ប្រជាសហគមន៍ការពារព្រៃឈើ បានប្រទះឃើញសត្វប្រើសដ៏ធំមួយក្បាល កំពុងជាប់អន្ទាក់ព្រានព្រៃ ពេលចុះល្បាតដែនជម្រកសត្វព្រៃ និងព្រៃឈើនៅក្នុងខេត្តព្រះវិហារ 

ខេត្តព្រះវិហារ៖ សត្វព្រៃ និងព្រៃឈើ នៅក្នុងខេត្តព្រះវិហារ ត្រូវគេមើលឃើញថា នៅតែរងការបរបាញ់ ដាក់អន្ទាក់ចាប់យក និងកាប់បំផ្លាញ ដឹកយកទៅធ្វើជំនួញឥតស្រាកស្រាននោះទេ បើទោះបីប្រជាសហគមន៍ការពារព្រៃឈើ និងសមត្ថកិច្ចប្រចាំមូលដ្ឋាន បានរួមគ្នាចុះល្បាត ដើម្បីទប់ស្កាត់ និងបង្ក្រាបជារឿយៗយ៉ាងណាក្តី។

បណ្តាញសហគមន៍ការពារព្រៃឈើ ខេត្តព្រះវិហារ បានរាយការណ៍ថា កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ប្រជាសហគមន៍ការពារព្រៃឈើ បានសហការណ៍រួមគ្នា ជាមួយមន្ត្រីបរិស្ថាន និងកម្លាំងប្រដាប់អាវុធខេត្តព្រះវិហារ ចុះល្បាតព្រៃឡង់ នៅតំបន់ក្បាលសាឡក ស្ថិតក្នុងភូមិភ្ញាក់រលឹក ឃុំធ្មៀរ ស្រុកជ័យសែន ហើយបានប្រទះឃើញសត្វប្រឺសដ៏ធំមួយក្បាល អាចនឹងមានទម្ងន់ជាង១០០គីឡូក្រាម ដែលបានជាប់អន្ទាក់របស់ក្រុមព្រានព្រៃ នៅកណ្តាលទ្រូងព្រៃ មានចម្ងាយពីភូមិដ្ឋានអ្នកស្រុក ប្រមាណជាង២០គីឡូម៉ែត្រ។

សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា សត្វប្រឺសដែលជាប់អន្ទាក់ព្រានព្រៃមួយក្បាលនោះ ជើងមុខឆ្វេងរបស់វាបានរងរបួសជាទម្ងន់ ដោយសារងកអន្ទាក់ទាក់ជាប់ ហើយនៅគ្រានោះ បណ្តាញសហគមន៍ការពារព្រៃឡង់ មន្ត្រីបរិស្ថាន និងកម្លាំងប្រដាប់អាវុធ បានរួមគ្នារិះរកវិធីជួយសង្គ្រោះ ដោះអន្ទាក់ព្រានចេញពីជើងប្រឺស ហើយបានព្រលែងសត្វប្រឺសនោះឲ្យទៅជួបជុំហ្វូងរបស់វា នៅក្នុងដែនព្រៃការពារនោះវិញហើយ និងនេះជាលើកទី៤ហើយដែរ ដែលសត្វប្រឺសជាប់អន្ទាក់ព្រាន និងត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

ប្រជាសហគមន៍ការពារព្រៃឡង់បានបន្តថា បន្ទាប់ពីដោះលែងសត្វប្រឺសដ៏ធំមួយក្បាល ឲ្យរួចជីវិតពីការតាមប្រមាញ់ ដាក់អន្ទាក់ចាប់យកពីព្រានព្រៃនោះរួចមក កម្លាំងប្រតិបត្តិការបានបន្តល្បាតរុករក និងប្រទះឃើញដើមច្បោះជ័រធំៗរាប់សិបដើម របស់ប្រជាពលរដ្ឋដែលបានអាស្រ័យផលរាប់ឆ្នាំមកហើយនោះ ត្រូវបានក្រុមឈ្មួញឈើកាត់ផ្តួល អារពុះជាចម្រៀកៗ និងជាសន្លឹកដ៏ច្រើនក្រាស់ក្រែល ត្រៀមដឹកជញ្ជូនចេញពីព្រៃការពាររបស់រដ្ឋ យកទៅលក់នៅក្នុងខេត្ត និងនៅខាងក្រៅខេត្តព្រះវិហារ។

លោកថា ដើមឈើច្បោះជ័រដែលឈ្មួញបានកាត់ផ្តួល ពុះ និងច្រៀករួចទាំងអស់នេះ ជាប្រភេទឈើទាល ឈើផ្តៀក និងឈើដួងចែម មានរាប់រយចម្រៀក និងសន្លឹក ហើយក៏មានដើមឈើមូលដែលគេកាត់ជាកង់ៗរួច ជាច្រើនដុំទៀតនោះផងដែរ។ ឈើទាំងអស់នេះ ត្រូវបានបណ្តាញសហគមន៍ការពារព្រៃឈើ ប្រគល់ទៅឲ្យមន្ត្រីបរិស្ថាន ដោយយកគោយន្តកន្ត្រៃ៥គ្រឿង មកដឹកជញ្ជូនយកទៅរក្សាទុក នៅស្នាក់ការបរិស្ថាន នៅក្នុងភូមិស្រែវាល ឃុំធ្មៀរ ស្រុកជ័យសែន ខេត្តព្រះវិហារ ចាត់ចែងទៅតាមនីតិវិធី។

បណ្តាញសហគមន៍ព្រៃឈើ បានសម្តែងការសោកស្តាយ ចំពោះការបាត់បង់ព្រៃឈើ និងសត្វព្រៃ ដែលឈ្មួញឈើ និងព្រានព្រៃ នៅតែបន្តកាប់បំផ្លាញ បរបាញ់ និងដាក់អន្ទាក់ចាប់យកទៅលក់ ដោយគ្មានក្រែងរអែងនឹងច្បាប់ ដាក់ទោសទណ្ឌបន្តិចណាសោះ។

គួរបញ្ជាក់ថា ជុំវិញការចូលលបលួចកាប់បំផ្លាញព្រៃឈើ និងការបរបាញ់ ចាប់សត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃ និងព្រៃឈើ ក្នុងខេត្តព្រះវិហារនោះ នៅរយះកាលកន្លងមក អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានដាក់វិធានការដល់អាជ្ញាធរ និងកងកម្លាំងប្រចាំមូលដ្ឋាន ឲ្យរួមគ្នាបន្តចុះទប់ស្កាត់ បង្ក្រាប និងត្រូវចាប់ខ្លួនជនល្មើស យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ដើម្បីការពារធនធានធម្មជាតិ នៅក្នុងដែនដីនេះឲ្យនៅគង់វង្ស ដោយអនុវត្តទៅតាមសារាចរណ៍ណែនាំ និងបទបញ្ជា របស់សម្តេចតេជោ សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែ ការដាក់ចេញនូវវិធានការ និងចំណាត់ការនោះ រហូតមកទល់នឹងពេលនេះ គេនៅតែសង្កេតឃើញថា នៅមិនមានប្រសិទ្ធិភាពនៅឡើយទេ៕

Loading...