ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ព្រៃឈើ​ដែល​នៅ​ខាងក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ កំពុង​ប្រឈម​នឹង​ការបំផ្លាញ

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ព្រៃឈើ​ដែល​នៅ​ខាងក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​តំបន់​ក្បែរ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ និង​បក្ខពួក​ឈ្មោះ សាន ច​យ នៅតែ​អាចធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។ ជាពិសេស​ក្នុងខណៈដែល​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាប់រវល់​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ពីថ្ងៃ​ទី​០៧​ដល់​ថ្ងៃទី​២៧ ខែកក្កដា កន្លងទៅ​ថ្មីៗ​នេះ​គឺ​ឈ្មួញ​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សេសា​ន យ៉ាង​គឃ្លើន​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រភពពី​កម្មករ​ធ្វើការ​ងារ​នៅ​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ បាន​បង្ហើប​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ​ពួកគេ​បានឃើញ​រថយន្ត​យី​ឌុប​៥​គ្រឿង​ដឹកឈើ​មូល​រាប់រយ​ម៉ែត្រគូប​ចេញពី​ឃ្លាំង​ស្តុក​ឈើ​នៅក្នុង​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ដែល​គរ​ទុក​ក្នុង​ឃ្លាំង​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ រាប់ពាន់​ម៉ែត្រគូប​ដូច​សព្វថ្ងៃនេះ គឺជា​ឈើ​ដែល​កាប់​មកពី​តំបន់​ការពារ​និង​តំបន់​អភិរក្ស​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ក្នុង​ខេត្តស្ទឹងត្រែង មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នោះទេ​ព្រោះ​គេ​ដឹងថា​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​។

​ប្រភពពី​កម្មករ​នៅក្នុង​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ព្រៃ​ការពារ ព្រៃ​អភិរក្ស ចូលទៅក្នុង​ទីតាំង​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ កំពុង​កើតឡើង​យ៉ាងគំហុក​។

ឈើ​ទាំងនោះ​ត្រូវបាន​គេ​អារច្រៀក​ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​ចំណុះ​ពី​៨០​តោន​ទៅ​១០០​តោន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ​។

ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន និង​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ននេះ​ឈ្មួញ​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នៅតែ​បន្តសកម្មភាព​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ពី​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តស្ទឹងត្រែង ក៏ដូចជា​ខេត្តក្រចេះ មិន​ហ៊ាន​ប៉ះពាល់​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នោះឡើយ​ព្រោះ​គេ​ដឹងថា​ខ្នងបង្អែក​របស់​ឧកញ៉ា ជ័យ គឺជា​អ្នកមាន​ឥទ្ធិពល​ខ្លាំង​ជាង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម​ទៅទៀត​៕

Loading...