ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ប្តឹង​ម្ចាស់​ចិញ្ចឹម​ក្រពើ ស្តុក​ជ្រូក​ជះក្លិន​ស្អុយ និងបង្កសម្លេង​រំខាន​ពេលយប់

បាត់ដំបងៈ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​​ជុំវិញ​កន្លែង​ចិញ្ចឹម​ក្រពើ និង​ស្តុក​ជ្រូក​នៅ​ភូមិ​រំចេក​៣ ​សង្កាត់​រតនៈ ក្រុង​បាត់ដំបង បានដាក់​ពាក្យបណ្តឹង​ប្តឹង​ម្ចាស់​ចិញ្ចឹម​ក្រពើ និង​ស្តុក​ជ្រូក​រស់​ជាច្រើន​ក្បាល ទៅ​ចៅសង្កាត់​រតនៈ និង​សាលាក្រុង​ដែលមាន​ម្ចាស់​ឈ្មោះ​វង្ស ឃឿ​ង (​ឪពុក​) និង​កូន​ឈ្មោះ​វង្ស ច័ន្ទ​ឡាយ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ បាន​ជះក្លិន​ស្អុយ នៃ​លាមក ទឹកនោម​ជ្រូក និង​រំខាន​ដោយ​សម្លេង​ជ្រូក​ស្រែក​ពេលយប់​​មិនអាច​ដេក​ពួន​បាន ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​មនុស្ស​ចាស់ជរា ដែលមាន​ជំងឺ​ទឹកនោម​ផ្អែម និង​ស្ត្រី​ដែល​ទើប​សម្រាលកូន​រួច​។​

​លោក​តាំង សុភាព អាយុ​៤៦​ឆ្នាំ និង​លោក​សាក់ ម៉េង​ឡូត អាយុ​៣៦​ឆ្នាំ រស់នៅ​ជាប់​ស្តង់​ស្តុក​ជ្រូក តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១​ថា ពួកគាត់​បានដាក់​ពាក្យ​បណ្តឹង​ទៅ​ចៅសង្កាត់​រតនៈ និង​សាលាក្រុង​បាត់ដំបង​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​កន្លែង​ចិញ្ចឹម​ក្រពើ និង​ស្តុក​ជ្រូក​រស់​របស់​ឪពុក និង​កូន​ដែល​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​ដោយសារ​ជះក្លិន​ស្អុយ​លាមក​ជ្រូក ទឹក​នោម​ជ្រូក ពិសេស​រំខាន​ការ​ដេក​ពួន ដោយ​ម្ចាស់​ស្តង់​នេះ​ដឹក​ជ្រូក​មក​ស្តុក​ទុក​តែ​ពេលយប់​ហើយ​សម្លេង​ជ្រូក​ស្រែក​លាន់ឮ​ទ្រហឹង​។​

​តំណាង​ប្រជាពលរដ្ឋ​បាន​បន្តថា ចំពោះ​ពាក្យបណ្តឹង​នេះ ធ្វើ​នៅ​សាលាសង្កាត់​ម្តង និង​ធ្វើ​នៅ​សាលាក្រុង​ម្តង​ហើយ ខាង​ការិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ក៍​ចួ​ល​រួម​ដោះស្រាយ​ដែរ ប៉ុន្តែ​នៅតែ​ជះក្លិន​ស្អុយ និង​បង្ក​ការរំខាន​ដល់​ការរស់នៅ​របស់​ពួកគាត់​ដដែល​។ ពួកគាត់​សំណូមពរ​សុំ​ឲ្យ​អាជ្ញា​ធរ​គ្រប់លំដាប់​ថ្នាក់​ជួយ​អន្តរាគមន៍​សុំ​ឲ្យ​ម្ចាស់​ស្តុក​ជ្រូក​រើ​ទៅ​ក្រៅ​ក្រុង ព្រោះ​ស្តង់​នេះ​សង់​នៅ​កណ្តាល​ក្រុង​តែម្តង ដែល​តែងតែ​ជះក្លិន​ស្អុយ​ដល់​អ្នករស់នៅ​ជុំវិញ​កន្លែង​នេះ ប៉ុន្តែ​ម្ចាស់​ស្តង់​មិន​ព្រម ទើប​មានការ​ប្តឹងផ្តល់​គ្នា​ជាង​១​ឆ្នាំ ហើយ​នៅតែ​ដោះស្រាយ​មិន​ចេញ​។​

