ប្រជុំរៀបចំផែនការបើកការដ្ឋានសម្ពោធផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបក្រោមអធិបតីភាពសម្តេចតេជោ

ខេត្តសៀមរាប,/ពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។

ថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធទាំងអស់ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំបើកការដ្ឋានស្ថាបនាផ្លូវ៣៨ខ្សែ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ។

ជាកិច្ចចាប់ផ្តើម សម្ដេចពិជ័យសេនា បានជំរុញលើកទឹកចិត្តឲ្យសមាជិកសមាជិកានៃគណៈកម្មការអន្តរក្រសួងពាក់ព័ន្ធទាំងអស់ចូលរួមផ្ដល់មតិយោបល់ទាក់ទងនឹងការសិក្សាប្លង់ស្ថាបត្យកម្មលម្អិតនៃ ខ្សែផ្លូវទាំង៣៨ខ្សែ ក៏ដូចជាការត្រៀមរៀបចំពិធីបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ឱ្យប្រព្រឹត្តទៅដោយរលូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ ដោយបានគូសបញ្ជាក់ថា៖ ក្រុមការងារអន្តរក្រសួងបានចុះពិនិត្យសិក្សាលម្អិតលក្ខណៈបច្ចេកទេសផ្លូវដែលត្រូវសាងសង់ បានពិនិត្យជ្រើសរើសរួចរាល់ខ្សែផ្លូវអាទិភាពដែលត្រូវសាងសង់ប្រវែងសរុបចំនួន១០៨គីឡូម៉ែត្រ បានពិភាក្សាលម្អិតលើការងារបច្ចេកទេសជាមួយអង្គភាពទទួលសាងសង់ បានតម្រូវឱ្យអង្គភាពសាងសង់អនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដារ បច្ចេកទេស បានធ្វើបញ្ជីប៉ាន់តម្លៃចប់សព្វគ្រប់ និងបានប្រគល់ជូនអង្គភាពសាងសង់រួចរាល់ហើយផងដែរ។

ជាមួយគ្នានេះផងដែរលោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា៖ អង្គភាពដែលទទួលយកការងារសាងសង់ផ្លូវទាំង៣៨ខ្សែនេះរួមមាន៖ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប កងវិស្វកម្ម១០៨ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាយកដ្ឋានជួសជុល និងថែទាំផ្លូវក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានសាធារណការ នាយកដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះត្រូវបានបែងចែកជាបួនប្រភេទ ក្នុងនោះ៖ ប្រភេទទីមួយចាក់បេតុងចំនួន២៥សង់ទីម៉ែត្រដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ប្រភេទទីពីរចាក់បេតុងចំនួន២០សង់ទីម៉ែត្រ និងកន្លែងខ្លះ៧សង់ទី ម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុង១៥សង់ទីម៉ែត្រពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។

លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំផងដែរថា៖ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គណៈកម្មការអន្តរក្រសួងមានសិទ្ធិបង្កើតក្រុមការងារបច្ចេកទេសសម្រាប់ដំណើរការរបស់ខ្លួនយោងតាមការចាំបាច់ ក្រៅពីនេះនឹងមានក្រុមការងារបច្ចេកទេសចំនួន៨កងទៀតប្រចាំការនៅខេត្តសៀមរាប ដើម្បីតាមដាន និងធ្វើរបាយការណ៍អំពីដំណើរការសាងសង់ ថាតើបានអនុវត្តស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកដែរឬយ៉ាងណា ក្នុងករណីអង្គភាពសាងសង់មិនគោរពតាមបទដ្ឋានបច្ចេកទេស នោះនឹងមិនត្រូវបានទូទាត់ប្រាក់ជូនឡើយ។

ជាមួយគ្នានេះផងដែរលោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អង្គប្រជុំទាំងមូល ជាពិសេសកងវិស្វកម្ម ក៏ដូចជាអង្គភាពទទួលម៉ៅការសាងសង់ទាំងអស់មេត្តាប្រមូលផ្ដុំកម្លាំង ឆន្ទៈ និងស្មារតីឲ្យបាន ច្រើនបន្ថែមទៀតតាមការចង្អុលបង្ហាញពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីទាក់ទងនឹងគម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប និងបានស្នើសុំការគាំទ្រ និងកិច្ចសហការល្អពីប្រជាពលរដ្ឋដើម្បីឱ្យគម្រោងនេះសម្រេចបានជោគជ័យតាមការគ្រោងទុក។

ជាទីបញ្ចប់ សម្ដេចសេនាពិជ័យ បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមការងារអន្តរក្រសួងដែលបានផ្តល់ធាតុចូលបន្ថែម ក៏ដូចជាបានបំពេញកិច្ចការរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវក្នុងគោលបំណងប្រែក្លាយខេត្តវប្បធម៌មួយនេះឱ្យមានភាពទាន់សម័យ អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ៕

 

 

Loading...