញ្ហាលំបាក។ការជន់លិចដោយទឹកជំនន់ទឹកភ្លៀងគឺបង្កឱ្យលិចផ្ទះសំបែង និងប៉ះពាល់ជីវភាពធ្វើឱ្យប្រជាពលរដ្ឋប្រឈមការលំបាកជាខ្លាំងនៅពេលនោះ។

​សូមបញ្ជាក់ថានេះជាលើកទី២ហើយដែលក្រុមការងារចុះពង្រឹងមូលដ្ឋានសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឧបត្ថម្ភនូវអំណោយជូនប្រជាពលរដ្ឋសរុប៥៧៩គ្រួសារក្នុងនោះលើកទី១ផ្តល់ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺឆ្លងកូវីដ១៩ចំនួន២១៦គ្រួសារនិងលើកទី២ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង៣៦៣គ្រួសារ៕

 

Loading...