​ចំណែក​លោក លាង វាសនា អភិបាលក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា​ពាក្យបណ្តឹង​នេះ ត្រូវបាន​ចៅសង្កាត់​រតនៈ និង​សាលាក្រុង​ធ្លាប់​ហៅ​ភាគី​ទាំងសងខាង​មក​សម្រុះសម្រួល​គ្នា និង​ធ្វើ​កិច្ចសន្យា​រួចហើយ ប៉ុន្តែ​នៅតែ​មិន​ត្រូវរ៉ូវ​គ្នា​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ទេ​។ បើ​នៅ​​តែ​មិន​ឯកភាពគ្នា​ទៀត​លោក​នឹងធ្វើ​របាយកាណ៍​ជូនទៅ​លោក​អភិ​បាលខេត្ត​ជា​អ្នកដោះស្រាយ​បន្ត​។​

​ដោយឡែក​លោក ប៉ែន សេដ្ឋា ប្រធានការិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត បាន​ឲ្យ​ដឹងថា​ម្ចាស់​
​ដី​ដែល​ត្រូវ​ប្រជាពលរដ្ឋ​ប្តឹង​មិនមែនជា​ស្តង់​ចិញ្ចឹម​ជ្រូក​ទេ គឺ​គាត់​ចិញ្ចឹម​ក្រពើ​ឯកជន តែ​ដោយ​ដី​គាត់​ធំ​ហើយ​
​រកស៊ី​ចែកចាយ​ជ្រូក​ឲ្យ​ម៉ូយ និង​សត្តឃាតដ្ឋាន​ផង​។ ពេល​ជ្រូក​នៅសល់​ដែល​ដឹក​ពី​ថៃ ពី​អូរ​ស្មាច់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៍​ស្តុក​ទុក​នៅទីនេះ ទើប​មាន​ប្រជាពលរដ្ឋ​ប្តឹង​ថា​៖ ទី​១.​ប៉ះពាល់​ក្លិនស្អុយ គ្មាន​អនាម័យ និង​ទី​២.​រំខាន​ការ​ដេក​ពួន​ពេលយប់​ដោយ​សម្លេង​ជ្រូក​ស្រែក​។​

​លោក​ប្រធានការិយាល័យ​បាន​បញ្ជាក់ថា ករណី​ប្តឹង​​ផ្តល់​គ្នា​នេះ ចៅសង្កាត់​បាន​ហៅ​ភាគី​ទាំងសងខាង​មក​សម្រុះសម្រួល​គ្នា ព្រមទាំង​ធ្វើ​កិច្ច​សន្យាថា​ឈប់​ដឹក​ជ្រូក​មក​ពេលយប់​រំខាន​ការ​ដេក​ពួន​របស់​ប្រជាពលរដ្ឋ​ជិតខាង​។ ចំណែក​រូបលោក​ក៍បាន​ចាត់តាំង​មន្ត្រី​ជំនាញ​ឲ្យ​ទៅ​ចូលរួម​ណែនាំ​អំពី​បញ្ហា​អនាម័យ​កាត់បន្ថយ​ក្លិនស្អុយ ព្រមទាំង​ជួយ​បាញ់ថ្នាំ​សម្លាប់​មេរោគ​បន្ថយ​ក្លិនស្អុយ និង​ចែក​ថ្នាំ​ឲ្យ​ថែមទៀត​។​

​ដោយឡែក លោក វង្ស ច័ន្ទ​ឡាយ បាន​និយាយថា​គាត់​ទិញ​ជ្រូក​ក្នុងស្រុក (​ក្រុមហ៊ុន​ស៊ី​ភី​) មិនមាន​នាំចូល​ពី​ប្រទេស​ជិត​ខា​ទេ គឺ​ខុសពី​ការរាយការណ៍​របស់លោក​ប្រធានការិយាល័យ​ជំនាញ ហើយ​មិនបាន​បញ្ជាក់ថា​ក្នុង​ឆ្នាំ​២០២០​កន្លងមក​ដឹក​ជ្រូក​ចូល​ប៉ុន្មាន​លើក​ទេ​។ តែ​ក្នុង​ឆ្នាំ​២០២១ ក្នុងសម័យ​កូ​វីដ​ទើបតែ​ដឹក​ជ្រូក​បាន​២​ដង​ប៉ុណ្ណោះ​។ ចំពោះ​កន្លែង​ស្តុក​ជ្រូក​សល់​ពី​លក់​ឲ្យ​ម៉ូយ​គាត់ បានធ្វើ​ជញ្ជាំង​ស​ង្ក័​សី​កំពស់​៣​ម៉ែត្រ​ទៅលើ និង​បាំង​ស្បៃ​នីឡុង​ពី​ក្រៅ​ថែម​ទៀតផង​៕​

Loading...